(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង អញ្ជើញជាអធិបតីបិទ សន្និបាតបូកសរុបលទ្ធផលការប្រចាំ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង។

ពិធីនេះបានរៀបចំឡើងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្តបាត់ដំបង, សមាជិករាជរដ្ឋាភិបាល, អ្នកតំណាងរាស្រ្ត, ប្រធានក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់, ប្រធានមន្ទីរអង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្តកងកម្លាំង, ក្រុមប្រឹក្សាឃុំនានា និងមន្រ្តីរាជការចូលរួមជាច្រើននាក់ទៀត។

អង្គសន្និបាតបានស្តាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត ដោយធ្វើការវាយតម្លៃខ្ពស់ ទៅលើសមិទ្ធផលជាច្រើនដែលខេត្តសម្រេចបាន ក្នុងឆ្នាំ២០២២នេះ ជាពិសេសការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈម និងដំណោះស្រាយនានាមួយចំនួន នៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងខេត្ត។

សន្និបាតឆ្នាំនេះ រដ្ឋបាលខេត្តបានធ្វើការប្រគល់ភារកិច្ចជូនអស់ លោកស្រីជាអភិបាលរងខេត្តឲ្យទទួលបន្ទុក ដឹកនាំកិច្ចប្រជុំពិភាក្សាធ្វើបទអន្តរាគមន៍លើប្រធានបទចំនួន៥ រួមមាន៖

ទី១៖ ការងារសន្តិសុខ សណ្តាប់ធ្លាប់សង្គម និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន, ទី២៖ ការគ្រប់គ្រងដែនការពារអភិរក្ស ធនធានធម្មជាតិ, ទី៣៖ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ, ទី៤៖ ការរៀបចំក្រុងបាត់ដំបងក្នុងការចូលរួមអនុវត្តគម្រោងទីក្រុងឆ្លាត (Smart City) និងទី៥៖ ការងារវឌ្ឍនភាព នៃការរៀបចំសោភណ័ភាព សណ្តាប់ធ្នាប់សាធារណៈតាមទីប្រជុំជនក្រុង ស្រុក។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានកោតសរសើរដល់រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការងាររបស់ខ្លួនក្នុងឆ្នាំ២០២២កន្លងទៅ បានលទ្ធផលល្អប្រសើរ និងជំរុញឲ្យយកចិត្តទុកដាក់ខិតខំធ្វើការងារទាំងផ្នែករដ្ឋបាល និងបន្តបម្រើប្រជាពលរដ្ឋក្នុងឆ្នាំ២០២៣ កាន់តែល្អប្រសើរឡើងថែមទៀត។

សម្ដេចក្រឡាហោម ស ខេង បានរលឹកដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ការងារមួយចំនួនទៀតនៅតាមមូលដ្ឋាន ដូចជា យកចិត្តទុកលើប្រជាការពារដោយ ជួយឧបត្ថម្ភជាសម្លៀកបំពាក់ និងថវិកា ដល់ពួកគាត់ក្នុងកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់តាមមូលដ្ឋាន ទោះគាត់មិនមានក្របខណ្ឌរដ្ឋក៏ដោយ តែគាត់បានជួយការងារសន្តិសុខមូលដ្ឋានបានច្រើនណាស់ ដោយមានកិច្ចសហការជាមួយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសង្កាត់ផងដែរ។

ការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនសំខាន់ណាស់ គឺបានជួយការងារច្រើនប្រសើរជាង ការបង្រ្កាបបទល្មើសគ្រឿងញៀន ដែលមាននៅក្នុងមូលដ្ឋាន។ ខណៈបញ្ហាគ្រោះថ្នាក់ចរាចរណ៍ យើងមានច្បាប់ថ្មីហើយ ចំពោះអ្នកបើកបរណាមានសារធារតុញៀនក្នុងខ្លួន ដែលពិនិត្យឃើញហើយ គែត្រូវដកប័ណ្ណបើកបរឈប់ឲ្យប្រើតែម្តង។

ក្នុងនោះសម្ដេចបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រោះថ្ងៃបោះឆ្នោតជិតដល់ ហើយពេលបោះឆ្នោតម្តងៗ ពលរដ្ឋយើងជៀសមិនផុតទេ ពីអត្តសញ្ញាណប័ណ្ណហួសកំណត់ តែមេឃុំអាចបញ្ជាក់ឲ្យបានបើមានឈ្មោះក្នុងបញ្ជីបោះឆ្នោតស្រាប់។

ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ការចេញ ចូល នៅតាមតំបន់ព្រំដែនរដ្ឋបាលក្រុង ស្រុក ត្រូវទប់ស្កាត់ ថែរក្សាបង្គោលព្រំដែន និងការឆ្លងដែនរបស់ប្រជាពលរដ្ឋឲ្យស្របច្បាប់។ ចលនាឲ្យប្រជាពលរដ្ឋបញ្ឈប់កុំឲ្យកាប់ រុករាន ទន្ទ្រានដីធ្លី ខុសច្បាប់ និងបន្តការដោះស្រាយទំនាស់វិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ បន្ថែមទៀតបានល្អប្រសើរ ធ្វើឲ្យថមថយពីទំនាស់ច្រើនថយចុះសល់តិច រហូតដល់អស់ទំនាស់។

បង្កើនការនាធ្វើវេទិកាសាធារណៈឲ្យបានញឹកញាប់បន្តទៀត នៅតាមមូលដ្ឋានជាមួយប្រជាពលរដ្ឋ ដើម្បីក្តាប់បានសំណូមពររបស់ពួកគាត់ រួចមកដោះស្រាយទាន់ពេល។ ការដោះស្រាយ និងសេវាសាធារណ:តាមការិយាល័យច្រកចេញ ចូលតែមួយ ក្នុងក្រុង ស្រុក ឃុំ សង្កាត់ មានការទាក់ទងអាត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ និងវិស័យផ្សេងៗទៀត ជូនដល់ពលរដ្ឋ៕