(ភ្នំពេញ)៖ ​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.) បានដឹកនាំកិច្ចប្រជុំលើកទី ២ ដើម្បីពិនិត្យ និងពិភាក្សាផ្តល់អនុសាសន៍លើ «សេចក្តីព្រាងរបាយការណ៍ដំណាក់កាលទី ២ នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង​» ​ដើម្បីឈានទៅសេចក្តីព្រាង «ផែនការមេ»នេះ ​​នៅពាក់កណ្តាលឆ្នាំ ២០២៣ តាមការគ្រោងទុក។

​កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដែលរៀបចំដោយវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (Urban Planning and Design Institute of Shenzhen) ហៅកាត់ថា UPDIS នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី​លោក លោកស្រី ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង​ ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក-សមាជិកា នៃគណៈកម្មាធិការសម្របសម្រួល អន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ។

បន្ទាប់ពីទទួលបានគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យចុះកិច្ចសន្យាជាមួយវិទ្យាស្ថាន UPDIS នូវសេវាកម្មរៀបចំ «ផែនការមេ» ជាផ្លូវការ កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២១​ ក្រុមការងារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារបច្ចេកទេសអន្តរក្រសួង បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេស ជាបន្តបន្ទាប់ជាមួយវិទ្យាស្ថាន UPDIS និងភាគីពាក់ព័ន្ធ ដើម្បីរៀបចំ «ផែនការមេ» ដែលមានគោលដៅ ដើម្បីប្រែក្លាយខេត្តព្រះសីហនុជា «ប៉ូលនៃការអភិវឌ្ឍថ្មី ជាទីក្រុងឆ្លាតវៃ មានការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជាទីក្រុងបៃតង ព្រមទាំងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្ម និងឡូជីស្ទីកដ៏រស់រវើកនៅក្នុងតំបន់អាស៊ាន ដើម្បីភ្ជាប់ខេត្តព្រះសីហនុទៅនឹងខ្សែច្រវ៉ាក់ផលិតកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក»។

​សេចក្តីព្រាងរបាយការណ៍«ផែនការមេ» ដំណាក់កាលទី ១ បានដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ លើកទី ១ កាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២២ កន្លងមក ។ បន្ទាប់ពីកិច្ចប្រជុំ គ.ស.ផ លើកទី ១, ក្រុមការងារបានធ្វើការកែសម្រួល ដោយធ្វើការពិភាក្សា និងសិក្សាផ្ទៀងផ្ទាត់ជាមួយក្រសួង​ ស្ថាប័នពាក់ព័ន្ធ លើចំណុចសំខាន់ៗ តាមការចង្អុលបង្ហាញរបស់អង្គប្រជុំ ហើយបានរៀបចំនូវសេចក្តីព្រាង«ផែនការមេ» ដំណាក់កាលទី ២ សម្រាប់កិច្ចប្រជុំ គ.ស.ផ. លើកទី ២ នាពេលនេះ ។

សេចក្តីព្រាងរបាយការណ៍ «ផែនការមេ» ដំណាក់កាលទី ២ រួមមាន៖ ១. ការអភិវឌ្ឍសេដ្ឋកិច្ច, ឧស្សាហកម្ម, និងការគ្រប់គ្រងដីឧស្សាហកម្ម, ២. ទីផ្សារកំលាំងពលកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ, ៣. គំរូអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, ៤. បរិក្ខារសាធារណៈ, ៥. មធ្យោបាយដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ, ៦. ទេសចរណ៍ និងជីវចម្រុះ, ៧. ការរស់នៅ និងសុខមាលភាព, ៨. ការរចនាទីក្រុង, ៩. ការគ្រប់គ្រងការប្រើប្រាស់ដី, ១០. ការគ្រប់គ្រងខ្សែក្រវ៉ាត់បៃតង, ១១. ក្របខ័ណ្ឌស្ថាប័ន, និង ១២. របាយការណ៍ផែនការសកម្មភាព។

ជាមួយគ្នានេះ​ អង្គប្រជុំបានសើ្នឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការរៀបចំក្របខណ្ឌស្ថាប័ន, យន្តការប្រើប្រាស់និងគ្រប់គ្រងដីធ្លី, ធនធានហិរញ្ញវត្ថុ, និងធនធានមនុស្ស ដែលជាកត្តាកំណត់ភាពជោគជ័យ នៃការអនុវត្តផែនការមេ ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ និងផ្តល់កិច្ចសហការពីថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេស ក្រុមការងារវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (UPDIS) ដែលបានខិតខំរៀបចំសេចក្ដីព្រាងរបាយការណ៍«ផែនការមេ» ដំណាក់កាលទី ២ នេះ និងបានណែនាំឱ្យក្រុមការងារ កែសម្រួលឯកសារនេះ ស្របតាមស្មារតីនៃកិច្ចប្រជុំ ដើម្បីធានាឱ្យមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ អាចអនុវត្តបាន និងបញ្ចប់តាមការគ្រោងទុក​៕