(ភ្នំពេញ)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការពិធីបើក និងបិទគណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានបន្តអំពាវនាវដល់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ និងអនុគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាអាស៊ានប៉ារ៉ាហ្គេម សហព័ន្ធកីឡា និងកីឡាជនពិការភាព កម្លាំងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ និងយុវជនស្ម័គ្រចិត្ត ចូលរួមអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ លិខិតបទដ្ឋានគតិយុត្តនានា និងសេចក្ដីណែនាំស្តីពីការអនុវត្តគោលការណ៍ «កីឡាគ្មានថ្នាំជក់» នៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជាឱ្យបានជោគជ័យ និងមានប្រសិទ្ធភាព។

លោក ហោ សារុន បានថ្លែងអំពាវនាវយ៉ាងដូចនេះ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ នាឱកាសអញ្ជើញជាអធិក្នុងពិធីបើកសិក្ខាសាលាស្តីពី«ដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ប្រកួត កីឡាគ្មានផ្សែងថ្នាំជក់ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងដោយមានការចូលរួមពីលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ហោ សារុន បានឱ្យដឹងទៀតថា ដើម្បីជំរុញការអនុវត្តតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋាននានា និងសេចក្ដីណែនាំស្តីពីការអនុវត្តគោលការណ៍ណែនាំ «កីឡាគ្មានថ្នាំជក់» នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្រុមការងារនឹងរៀបចំធ្វើបទបង្ហាញពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់ និងបញ្ហាដែលមានគ្រោះថ្នាក់មានទំហំធំធេងចំពោះសុខភាពសាធារណៈសង្គម និងសេដ្ឋកិច្ច និងការគិតគូរយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាលដែលជាស្ថាប័នជំនាញ រហូតដល់មានច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ អនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំនានា។

លោកបានបន្ថែមទៀតថា សម្រាប់ប្រទេសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ និងក្រោមកិច្ចខិតខំប្រឹងប្រែងរបស់លោកបណ្ឌិត ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.អ បានយកចិត្តទុកដាក់គិតគូរប្រកបដោយយុទ្ធសាស្ត្រដើម្បីទប់ទល់ និងកាត់បន្ថយផលប៉ះពាល់ពីផលិតផលថ្នាំជក់មកលើអត្តពលិក ក្រុមយុវជនស្ម័គ្រចិត្ត និងសមត្ថកិច្ចពាក់ព័ន្ធនានា កម្ពុជាក៏មានគំនិតផ្តួចផ្តើមដាក់ឱ្យអនុវត្តគោលការណ៍ស្ដីពី «កីឡាគ្មានថ្នាំជក់» នៅក្នុងប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នេះផងដែរ។

សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក ថ្នាំជក់បានសម្លាប់មនុស្សច្រើន ៨លាននាក់ជារៀងរាល់ឆ្នាំនៅលើពិភពលោក (ច្រើនជាងជំងឺរបេង មេរោគអេដស៍/ជំងឺអេដស៍ និងជំងឺគ្រុនចាញ់បូកបញ្ចូលគ្នា) រួមទាំង ១.២០០.០០០នាក់ទៀត ជាអ្នកមិនជក់ថ្នាំជក់ដែលរងនូវការស្រូបផ្សែងថ្នាំជក់ពីគេ។ ជាមធ្យមមានអ្នកជក់ថ្នាំជក់ចំនួន ២១.៩១៧នាក់ បានស្លាប់នៅលើពិភពលោកជារៀងរាល់ថ្ងៃ។ សម្រាប់ប្រជាជនកម្ពុជាចំនួន ១៥.០០០នាក់ស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺនានាដែលទាក់ទងនឹងថ្នាំជក់ និង៣៣% នៃករណីស្លាប់ទាំងនោះកើតឡើងក្នុងចំណោមអ្នកមានប្រាក់ចំណូលទាបបំផុត។

ផលប៉ះពាល់លើវិស័យសេដ្ឋកិច្ចចំនួន ១.៤ពាន់លានដុល្លាអាមេរិក ខាតបង់ជារៀងរាល់ឆ្នាំលើសេវាសុខាភិបាល និងកម្លាំងពលកម្ម និងការចំណាយលើថ្នាំជក់នៅប្រទេសកម្ពុជា ៦៦៣ លានដុល្លាជារៀងរាល់ឆ្នាំ ស្មើនឹង៣% នៃចំណូលជាតិ (GDP)របស់ប្រទេសកម្ពុជាផងដែរ៕