(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា ណែនាំដល់គ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន នាំសិស្សលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ទន្ទឹមនេះក្រសួងហាមលេងបាញ់ទឹក ជះទឹក និងលាបម្សៅ។

ក្រសួងបានគូសបញ្ជាក់ថា ការនាំសិស្សលេងល្បែង និងរបាំប្រជាប្រិយនេះ ដើម្បីចូល​រួម​អភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើនព្រមទាំងចៀសវាងគ្រោះថ្នាក់ផ្សេងៗ។

ក្នុងសេចក្តីណែនាំនេះ ក្រសួងបានណែនាំដល់គ្រឹះស្ថានអប់រំ ត្រូវបង្កលក្ខណៈឱ្យកុមារ សិស្សានុសិស្ស និងយុវជនលេងល្បែង និងរបាំប្រជាប្រិយខ្មែរនៅមុន និងក្នុងឱកាសបុណ្យ​ចូលឆ្នាំប្រពៃណីជាតិ ដូចជារបាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ។ល។ និងល្បែងប្រជាប្រិយ​ខ្មែរ​មួយចំនួន ដូចជាល្បែងបោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រជាដើម។

ក្រសួងក៏បានណែនាំដល់លោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ជួយជំរុញ​លើក​ទឹកចិត្ត និងសម្របសម្រួលឱ្យប្អូនៗកុមារ សិស្សានុសិស្ស និងយុវជន លេងល្បែង និងរបាំប្រជាប្រិយខ្មែរទាំងឡាយ ដូចក្នុងចំណុចទីមួយប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

ទន្ទឹមនេះ ក្រសួងបានណែនាំដល់គ្រឹះស្ថានអប់រំ ឱ្យហាមឃាត់ និងទប់ស្កាត់រាល់ល្បែង​ទាំង​ឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយចំនួនដែលប្រឈម​ហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជាដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅ។ល។

ក្រសួងក៏បានណែនាំឱ្យគ្រឹះស្ថានអប់រំសហការជិតស្និទ្ធជាមួយមាតាបិតា ឬអាណាព្យាបាល​សិស្ស សហគមន៍ អជ្ញាធរដែនដី ដើម្បីផ្ដល់ និងទទួលព័ត៌មានស្តីពីការលេងល្បែង​អសុវត្ថិភាព​ទាំងឡាយ​ទាំងក្នុង និងក្រៅគ្រឹះស្ថានសិក្សា ដើម្បីរួមគ្នាទប់ស្កាត់ និងដោះស្រាយបញ្ហាទាន់ពេលវេលា៕