(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោក សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ គណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាលបានចូលរួម «វេទិកាបក្សកុម្មុយនីស្តចិនក្នុងកិច្ចសន្ទនាជាមួយបណ្តាគណបក្សនយោបាយនៅលើពិភពលោក» ក្រោមប្រធានបទ «វិថីឆ្ពោះទៅរកទំនើបកម្ម៖ ទំនួលខុសត្រូវរបស់គណបក្សនយោបាយ» ដែលរៀបចំឡើងដោយក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន តាមប្រព័ន្ធវីដេអូ។

វេទិកានេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោកអគ្គលេខាធិការបក្ស ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សនយោបាយចំនួនប្រមាណជាង ១០០ សរុបប្រមាណជាង ៥០០ នាក់ នៅលើពិភពលោក។

លោក ស៊ី ជីនភីង បានលើកឡើងអំពីគោលនយោបាយទំនើបកម្មតាមបែបចិន និងបានណែនាំនូវទស្សនៈថ្មី «គំនិតផ្តួចផ្តើមអារ្យធម៌សកល» អំពាវនាវឲ្យមានការគោរពអារ្យធម៌គ្នាទៅវិញទៅមក និងដើម្បីពិពិធកម្មអារ្យធម៌ពិភពលោក។ បក្សកុម្មុយនីស្តចិនបានប្តេជ្ញាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាគណបក្សនយោបាយនៅលើពិភពលោក។ គំនិតផ្តួចផ្តើមអារ្យធម៌សកលនេះ ទទួលបានការសារទរពីប្រធានាធិបតី នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគណបក្សនយោបាយនានា ថាបានរួមចំណែកដល់ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

គណបក្សនយោបាយនៅលើពិភពលោក​បានបង្ហាញនូវស្មារតីសាមគ្គីភាព និងមិនចង់ឃើញការករកើត ឡើងវិញនូវសង្គ្រាមត្រជាក់ថ្មីទេ។ គណបក្សនយោបាយទាំងអស់ក្នុងកិច្ចសន្ទនារួបរួមគ្នាការពារយុត្តិធម៌ សមធម៌ និងសន្តិភាពពិភពលោក ដើម្បីជំរុញទំនើបកម្មតាមអារ្យធម៌នៃប្រទេសរៀងៗខ្លួន៕