(ភ្នំពេញ)៖ នាឱកាសចូលជួបសម្តែងការគួរសមជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ចាស្ទីន ខេវីន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីថា អូស្ត្រាលីប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។

ថ្លែងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលីបញ្ជាក់ថា «អូស្ត្រាលី បន្តកិច្ចសន្ទនាដោយការគោរព ឈរលើមូលដ្ឋានស្មើភាព និងអធិបតេយ្យភាព សម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ»

ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។ លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកដោយការថ្លែងអំណរគុណចំពោះជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្តល់ដល់កម្ពុជា គាំទ្រវិស័យនានា ដែលក្នុងនោះរួមមានវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ការដោះមីន ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងសុខាភិបាល រួមទាំងវ៉ាក់សាំងកូវីដ-១៩ ផងដែរ។ លោកឯកអគ្គរដ្ឋទូត ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា និងស្វែងរកកាលានុវត្តនានា ដើម្បីពង្រឹងភាពជាដៃគូ ក្នុងក្របខ័ណ្ឌអាស៊ាន-អូស្ត្រាលី។

លោកឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីអភិក្រមនានាក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ សុខាភិបាល កសិកម្ម សមភាពយេនឌ័រ ព្រមទាំងសន្តិសុខនិងការពារជាតិ។ ខណៈពេលដែលរដ្ឋាភិបាលអូស្ត្រាលីកំពុងរៀបចំ «យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍រហូតដល់ឆ្នាំ ២០៤០» លោកឯកអគ្គរដ្ឋទូតថ្មី មានបំណងលើកទឹកចិត្តឱ្យមានការវិនិយោគប្រកបដោយគុណភាព មកកាន់កម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានស្នើអូស្ត្រាលី បន្តជួយគាំទ្រការបោសសម្អាតគ្រាប់មីន ដើម្បីសម្រេចបាននូវគោលដៅកម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥។ ក្រសួងការបរទេសនៃប្រទេសទាំងពីរ ទន្ទឹងរង់ចាំ «កិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី» លើកទី ៤ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា នៅឆ្នាំ២០២៣ នេះ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់មួយចំនួនផងដែរ។ លោកឯកអគ្គរដ្ឋទូត បានកោតសរសើរកម្ពុជា ដែលបានបំពេញតួនាទីជាប្រធានអាស៊ាន កាលពីឆ្នាំមុន បានយ៉ាងល្អប្រសើរ និងបានរំលឹកដោយសេចក្តីអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលនាំឱ្យមានការដោះលែងសាស្ត្រាចារ្យអូស្ត្រាលី លោក Sean Turnell ពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ា កាលពីឆ្នាំមុន៕