(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្ទឹងសែន បានអញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី៤៦១នាក់ អញ្ជើញមកពី១៣ភូមិ ស្ថិតនៅសង្កាត់ស្រយ៉ូវ ក្រុងសែន ខេត្តកំពង់ធំ រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

លោក ងួន រតនៈ បានលើកឡើងពីគោលនយោបាយក្នុងការដឹកនាំប្រទេស និងគុណបំណាច់ដ៏មហាធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានសង្គ្រោះជាតិឲ្យរស់ឡើងវិញ រួចផុតពីរបបប្រល័យ ពូជសាសន៍ នាថ្ងៃ ៧ មករា ១៩៧៩ និងបានទប់ស្កាត់មិនឲ្យរបបដ៏យង់ឃ្នងនេះវិលត្រឡប់មកវិញ។

លោកថា គណបក្សប្រជាជនកម្ពុជា បានដណ្តើមមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង កិត្តិយសសេចក្ដីថ្លៃថ្នូរ និងលទ្ធិប្រជាធិបតេយ្យ ដែលបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍។ សម្រេចបានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ជាបន្តបន្ទាប់ ទាំងនៅថ្នាក់ជាតិ និងមូលដ្ឋានទាំងសកល និងអសកល។

លោកបានលើកទឹកចិត្តដល់សមាជិកសមាជិកាឱ្យយល់កាន់ច្បាស់ពីគណបក្សប្រជាជនកម្ពុជា ក្នុងការស្ដារខឿនសេដ្ឋកិច្ចសង្គមឡើងវិញជាជំហានៗ តាំងពីលេខសូន្យរហូតមានការរីកចម្រើនយ៉ាងខ្លាំងដូចបច្ចុប្បន្ន។

ចុងក្រោយលោកសង្ឃឹមថា សមាជិកថ្មីទាំងអស់នឹងចូលរួមទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗគ្នា៕