(សៀមរាប)៖ ទិវាបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជជោតញ្ញាណា ជួន ណាត និងជំនុំព្រះត្រៃបិដកខ្មែរ លើកទី១២ នឹងត្រូវរៀបចំឡើងនៅវត្តរាជបូណ៍ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប រយៈពេល២ថ្ងៃ នៅថ្ងៃទី១៦-១៧ខែមីនា។

ពិធីនេះដែរធ្វើឡើងលក្រោមវត្តមាន ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណា រាជគណៈថ្នាក់ទោ គណៈមហានិកាយ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ទៀ សីហា អភិបាលខេត្តសៀមរាប លោក លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុងសៀមរាប និងលោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងញាតិញោម ពុទ្ធបរិស័ទ សិស្សានុសិស្ស និងព្រះសង្ឃជាច្រើនអង្គចូលរួមផងដែរ។

ព្រះបវរវិជ្ជា ទេព តឿន ព្រះវិន័យធរគណខេត្តសៀមរាប មានសង្ឃដីកាថា ក្នុងនាមសាលាគណខេត្ត ជំនួសមុខព្រះសុមង្គលសិលាចារ្យ មេគណខេត្ត អាត្មាភាព សូមសម្ដែងនូវគារវកិច្ចគោរពស្វាគមន៍ចំពោះព្រះវត្តមាននិងវត្តមាន ដ៏ខ្ពង់ខ្ពស់របស់គណៈអធិបតី ជាពិសេសព្រះវត្តមានរបស់ព្រះមហាវិមលធម្មជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងវត្តមានលោក លោកស្រី ដែលបានឆ្លៀតឱកាសដ៏មមាញឹកនិមន្តអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់សម្រាប់ពិធីនេះ។

ព្រះបវរវិជ្ជា ទេព តឿន បានបន្តថា នេះគឺជាកាយវិការដ៏កក់ក្តៅបំផុត បង្ហាញឱ្យឃើញច្បាស់អំពីការយកព្រះទ័យ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសាសន ក៏ដូចជាវិស័យព្រះពុទ្ធសាសនាទាំងមូល។ លើសពីនេះទៅទៀត លោក លោកស្រី តែងគោរពប្រតិបត្តិនិងជឿជាក់យ៉ាងមុតមាំចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងបានរួមចំណែក កសាងនូវសមិទ្ធផលជាច្រើន បម្រើវិស័យព្រះពុទ្ធសាសនា។

លោក ទៀ សីហា បានឱ្យដឹងដែរថា ពីធីនេះបានបង្ហាញអំពីព្រះទ័យ និងទឹកចិត្តដ៏ល្អ និងពិតជាគំរូរបស់ព្រះតេជគុណ ព្រះថេរានុត្ថេរៈ ពុទ្ធបរិស័ទទាំងអស់ ដែលជាអ្នកស្រឡាញ់ព្រះពុទ្ធសាសនា ក្នុងការលើកតម្លៃលើគុណធម៌ និងជនជាទីសក្ការៈធំធេងចំពោះជាតិ និងសាសនា ក្នុងបំណងពង្រឹង និងលើកកម្ពស់សាសនាព្រះពុទ្ធឱ្យបានរីកចំរើនខ្លាំងក្លា តាមពុទ្ធប្បញ្ញត្តិ និងព្រះពុទ្ធោវាទសំដៅធ្វើការអភិរក្ស និងអភិវឌ្ឍន៍នូវសាសនា ជារបស់រដ្ឋយើងនេះ សម្រាប់ជាគ្រឿងអប់រំ ចរិយាធម៌ និងការធានានូវសាមគ្គីភាពប្រជាជាតិ ដោយហេតុថាមូលធន នៃព្រះពុទ្ធសាសនាគឺជាកម្លាំងដ៏ចំបាច់របស់ប្រទេស ស្របតាមឆន្ទៈដ៏ មោះមុតរបស់រាជរដ្ឋាភិបាល ដែលតែងតែខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍន៍សង្គមជាតិមួយប្រកបដោយសុខសន្តិភាព សុខដុមរមនា និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកអភិបាលខេត្តបានបន្តថា នៅចន្លោះឆ្នាំ១៩៧៥-១៩៧៩ ទីវត្តអារាមត្រូវបានបំផ្លិច បំផ្លាញអស់គ្មានសល់ដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយពួកវាបានប្រែក្លាយទីវត្តអារាម ដែលជាកន្លែងគោរពបូជារបស់ប្រជាពលរដ្ឋយកទៅធ្វើជាមន្ទីរឃុំឃាំងសួរចម្លើយ កន្លែងកាប់សម្លាប់ ប្រជាពលរដ្ឋស្លូតត្រង់កន្លែងចិញ្ចឹមសត្វជាដើម។ល។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន កម្ពុជាបានវិលត្រឡប់មករស់នៅជួបជុំក្រុមគ្រួសារឡើងវិញ ប្រកបដោយសេចក្តីសោមនស្សរីករាយគ្រប់គ្នា។ នៅពេលនោះដែរ ពិតមែនតែយើងនៅមានសុខភាពទ្រុឌទ្រោមស្គមស្គាំ និងមានជំងឺដង្កាត់គ្រប់ប្រភេទក៏ដោយ ក៏យើងទាំងអស់គ្នាខិតខំប្រឹងប្រែងយ៉ាងអស់ពីកម្លាំងកាយចិត្ត ធ្វើការប្រមែលប្រមូលធនធាននៅសេសសល់ ដើម្បីរួមគ្នាកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងសាសនា ដែលត្រូវបានបំផ្លិចបំផ្លាញស្ទើរដល់កម្រិតសូន្យ។

លោកបន្តទៀតថា យើងពិតជាចងចាំមិនភ្លេចទេថា ពេលនោះព្រះពុទ្ធសាសនា បានចាប់កំណើតឡើងវិញជាបណ្តើរៗ និងជួបការលំបាកនៅឡើយដោយព្រះសង្ឃ លោកយាយ លោកតា និងប្រជាពលរដ្ឋ ត្រូវធ្វើបុណ្យក្នុងវត្ត ព្រះវិហារ និងឧបដ្ឋានសាលា ដែលមានភាពរខេករខាកទ្រុឌទ្រោម និងអត្ថខាត់។ ប៉ុន្តែក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដូចជាផ្លូវថ្នល់ ស្ពាន ទំនប់ទឹក ប្រឡាយ សាលារៀន មន្ទីរពេទ្យ ស្រះទឹក អណ្តូងទឹក ព្រះវិហារ ឧបដ្ឋានសាលា សេនាសនៈផ្សេងៗ ត្រូវបានអភិវឌ្ឍឡើងវិញយ៉ាងឆាប់រហ័សគួរនឹកស្មានពុំដល់ ពិសេសព្រះពុទ្ធសាសនា ត្រូវបានកំណត់ក្នុង រដ្ឋធម្មនុញ្ញថាជា«សាសនារបស់រដ្ឋ»។

លើសពីនេះវិស័យពុទ្ធិកសិក្សាក៏ មានការរីកចម្រើនជាលំដាប់ដោយសព្វថ្ងៃយើងមានសាលាធម្មវិន័យ ចាប់តាំងពីថ្នាក់ត្រីទោ និងឯក និងសាលាពុទ្ធិកសិក្សាបឋមសិក្សាជាក់ ស្តែងរហូតដល់ពុទ្ធិកវិទ្យាល័យ និងមានពុទ្ធិកសាកលវិទ្យាល័យថែមទៀតផង ដែលប្រការនេះបញ្ជាក់ច្បាស់អំពីការយកចិត្តទុកដាក់ របស់ រាជរដ្ឋាភិបាល ក្នុងការផ្ដល់ប្រយោជន៍ដល់បងប្អូនពុទ្ធសាសនិកជន និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ។

ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណា មានសង្ឃដីកាថា យើងទាំងអស់គ្នាជាមិត្តរួម ៣យ៉ាង ហើយមិត្តរួម៣យ៉ាង យើងមិនដែលនឹងឃើញទេពីអតីតកន្លងមករហូតដល់បច្ចុប្បន្ននេះ មិត្តរួមទី១ គឺយើងជាតិជាមនុស្សដូចគ្នា ជាតិជាកម្ពុជាបុត្រ ជាបុត្រប្រទេសកម្ពុជា។ មិត្តរួមទី២ រួមជាខេមរបុត្រ ជាកូនរបស់ខេមរជនអ្នកដែលមានសេចក្តីក្សេន្ត ជាខ្មែរដូចគ្នា ហើយពូជពង្សវង្សត្រកូលរបស់យើងមិនមែនជាអ្នកឆ្ងាយនោះទេ ប៉ុន្តែយើងមិនបានយកប្រាជ្ញាដ៏ប្រសើរទៅគិត ហើយស្មានថាជាអ្នកដ៏ទៃមិនទាក់ទងអីនឹងគ្នា ប៉ុន្តែគឺជាប់ខ្សែស្រឡាយជាមួយគ្នាទាំងអស់។ ខ្មែរនៅលើទឹកដីកម្ពុជានេះ មានការគោរពព្រះពុទ្ធសាសនា យកព្រះពុទ្ធសាសនាជាម្លប់ស្នាក់ ជាសារណៈ និងជាទីពឹងព្រមទាំងប្រតិបត្តិតាមមាគ៌ាព្រះពុទ្ធសាសនាដូចគ្នា។ មិត្តរួមទី៣ រួមទុកកើតចាស់ឈឺស្លាប់ដូចគ្នាគ្រាន់តែមុន និងក្រោយតែប៉ុណ្ណោះ។

ព្រះមហាវិមលធម្ម មានសង្ឃដីកាទៀតថា ថ្ងៃនេះយើងជួបគ្នាដើម្បីរំឭកព្រះឧការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដក ដែលសុទ្ធសឹងជាបញ្ញវន្តសង្ឃ ដែលជាវរសាមណៈដ៏ឆ្នើម សម្រាប់ពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា ដោយវរសាមណៈបានបំពេញភារកិច្ចជូនជាតិពេញមួយជីវិត ដោយមិនបានគិតពីប្រយោជន៍នោះឡើយ៕