(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ញើសារលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ញើសារអបអរសាទរ និងជូនពរលោក ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧០ឈានចូល៧១ឆ្នាំ នាខែមីនា ឆ្នាំ២០២៣នេះ។

តាមរយៈសារលិខិតផ្ញើជូនសម្តេចតេជោ, លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះថា៖

«ខ្ញុំបាទមានបីតិប្រាមោទ្យយ៉ាងក្រៃលែង និងមានកិត្តិយសដ៏ឧត្តុង្គឧត្តមជាទីបំផុត ដោយបានទទួល នូវពាក្យពេចន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរូបខ្ញុំបាទ ព្រមទាំងប្រសិទ្ធពរជ័យសិរីសួស្ដីពី សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួបកំណើតរបស់ខ្ញុំបាទ។

ខ្ញុំបាទសូមគោរពដឹងគុណប្រកបដោយកតញ្ញូតាធម៌ដ៍ជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែជាអគ្គមគ្គទេសក៍ដ៍ឈ្លាសវៃ គាំទ្រ ដឹកនាំ និងផ្ដល់នូវអនុសាសន៍ល្អៗដល់រូបខ្ញុំបាទ ក្នុងការបំពេញភារកិច្ចរៀងរហូតមក។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ និងភរិយា សូមលើកហត្ថប្រណម្យកម្បង់អញ្ជលីបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមបីបាច់ថែរក្សា និងប្រោះព្រំ សព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជាមេត្តាទទួលនូវគារវកិច្ចដ៍ខ្ពង់ខ្ពស់ និងស្មោះស្ម័គ្របំផុតពីខ្ញុំបាទ និងភរិយា»