(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការផ្លាស់ប្តូរអ្នកជំនាញនិងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវប្បធម៌ ការដាក់តាំងពិពរណ៌វត្ថុ សិល្បៈ វប្បធម៌វិលជុំជាផ្លូវការតាមបណ្តាប្រទេសនានា ការខ្ចីដាក់តាំងវត្ថុសិល្បៈរយៈពេលវែងរវាងសារមន្ទីរ និងសារមន្ទីរ មិនត្រឹមតែជាយន្តការ និងនិន្នាការថ្មីមួយដែលអាចជួយទប់ស្កាត់នូវការជួញដូរខុសច្បាប់វត្ថុបុរាណនៃបណ្តាប្រទេសដែលរងគ្រោះនៅលើទីផ្សារអន្តរជាតិនេះទេ ហើយក៏ជាយន្តការមួយដែលបានផ្សព្វផ្សាយវប្បធម៌នៃប្រទេសសាមីផងដែរ។

សម្តេចតេជោ ហ៊ុ ន សែន បានធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពទទួលរតនវត្ថុរបស់ខ្មែរមួយចំនួន ដែលទើបនឹងទាមទារបានពីបរទេសមកវិញ ដែលពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ជាការពិតការផ្លាស់ប្តូរអ្នកជំនាញ និងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវប្បធម៌ ការដាក់តាំងពិពរណ៌វត្ថុ សិល្បៈ វប្បធម៌វិលជុំជាផ្លូវការតាមបណ្តាប្រទេសនានា ការខ្ចីដាក់តាំងវត្ថុសិល្បៈរយៈពេលវែងរវាងសារមន្ទីរ និងសារមន្ទីរ មិនត្រឹមតែជាយន្តការនិងនិន្នាការថ្មីមួយដែលអាចជួយទប់ស្កាត់នូវការជួញដូរខុសច្បាប់វត្ថុបុរាណនៃបណ្តាប្រទេសដែលរងគ្រោះនៅលើទីផ្សារអន្តរជាតិ នេះក៏ជាយន្តការមួយដែលបានផ្សព្វផ្សាយវប្បធម៌នៃប្រទេសសាមីផង និងជាការឱកាសសម្រាប់ប្រជាជននៃបណ្តាប្រទេសដែលនៅឆ្ងាយៗពីគ្នា អាចបានទស្សនានូវលម្អនៃស្នាដៃសិល្បៈ បញ្ញាញាណច្នៃប្រឌិតរបស់បុព្វជននៃ សម័យបុព្វកាល និងក៏អាចជាការជំរុញនូវចំណង់ចិត្ត ដើម្បីអញ្ជើញមកទស្សនាដោយផ្ទាល់នៅក្នុងប្រទេសដែលជាប្រភពដើមតែម្តង»

នាឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវការកោតសរសើរដល់ក្រុមការងារក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ដឹកនាំដោយលោកស្រី ភឿង សក្កុណា ដែលបានខិតខំប្រឹងប្រែងធ្វើការងារនេះអស់ជាច្រើនឆ្នាំ ប្រកបដោយការព្យាយាមអត់ធ្មត់ និងបានទទួលខុសត្រូវក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៍ខ្មែរ ដែលបានបាត់បង់កន្លងមកឱ្យមកកាន់ប្រទេសកំណើតវិញ ក្នុងនោះរួមមានការចរចារ និងយោគយល់គ្នា រវាងក្រុមគ្រួសាររបស់លោក Douglas Lacthford សារមន្ទីអន្តរជាតិ និងអ្នកកាន់កាប់សមុច្ច័យឯកជនមួយចំនួនទៀតផង។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ស្នាដៃនេះគឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរួមនៃក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសកណកម្មធិការទី៧ នៃរដ្ឋសភាជាតិ និងសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី ដែលបានទៅកាន់ប្រទេសអង់គ្លេសដោយផ្ទាល់ចំនួន ២លើក ដើម្បីនាំយកគ្រឿងអលង្កាខ្មែរ សម័យបុរាណមកកាន់ប្រទេសជាតិវិញ ដែលនេះក៏ជាគំរូនៃការចូលរួមចំណែកនៃយុវជនកម្ពុជា ក្នុងការអភិក្សសម្បត្តិវប្បធម៍ជាតិផងដែរ។

សូមបញ្ជាក់ដែរថា បើតាមលោកស្រី ភឿង សក្កុណា បានរំលឹកត្រួសៗ នូវរតនវត្ថុដែលកម្ពុជាទទួលបាននាពេលកន្លងមកមានដូចជា៖ តាមរយៈកិច្ចព្រមព្រៀងមួយនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាងនៃរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូគ្លាស ឡាតហ្វដ (Douglas Latchford) បានប្រគល់ជូនមកកម្ពុជាវិញ នូវវត្ថុបុរាណខ្មែរទាំងអស់ដែលកាន់កាប់រក្សាទុកដោយគ្រួសារ លោកឡាត ហ្វដ។

បន្ថែមពីលើនេះសម្បត្តិវប្បធម៌ខ្មែរសំខាន់ៗជាច្រើនដែលកាន់កាប់រក្សាទុកដោយសារមន្ទីរនានា និងអ្នកកាន់កាប់សមុច្ច័យឯកជន (មួយចំនួនរឹបអូសបានដោយសមត្ថកិច្ចអាមេរិក និងមួយចំនួនទៀតតាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត) ក៏ត្រូវបានបញ្ជូន ត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

ថ្មីៗនេះទៀតសោតគ្រឿងអលង្ការបុរាណខ្មែរធ្វើពីមាស និងលោហៈមានតម្លៃទាំង ធំ-តូច ចំនួន ៧៧គ្រឿង ត្រូវបាននាំយកពីចក្រភពអង់គ្លេសមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយក្រុមការងារកម្ពុជាដឹកនាំដោយលោក ហ៊ុន ម៉ានី ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេស រដ្ឋាភិបាលសហរដ្ឋអាមេរិក និងការជួយសម្របសម្រួលពីស្ថានទូតកម្ពុជា។ ទន្ទឹមនឹងនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងសហការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រទេសដ៏ទៃទៀត ក៏ដូចជាបន្តការចរចាជាមួយស្ថាប័ន និងអ្នកកាន់កាប់សមុច្ច័យឯកជន ដើម្បីរៀបចំនីតិវិធីទាមទារ និងបញ្ជូនវត្ថុបុរាណខ្មែរជាច្រើនទៀត ត្រឡប់មកកម្ពុជាវិញ។

ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរដែលទទួលបានមកវិញនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ព្រមទាំងគ្រឿងអលង្ការបុរាណ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមាថ្មធំៗដូចជា៖ ព្រះឥសូរ និងព្រះស្កន្ទ, ព្រះស្កន្ទគង់លើក្ងោក និងព្រះគណេស ដែលមានប្រភពដើមមកពីរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០នៃគ.ស. ដែលធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំនៅក្នុងអំឡុងនៃសម័យសង្គ្រាមស៊ីវិល៕