(ភ្នំពេញ)៖ លោក ម៉ក់ ហឺន អនិកជនខ្មែររស់នៅអាមេរិក និងអ្នកវិភាគបញ្ហាសង្គមនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ បានឧបត្ថម្ភថវិកាចំនួន៥លានរៀល តាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនម្ចាស់សត្វក្ងោកនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

លោក សេង ទៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីទទួលបានថវិការបស់លោក ម៉ក់ ហឺន ក្រុមការងារបានយកថវិកានេះប្រគល់ជូនម្ចាស់សត្វក្ងោករួចរាល់ហើយ។

ជាមួយគ្នានេះ លោក យឹម សំអឿន ក៏ដូចជាក្រុមគ្រួសារ ដែលជាម្ចាស់សត្វក្ងោកនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោក ម៉ក់ ហឺន ដែលបានឧបត្ថម្ភថវិកាដល់ក្រុមគ្រួសាររបស់លោក ដើម្បីរួមចំណែកក្នុងការប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងកែសម្រួលទីតាំង ក៏ដូចជាសម្រាប់ទិញចំណីជាដើម។

សូមបញ្ជាក់ថា លោក យឹម សំអឿន បានចិញ្ចឹមក្ងោករយៈពេលជិត១០ឆ្នាំមកហើយ នៅផ្ទះរបស់លោកក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នក្ងោករបស់គាត់​មានចំនួន​ប្រមាណ ២០ក្បាល។ កន្លងទៅនេះ សត្វក្ងោករបស់លោកត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើចុះរឹបអូស​យកទៅដាក់នៅសួនសត្វភ្នំតាម៉ៅ ក្រោមហេតុផលច្បាប់ហាមឃាត់មិនឲ្យចិញ្ចឹម។

ប៉ុន្ដែត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បញ្ជាឲ្យមន្ដ្រីរដ្ឋបាលព្រៃឈើ យកសត្វក្ងោកទាំងនោះប្រគល់ជូនម្ចាស់ដើមវិញផងដែរ។ ចំណាត់ការរបស់សម្ដេចតេជោ ហ៊ុន សែន កាលនោះទទួលបានការសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ៕