(រតនគិរី)៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តរតនគីរី នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានប្រជុំរៀបចំតារាងកើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២២ និងការបណ្តុះបណ្តាលការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យ ទ្រព្យសម្បត្តិរដ្ឋ ជូនមន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រោមអធិបតីភាពលោក វ៉ាន់ សោភា អភិបាលរងខេត្ត និងមានអញ្ជើញចូលរួមពីសំណាក់លោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ប្រមាណជិត២០០នាក់។

ថ្លែងបើកកិច្ចប្រជុំនាឱកាសនេះ លោក វ៉ាន់ សោភា បានលើកឡើងថា យោងអនុក្រឹត្យលេខ ៦៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៧ ស្តីពីវិធាន និងនីតិវិធីនៃការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងសារាចរលេខ០៧សរ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ របស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងលិខិតបទដ្ឋានជាធរមាន តម្រូវឲ្យគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គល សាធារណៈ ដែលជាអាជ្ញាធរកាន់កាប់ទ្រព្យ សម្បត្តិរដ្ឋទាំងអស់ រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល រៀងរាល់៥ឆ្នាំម្តង និងតារាងកើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ចន្លោះឆ្នាំគោល ដោយអនុលោមតាមទម្រង់តម្រូវ និងនីតិវិធីជាធរមាន។

លោកបន្តថា «កន្លងមកមន្ទីរអង្គភាពជុំវិញខេត្តមួយចំនួន មានការយឺតយ៉ាវក្នុងការធ្វើកិច្ចការនេះ និងជាពិសេសរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ភាគច្រើនហាក់មិនសូវយកចិត្តទុកដាក់ ដែលទង្វើនេះផ្ទុយទាំងស្រុងពីកិច្ចខិតខំ ប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋឱ្យមានប្រសិទ្ធិភាព»

លោកបានស្នើឲ្យគ្រប់អង្គភាពប្រើប្រាស់ទាំងអស់ ធ្វើរបាយការណ៍បច្ចុប្បន្នភាពការចុះបញ្ជីដីរបស់ខ្លួន ទៅមន្ទីរពាក់ព័ន្ធដើម្បីមានមូលដ្ឋានរាយការណ៍ជូនថ្នាក់ដឹកនាំ។ ដូច្នេះដើម្បីជំរុញ ប្រសិទ្ធភាពនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ បណ្តាមន្ទីរអង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ ដែលជាអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋទាំងអស់មេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងសហការធ្វើកិច្ចការងារនេះឱ្យបានទៀងទាត់តាមពេលវេលាជារៀងរាល់ឆ្នាំ និងកំណត់ជាកិច្ចការអាទិភាពមួយក្នុងចំណោមកិច្ចការសំខាន់ៗរបស់ខ្លួន៕