(ភ្នំពេញ)៖ ភ្លើងសង្គ្រាមដែលផ្តើមឆាបឆេះកម្ពុជាក្រោយការធ្វើរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ មិនត្រឹមតែប្រជាពលរដ្ឋសាមញ្ញនោះទេ ដែលត្រូវនិរាសព្រាត់ប្រាស់គ្នា សូម្បី​តែ​គ្រួសារព្រះឥសូរ ដែលជាអាទិទេពដ៏មានឫទ្ធានុភាពក្នុងជំនឿរបស់ខ្មែរ ក៏ត្រូវព្រាត់​ប្រាស់​គ្នា​ដែរ។

ក្នុងពិធីទទួលរតនវត្ថុដែលត្រូវបានជួញដូរទៅបណ្តាប្រទេសនានា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ រូបព្រះបដិមាព្រះឥសូរ រួមជាមួយព្រះបដិមាជាបុត្រ គឺព្រះស្កន្ទ និង ព្រះ​គ​ណេ​ស ត្រូវបានរៀបចំដាក់ជុំគ្នា។ ព្រះបដិមាព្រះឥសូរ និងព្រះបដិមាជាបុត្រទាំងពីរព្រះអង្គ ត្រូវបានក្រុមជនទុច្ចរិតជួញដូររសាត់ឆ្ងាយពីគ្នា ហើយទើបនឹងរកឃើញ និងទាមទារនាំ​ត្រឡប់​មកវិញនៅពេលថ្មីៗនេះ។

យោងតាមរបាយការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ព្រះបដិមា​ព្រះ​ឥសូរ ជាព្រះបិតា ត្រូវបានរកឃើញ និងប្រគល់ត្រឡប់ពីគ្រួសារ លោក ឌូក្លាស ឡាចហ្វដ នៅចក្រភពអង់គ្លេសក្នុងឆ្នាំ២០២១។ ព្រះបដិមាព្រះស្កន្ទ ជាបុត្រាទី១ របស់ព្រះឥសូរ ត្រូវ​បានរកឃើញ និងទទួលបានពីសហរដ្ឋអាមេរិកនៅឆ្នាំ២០២១។ ដោយឡែកព្រះបដិមា ព្រះគណេស​ជាបុត្រាទី២ របស់ព្រះឥសូរ ត្រូវបានរកឃើញ និងទទួលបានពីសហរដ្ឋ​អាមេរិក​នៅឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា ព្រះឥសូរ ជាអាទិទេព​កំពូលមួ​យនៅក្នុងព្រហ្មញ្ញសាសនា។ ព្រះស្កន្ទ ក្នុងទម្រង់ជាកុមារ គឺជាទេពខាងសឹក​សង្គ្រាម ឬជាមេទ័ពដ៏អស្ចារ្យប្រចាំនៅស្ថានសួគ៌ ​ដែលមានយានជាសត្វក្ងោក។

សម្តេចតេជោបានបន្ថែមថា នៅសម័យបុរាណខ្មែរមានជំនឿទៅលើព្រះស្កន្ទ ខ្លាំងណាស់ ដ្បិតជាបុត្រព្រះឥសូរ និងជាមេទ័ពដ៏ខ្លាំងពូកែ ដូចមានបង្ហាញក្នុងចម្លាក់ និងចារក្នុងសិលា​ចារឹក។ ចំណែកឯព្រះគណេស ដែលមានក្បាលដំរីនេះ គឺជាទេពនៃបញ្ញាញាណ និងជម្នះ​ឧបសគ្គទាំងឡាយ ដូច្នេះហើយទើបព្រះអង្គ ស្ថិតក្នុងចំណោមទេពមួយ ដែលត្រូវបាន​គេ​គោ​រព​បូជាជាងគេ ក្នុងជំនឿសាសនាព្រាហ្មណ៍។

ការដាក់បង្ហាញជុំគ្នាព្រះបដិមានៃគ្រួសារអទិទេពនាពេលនេះ ផ្តល់នូវអត្ថន័យ​ដ៏សំខាន់​នៃ​ការ​ជួបជុំ​គ្នា​ឡើងវិញនៃគ្រួសារអទិទេព បន្ទាប់ពីឃ្លាតឆ្ងាយពីគ្នាព្រោះតែកត្តាសង្គ្រាម។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចថា «ពេលនេះ គ្រួសារអទិទេពមួយ (ឪពុក និងកូនទាំងពីរ) បានជួបជុំគ្នាឡើងវិញ តាមរយៈបញ្ញាញាណ​ដ៏ខ្ពស់បំផុត​ក្នុងការ​ស្វែង​រក​សន្តិភាព ក្រោយពីបានបែកគ្នាអស់ជាង៤ទសវត្សរ៍កន្លងទៅ ដោយសារជនទុច្ចរិតបានលួច​ចេញពីក្រុមប្រាសាទកោះកេរ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០នៃសង្គ្រាម»

សម្តេចតេជោបន្ថែមថា «សន្តិភាព គឺពិតជាមានសារ:សំខាន់បំផុត មិនត្រឹមតែសម្រាប់​មនុស្ស​​ធម្មតានោះឡើយ សូម្បីតែគ្រួសារអទិទេព ក៏ត្រូវការនូវសន្តិភាពសម្រាប់ការជួបជុំ​មូល​ត្រកូល​គ្នាឡើងវិញ»

សូមបញ្ជាក់ថា តាមរយៈសន្តិភាពកំពុងគ្របដណ្តប់ពាសពេញប្រទេសនេះ មិនត្រឹមតែព្រះបដិមាជាគ្រួសារអទិទេពព្រះឥសូរប៉ុណ្ណោះទេ ដែលបានវិលជួបជុំក្នុងនគរខ្មែរជាថ្មី នៅព្រះបដិមា រូបចម្លាក់ និងគ្រឿងអលង្ការ ដែលជារតនសម្បត្តិរបស់ខ្មែរជាច្រើនទៀត ក៏ត្រូវរកឃើញជាបន្តបន្ទាប់ផងដែរ។ ការរកឃើញ និងនាំត្រឡប់មកវិញនូវរតនសម្បត្តិទាំងអស់នេះ ត្រូវបានគេចាត់ទុកជាការនាំត្រឡប់មកវិញនូវដួងប្រលឹងវប្បធម៌ខ្មែរ ដែលបានបាត់បង់ក្នុងពេលស្រុកកើតកលិយុគ៕

ព្រះបដិមាព្រះឥសូរ

ព្រះបដិមាព្រះស្កន្ទ

ព្រះបដិមាព្រះគណេស