(កំពង់ធំ)៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកអំណោយស្បៀងអាហារ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី​ មាន​ជីវភាព​លំបាក​ខ្វះ​ខាតចំនួន១៥គ្រួសារ នៅ​ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ដែលពិធីនេះប្រព្រឹត្តទៅនៅផ្នែកសឹករងស្ទោង ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេលោកតែងតែគិតគូរយកគិតទុកដាក់ ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនរបស់យើង ព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ដោយបានរួមចំណែកជាមួយសម្តេចតេជោ​ អនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពនិងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។

ជាមួយនេះដែរ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានសូមជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់និងក្រុមគ្រួសារ នៅក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាង​មុខ​នេះ​ សូមបានប្រកបតែសេចក្តីសុខសេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ពេលវេលា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះវីរភាពដ៏អង់អាចក្លាហានចំពោះអតីតយុទ្ធជន ដែលបានលៈបង់សាច់ស្រស់ ឈាមស្រស់ រហូតដល់ធ្លាក់ខ្លួនពិការនិងមួយចំនួនទៀតបានបាត់បង់ជីវិត ដើម្បីបុព្វហេតុជាតិ ការពារនៃការវិលត្រឡប់មកវិញនូវរបបដ៏យង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត អៀងសារី ខៀវ សំផន និងបានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ត្រូវខិតខំថែរក្សាសុខភាព ដើម្បីបន្តរួមគ្នាថែរក្សាសន្តិភាព​និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើងក្រោមការដឹកនាំប្រកបដោយកិតិ្តបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំ​យក​នូវ​របស់ឧត្ដមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​ និង​លោកស្រី ពេជ​ ចន្ទមុន្នី​ ជូន​អតីតយុទ្ធជនពិការ​និង​គ្រួសារ​អតីត​យុទ្ធ​ជន​ពលី​ទាំង១៥គ្រួសារ​ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​នូវអង្ករចំនួន២៥ គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ៕