(ភ្នំពេញ)៖ ជប៉ុនបានសម្រេចផ្តល់ជំនួយឥតសំណងចំនួន ១៤៥,៦៩២ដុល្លារ ដល់គម្រោងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ក្នុងស្រុកបាទី ខេត្តតាកែវ ក្រោមគម្រោង ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។

កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ នៅស្ថានទូតជប៉ុន ដោយមានការចូលរួមពីលោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ស្ថាប័នទទួលជំនួយ៖ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តតាកែវ។

ក្នុងគម្រោងនេះ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍មួយ នឹងត្រូវបានសាងសង់នៅសាលារៀនរដ្ឋមួយក្នុងស្រុកបាទី ខេត្តតាកែវ។ ទោះបីជាមានការកើនឡើងនូវតម្រូវការនយោជិតដែលមានចំណេះដឹងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍នៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏យុវជនជាច្រើននៅក្នុងសហគមន៍ជនបទមិនទទួលបានឱកាសច្រើនដើម្បីសិក្សាបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ និងបច្ចេកវិទ្យា ឌីជីថលនោះទេ ដោយសារកង្វះហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីសិក្សាបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។

ជាលទ្ធផល ជំនាញ និងចំណេះដឹងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ដែលមានកម្រិតទាបរបស់ពួកគេ ក្លាយជាឧបសគ្គមួយផ្នែកក្នុងការទទួលបានការងារធ្វើ។ គម្រោងនេះមានគោលបំណងកែលម្អស្ថានភាពនេះ ហើយយើងរំពឹងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ៨,០០០នាក់ ក៏ដូចជាសិស្សប្រមាណ ១,០០០នាក់ នៅក្នុងតំបន់នេះតាមរយៈការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដំបូងគេបង្អស់ ដែលនឹងផ្តល់ឱកាសកាន់តែច្រើន ក្នុងការសិក្សាបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានឱ្យដឹងថា៖ «ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបាននិងកំពុងផ្តល់ជំនួយឥតសំណងគូសាណូណិនៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលកំពុងអនុវត្តគម្រោងរបស់ពួកគាត់។ គូសាណូណិ មានន័យថា “ឬសស្មៅ” ក្នុងភាសាជប៉ុន។ នៅក្នុងរយៈពេលជាង ៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុន បានចូលរួមចំណែកក្នុងគម្រោងចំនួន៧០៧ នៅទូទាំងប្រទេសកម្ពុជា តាមរយៈជំនួយឥតសំណងគូសាណូណិ។ យើងមានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន»

ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។

ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង៦៦លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៧០៧គម្រោង នៅទូទាំងប្រទេសកម្ពុជា៕