(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានបន្តប្រគល់ផ្ទះមួយខ្នងជូនលោកតា មាស សុភាព អាយុ៧៦ឆ្នាំ រស់នៅភូមិអូដារ ឃុំបួរ​ ស្រុកភ្នំព្រឹក ដែលជាទុរគជនរស់នៅម្នាក់ឯង។

សូមបញ្ជាក់ថា ផ្ទះមួយខ្នងនេះត្រូវបានចំណាយថវិកាសាងសង់ចំនួន ៥.៣៨០ដុល្លារ ដែលមានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រកសង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ៣ម៉ត្រ និងចាក់ខឿនជុំវិញផ្ទះមួយម៉ែត្រ។

ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ​ សាខាកាកបាទក្រហមកម្ពុជា​ខេត្ត បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី​​​៥២កេស,​ ត្រីខ​​​ ២០កំប៉ុង,​ ឈុតគ្រឿងចានឆ្នាំង​ និងថវិកា​​​មួយចំនួនដោយឡែក លោកយាយលោកតាចាស់ៗ ដែលរស់នៅជិតខាងចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ​ មី​​​ ត្រីខ​​​ ទឹកបរិសុទ្ធ​ មុង ក្រមា និងថវិកា​មួយចំនួនផងដែរ។

លោកតា មាស សុភាព អាយុ៧៦ឆ្នាំ ក៏បង្ហាញពីសេចក្ដីរំភើបរីករាយឥតឧបមារ ក្រោយពេលទទួលបានផ្ទះថ្មថ្មី១ខ្នង ​លេខរៀងទី៩ ដែលជាអំណោយសាខកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង៕