(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ប្រចាំកម្ពុជា (FAO) បានចុះកិច្ចព្រមព្រៀងលើគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ​ធន់នឹង​អាកាស​ធាតុមានទឹកប្រាក់ជិត ៤៣លានដុល្លារអាមេរិក។

កិច្ចព្រមព្រៀងលើគម្រោងដែលមានឈ្មោះថា «ភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ ដើម្បីលើកកម្ពស់​កសិកម្ម​ភាតរភាព​បរិស្ថាន និងជីវភាពដែលធន់នឹងអាកាសធាតុរបស់​ប្រជាសហគមន៍​នៅ​ភាគខាងជើងនៃបឹងទន្លសាប ហៅកាត់ថា PEARL» ត្រូវបានចុះហត្ថលេខារវាងលោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាមួយលោកស្រី Rebekah Bell នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។

គម្រោង PEARL ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងក្រសួងបរិស្ថាន ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា វិស័យឯកជន និងសង្គម​ស៉ីវិល ក្រោមការគាំទ្រជំនួយបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និង​ហិរញ្ញវត្ថុពីមូលនិធិអាកាសធាតុបៃតង។

គម្រោងនេះ ទទួលបានការអនុម័តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ​អាកាសធាតុ​បៃតង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ មានរយៈពេល ០៦ឆ្នាំ ដែលមាន​ថវិកា​សរុបចំនួនប្រមាណ ៤២.៨០លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាចំនួន ៣៦.២​លាន​ដុល្លារអាមេរិក ជាជំនួយឥតសំណងពីមូលនិធិអាកាសធាតុបៃតង និង ៦.៦លាន​ដុល្លារ​អាមេរិកជាថវិកាបដិភាគរបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងអង្គការ FAO។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករប្រមាណ ៤៥០,០០០នាក់ និងខ្សែច្រវ៉ាក់តម្លៃនៅភាគខាងជើងបឹងទន្លេសាបរួមមានខេត្ត៖ កំពង់ធំ សៀមរាប ព្រះវិហារ និងឧត្តរមានជ័យ។

លោក អ៊ាង សុផល្លែត បានថ្លែងថា «បឹងទន្លេសាបយើងនេះ គឺជាប្រភពកសិកម្មដ៏មានសារៈ​សំខាន់ ដែលផ្តល់នូវធនធានដ៏មានតម្លៃ សម្រាប់លើកកម្ពស់ជីវភាពប្រជាជនប្រមាណ ៣លាន​នាក់ ប៉ុន្តែក៏ជាតំបន់ដែលងាយរងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត»

លោកបន្តថា «តំបន់នេះជាតំបន់ដែលមានសក្តានុពល សម្រាប់កសិករខ្នាតតូចដែលធន់​នឹងការ​ប្រែប្រួលអាកាសធាតុ និងកសិកម្មភាតរបរិស្ថាន ដែលមានតម្លៃខ្ពស់»។

លោក អ៊ាង សុផ្លែត បានឱ្យដឹងផងដែរថា គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីបង្កើន​សមត្ថភាពបន្សុាំរបស់កសិករខ្នាតតូច សហគមន៍មូលដ្ឋាន និងច្រវ៉ាក់តម្លៃនៅតំបន់ខាង​ជើង​បឹង​ទន្លេសាប ដើម្បីឆ្លើយតបនឹងការកើនឡើងនៃការគំរាមកំហែងពីការប្រែប្រួល​អាកាស​ធាតុ។ គម្រោងនេះ នឹងគាំទ្រដល់កសិករខ្នាតតូច និងច្រវ៉ាក់តម្លៃ ដោយបង្កភាព​ងាយស្រួល​ក្នុងការទទួលបាននូវព័ត៌មានស្តីពីអាកាសធាតុ សេវាកម្មបន្ថែមនានា ហិរញ្ញវត្ថុ និងបច្ចេក​វិទ្យាក្នុងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈព័ត៌មានអាកាសធាតុ ជីវភាពកសិ​កម្ម​ស្របនឹងទីផ្សារ។

លោក បានគូសបញ្ជាក់ថា «គម្រោងនេះ គឺស្របទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំពារប្រជាជនដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងធានាដល់ភាពធន់ទៅនឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងវិស័យ​កសិកម្ម។ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការឆ្លើយតបទៅនឹងបញ្ហា​ប្រែប្រួលអាកាសធាតុទាំងវិធានការកាត់បន្ថយ និងបន្សុំា។ រាជរដ្ឋាភិបាលកម្ពុជាបានប្រើ​ប្រាស់ ២.៣ភាគរយ នៃផលិតផលក្នុងស្រុកសរុបពីប្រភពសាធារណៈ​សម្រាប់សកម្មភាព​អាកាសធាតុ»

បើតាមលោក អ៊ាង សុផល្លែត វិបតិ្តនៃការរាតត្បាតជំងឺកូវីដ-១៩ ភាពតានតឹងភូមិសាស្ត្រ​នយោបាយ និងការប្រែប្រួលអាកាសធាតុ ជំរុញឱ្យត្រូវការធនធាន​បន្ថែមទៀត ដើម្បីឆ្លើយ​តប​ទៅនឹងតម្រូវបន្ទាន់នៃប្រជាជនដែលងាយរងគ្រោះបំផុត។ ក្នុងបរិការណ៍នេះ គម្រោង PEARL គឺជាគម្រោងមួយដ៏មានសារៈសំខាន់មួយដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង និង​ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដោះស្រាយបញ្ហាប្រឈមអាកាសធាតុ ដូច​ដែល​មានចែងក្នុងរបាយការណ៍ស្តីពីការចូលរួមចំណែករបស់កម្ពុជាដើម្បី អនុវត្តអនុសញ្ញាក្រប​ខណ្ឌ​សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (NDC) យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈ​ពេល​វែងប្រកបដោយអព្យាក្រឹតកាបូន ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួល​អាកាសធាតុ​កម្ពុជា និងផែនការសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមវិស័យ៕