(ភ្នំពេញ)៖ លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូស​រំលេច​ថា ការស្វះស្វែងរក និងនាំមកវិញនូវវត្ថុបុរាណដែលបាត់បង់ក្នុងសម័យជាតិជួប​កលិ​​យុគ​នោះ ក៏ព្រោះតែវត្ថុបុរាណទាំងអស់នេះ ជាដួងព្រលឹងវប្បធម៌ មានតម្លៃមហាសាល​សម្រាប់​ជាតិកម្ពុជា។

ភ្លើងសង្គ្រាមដែលកើតមាននៅកម្ពុជា កាលពីអតីតកាលធ្វើឱ្យវត្ថុបុរាណជាព្រះបដិមា និង​គ្រឿងអលង្ការដែលជា​រតនសម្បត្តិ​របស់កម្ពុជាជាច្រើន ត្រូវបានជនទុច្ចរិតលួច​គាស់​រំលើង​យកទៅលក់ហើយធ្លាក់ទៅបណ្តា​ប្រទេស​នានាលើពិភពលោក។ បើតាមលោក ហាប់ ទូច រតនសម្បត្តិទាំងនេះ ត្រូវបានបាត់បង់ក្នុងអំឡុងជាតិកើតសង្គ្រាមកលិយុគ ជាពិសេសក្នុង​អំលុង​ទសវត្សរ៍៧០។

តែក្នុងគ្រាដែលកម្ពុជារក​បាន​មកវិញនូវសុខសន្តិភាពវត្ថុបុរាណជារតនសម្បត្តិរបស់ខ្មែរ ក៏ត្រូវបានស្វះស្វែងរក និង​ទាម​​ទារយកមកវិញជាបន្តបន្ទាប់។ លោក ហាប់ ទូច បានអះអាងថា វត្ថុបុរាណដែលកម្ពុជារកឃើញ ហើយទាមទារត្រឡប់​មក​វិញនេះ គឺមានចំនួនរាប់រយ។ ប្រទេសដែលកម្ពុជារកឃើញ និងទាមទារបានមកវិញនូវ​វត្ថុ​បុរាណទាំងនេះ រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស រួមនិងបណ្តាប្រទេសដទៃទៀត​សរុប​ប្រមាណ ១៥ប្រទេស។

បើតាមលោក ហាប់ ទូច ការទទួលបាននូវវត្ថុបុរាណជារតនសម្បត្តិទាំងនេះត្រឡប់មកវិញ មិនមែនជារឿងងាយស្រួលនោះឡើយ ពោលមានកិច្ចសម្របសម្រួល និងការតស៊ូមតិនានា​យ៉ាង​ស្វិតស្វាញបំផុត។

លោក ហាប់ ទូច បានបញ្ជាក់បែបនេះ «ការងាររបស់យើងមិនមែនគ្រាន់តែទាមទារទេ បាន​ន័យថាជម្រើសទីមួយរបស់យើង គឺការចរចា ធ្វើយ៉ាងណាសូមឱ្យគេប្រគល់​មកយើង​វិញ។ យើងបង្ហាញភស្តុតាង យើងធ្វើការចរចា។ បើក្នុងករណីការចរចាមិនទៅមុខ គឺយើងសហការ​បន្តទៀតជាមួយសមត្ថកិច្ចសហរដ្ឋអាមេរិក និងសមត្ថកិច្ចចក្រភពអង់គ្លេស ឬបណ្តាប្រទេស​មួយ​ចំនួនទៀត ដើម្បីផ្តល់ភស្តុតាង ហើយរឹបអូស ឬឆ្លងកាត់តុលាការក្នុងករណីចាំបាច់»

លោករដ្ឋលេខាធិការ បានអះអាងថា កម្ពុជា បានក្លាយទៅជាប្រទេសឈានមុខគេមួយ ក្នុងការបើកប្រតិបត្តិការទាមទារយកសម្បត្តិវប្បធម៌របស់ខ្មែរ ដែលគេជួញដូរត្រឡប់មកវិញ។

នៅពេលសួរថា មានសារៈសំខាន់អ្វីដែលនាំឱ្យកម្ពុជាប្រឹងប្រែងស្វះស្វែងរក និងទាមទារយក​រតនសម្បត្តិ​របស់ខ្មែរត្រឡប់មកវិញនោះ លោក ហាប់ ទូច បានអះអាងថា រតនសម្បត្តិទាំង​នេះ គឺជាព្រលឹង និងជាអត្តសញ្ញាណរបស់ជាតិខ្មែរ ដែលចាំបាច់ត្រូវតែរកត្រឡប់មកវិញ។

«នេះជាព្រលឹងដូនតា នេះជាអត្តសញ្ញាណរបស់ជាតិមួយ។ បើសិនជាយើងបាត់អង្គទាំងអស់ហ្នឹង គឺយើងបាត់អត្តសញ្ញាណរបស់ខ្លួន។ បើបាត់បង់អត្តសញ្ញាណរបស់ខ្លួន មនុស្សមានតែសំបកអត់មានព្រលឹង។ អ៊ីចឹងហើយបានយើងខិតខំណាស់ ដើម្បីប្រជាជនកម្ពុជាបច្ចុប្បន្ន និងទៅអនាគត»។ នេះជាការបញ្ជាក់របស់លោក ហាប់ ទូច។

សម្រាប់លោក ហាប់ ទូច ការដែលកម្ពុជាមានលទ្ធភាពស្វះស្វែងរក និងទាមទារវត្ថុបុរាណ​ត្រឡប់មក​វិញនេះ ក៏អាស្រ័យដោយកម្ពុជាមានសុខសន្តិភាព។ លោកបានបញ្ជាក់ថា សន្តិភាព គឺជាឱកាសមាសសម្រាប់កម្ពុជា តាមរកព្រលឹងជាតិខ្មែរត្រឡប់មកវិញ។

លោក ហាប់ ទូច បានអះអាងផងដែរថា បេសកកម្មស្វះស្វែងរកវត្ថុបុរាណរបស់ខ្មែរដែល​បាត់បង់ មិនទាន់បិទបញ្ចប់នោះទេ។ លោករំពឹងថា មានរតនសម្បត្តិរបស់កម្ពុជាជាច្រើនទៀត នឹងត្រូវរកឃើញ ហើយទាមទារត្រឡប់មកវិញ៕