(ភ្នំពេញ)៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ករណីមេធាវី អាង ឧត្តម និងមេធាវី ម៉េង សុភារី ដែលមានបំណង់ចង់ចូលជួបលោក កឹម សុខា ត្រូវគោរពតាមការសម្រេចរបស់តុលាការ ដោយស្នើទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះ គណៈមេធាវី បានបញ្ជាក់នូវខ្លឹមសារចំនួន២ចំណុច ពាក់ព័ន្ធករណីនេះ រួមមាន៖

*ទី១៖ ក្នុងករណីលោក កឹម សុខា ត្រូវការពឹងពាក់មេធាវី ត្រូវអនុវត្តតាមខ្លឹមសារ នៃសាលក្រមព្រហ្មទណ្ឌលេខ១៨២ “ម” ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានី
ភ្នំពេញ ដោយលោក កឹម សុខា ត្រូវដាក់ពាក្យស្នើសុំទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំជួបពឹងពាក់មេធាវី និងពិគ្រោះយោបល់អំពីនីតិវិធីបន្ត ដែលត្រូវធ្វើក្នុងសំណុំរឿងរបស់ខ្លួន។

*ទី២៖ តាមខ្លឹមសារ នៃមាត្រា៣៤ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី «មេធាវីគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា» និងតាមខ្លឹមសារនៃមាត្រា៣៧ កថាខណ្ឌទី៣ នៃក្រមសីលធម៌មេធាវី «មេធាវីត្រូវគោរពតាមវិធាននីតិវិធី និងបទបញ្ជារបស់តុលាការ» ហេតុដូច្នេះក្នុងករណីដែលមេធាវីទាំងពីររូប ត្រូវពឹងពាក់ដោយលោក កឹម សុខា មេធាវីទាំងពីររូបក៏ត្រូវអនុវត្តតាមខ្លឹមសារ នៃសាលក្រមព្រហ្មទណ្ឌលេខ១៨២“ម” ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញផងដែរ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន៖