(ភ្នំពេញ)៖ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ នឹងរៀបចំទិវាជំនាញហូកាឆ្នាំ២០២៣ (HoKa Skills Day 2023) ក្រោមប្រធានបទ «ជំនាញវិជ្ជាជីវៈទេសចរណ៍ជាអាយុវជីវិតរបស់អ្នក» នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។

ទិវានេះធ្វើឡើងដើម្បីបង្ហាញពីភាពជោគជ័យ នៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចសម្រាប់អ្នកជំនាញកម្រិតទាប គ្រូបង្គោល អ្នកវាយតម្លៃបង្គោល អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្មទេសចរណ៍នៅទូទាំង១០ខេត្តគោលដៅ ព្រមទាំងចែករំលែកបទពិសោធន៍នៃការអនុវត្តល្អៗ ដែលទទួលបានតាមរយៈការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព ដោយប្រើប្រាស់យន្តការ និងឯកសារបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដែលមានការទទួលស្គាល់ ច្បាស់លាស់ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការ Swisscontact។

តាមរយៈកម្មវិធីខាងលើ អ្នកជំនាញទេសចរណ៍ទាំងអស់នឹងទទួលបានទស្សនទាន និងចំណេះដឹងថ្មីៗតាមរយៈកិច្ចពិភាក្សាតុមូលលើប្រធានបទសំខាន់ៗចំនួន៣ រួមមាន៖ (១) ការទទួលស្គាល់គុណវុឌ្ឍិនិងវិថីអភិវឌ្ឍន៍ជំនាញសម្រាប់ អ្នកជំនាញកម្រិតទាប (២) នវានុវត្តន៍ថ្មីៗដើម្បីភាពភាពធន់នៃកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍ ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ (៣) ការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍជំនាញរបស់យុវជនកម្ពុជា ដែលសម្របសម្រួល និងចែករំលែកដោយវាគ្មិនជាតិនិងអន្តរជាតិដែលមានចំណេះដឹង និងបទពិសោធន៍ច្រើនឆ្នាំលើការអភិវឌ្ឍជំនាញរបស់យុវជន។

ជាមួយគ្នានេះ កម្មវិធីខាងលើនឹងមានការបង្ហាញជំនាញវិជ្ជាជីវៈទេសចរណ៍លើជំនាញសំខាន់ៗក្នុងវិស័យទេសចរណ៍ រួមមាន៖ ជំនាញរៀបចំតុអាហារស្តង់ដា (Fine Dining Table Setup) បត់កន្សែង និងកម្រាល (Napkin Folding) លាយស្រា (Cocktail) ឆុងកាហ្វេ (Barista-Hand brew and machine) សេវាកម្មស្រាទំពាំងបាយជូរ (Wine Services) និងជំនាញរៀបចំគ្រែ (Bed Making)។

ប្រសិនបើមានចំណាប់អារម្មណ៍ អាចចុះឈ្មោះចូលរួមតាមរយៈ QR Code ខាងក្រោមឲ្យបានរួសរាន់៕

http://image.freshnewsasia.com/2021/id-021/fn-2023-03-18-15-37-55-2.JPG