(តាកែវ)៖ ថ្លែងពីលើវេទិកាក្នុងពិធីសម្ពោធសមិទ្ធផលនៅស្រុកកោះអណ្ដែត ខេត្តតាកែវ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្វាយនូវអំណរព្រះរាជគុណចំពោះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់សព្វព្រះហឫទ័យដំឡើង ឋានន្ដរស័ក្ដិដល់រូបលោកជា «នាយឧត្តមសេនីយ៍»។

បន្ទាប់ពីថ្វាយអំណរព្រះរាជគុណព្រះមហាក្សត្រហើយនោះ នាយឧត្តមសេ​នីយ៍ ហ៊ុន ម៉ាណែត ក៏បានសម្ដែងនូវការអរគុណដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ចំពោះការផ្តល់នូវទំនុកចិត្ត និងឱកាសដល់រូបលោក ក្នុងការបន្តចូលរួមដឹកនាំពង្រឹងកងយោធពលខេមរភូមិន្ទតទៅមុខទៀត ក្រោមបុព្វហេតុបម្រើជាតិ សាសនា ព្រះហាក្សត្រ។

សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ បានចេញព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍ ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាពេលកន្លងទៅ មានឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ឯក «ផ្កាយ៣»។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក West Point, ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

លោកក៏ជាបញ្ញវន្តដែលបានប្រឡូកជាមួយការងារជាក់ស្តែងយូរឆ្នាំ ទាំងក្របខណ្ឌបក្ស ក្របខណ្ឌយោធា និងក្របខណ្ឌមនុស្សធម៌។ លោកបណ្ឌិត ក៏ត្រូវបានជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ថ្ងៃអនាគតផងដែរ៕