(កណ្តាល)៖ យុវជនប្រុសស្រីក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលជាង ២ពាន់នាក់ទៀត បានស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាពបម្រើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយចាស់ទុំ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា។ ការស្ម័គ្រចិត្តចូលរួមបម្រើគណបក្សប្រជាជនកម្ពុជា ក៏ដោយសារតែពួកគេបានមើលឃើញថា គណបក្សនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការដឹកនាំជាតិ ជាពិសេសបានសាងស្នាដៃ និងគុណបំណាច់ជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣នេះ អ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកណ្តាលស្ទឹង និងលោក ណុប រតនិមល ប្រធានយុវជនបក្សប្រជាជនកម្ពុជា ក្នុងស្រុកកណ្តាលស្ទឹង ព្រមទាំងក្រុមការងារបក្សជាច្រើនទៀត បានរៀបចំពិធីសំណេះសំណាល និងស្វាគមន៍ក្រុមយុវជនដែលចូលរួមរស់ និងបម្រើសកម្មភាពបក្ស។ ពិធីស្វាគមន៍ និងសំណេះសំណាលនេះ មានការចូលរួមពីសមាជិក សមាជិកា ព្រមទាំងក្រុមយុវជនចាស់ថ្មីក្នុងស្រុកកណ្តាលស្ទឹង សរុបជាង ៤ពាន់នាក់។
តំណាងឱ្យលោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រធានក្រុមការងារបក្សចុះជួយស្រុកកណ្តាលស្ទឹងនោះ អ្នកឧកញ៉ា ទ្រី ភាព បានប្រកាសស្វាគមន៍ដោយក្តីរីករាយ និងកក់ក្តៅបំផុត ចំពោះយុវជន យុវនារីក្នុងស្រុកកណ្តាលស្ទឹង ដែលចូលរួមជីវភាពនយោបាយ និងធ្វើសកម្មភាពបម្រើជាតិ និងប្រជាជនជាមួយគណបក្សប្រជាជនកម្ពុជា។
អ្នកឧកញ៉ា ទ្រី ភាព បានចាត់ទុកការសម្រេចចិត្តរបស់យុវជន យុវនារីទាំងនោះថា ជារឿងមួយដ៏ត្រឹមត្រូវ។ ត្រឹមត្រូវ ក៏ព្រោះថា គណបក្សប្រជាជនកម្ពុជា តែងតែតម្កល់នូវប្រយោជន៍ជាតិ និងប្រជាជនជាធំ ដូច្នេះការចូលរួមរបស់យុវជន យុវនារីជាមួយបក្ស គឺពួកគេមានឱកាសធ្វើសកម្មភាពជាប្រយោជន៍ដល់ជាតិ ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ពួកគេ។
អ្នកឧកញ៉ា បានក្រើនរំលឹកដល់យុវជន យុវនារីដែលចូលសមាជិកបក្សប្រជាជនទាំងអស់ ត្រូវតែអនុវត្តន៍ឱ្យបាននូវស្មារតីបក្ស រក្សាឱ្យបាននូវក្រមសីលធម៌ល្អ និងចូលរួមចំណែកធ្វើការងារជាប្រយោជន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន។
នៅក្នុងពិធីសំណេះសំណាលនោះ ក្រុមយុវជនដែលទើបចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក៏បានបង្ហាញពីមូលហេតុដែលនាំឱ្យពួកគេស្រឡាញ់ និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។
លោក សាន សាវុន ពលរដ្ឋរស់នៅឃុំបឹង ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានលើកឡើងថា ការដែលលោកស្ម័គ្រចិត្តចូលរួមជាមួយបក្សប្រជាជនកម្ពុជា ក៏ដោយសារតែបានមើលឃើញនូវគុណបំណាច់ជាច្រើនរបស់បក្សប្រជាជនកម្ពុជាចំពោះជាតិមាតុភូមិ។ គុណបំណាច់ដែលលោកបានមើលឃើញនោះ មានដូចជាការរំដោះជាតិពីរបបប្រល័យពូជសាសន៍ រំលត់នូវភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិ ព្រមទាំងកិច្ចប្រឹងប្រែងក្នុងការកសាងជាតិឱ្យមានការចម្រើនលូតលាស់យ៉ាងខ្លាំង។
សូមបញ្ជាក់ដែរថា ដោយសារតែថ្ងៃទី១៨ ខែមីនា នេះ ជាខួប៥៣ឆ្នាំថ្ងៃដែលក្រុមក្បត់ជាតិ ធ្វើរដ្ឋប្រហារទម្លាក់ សម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋនៃសង្គមរាស្ត្រនិយមនោះ អ្នកឧកញ៉ា ទ្រី ភាព ក៏បានរំលឹកដល់ព្រឹត្តិការណ៍នោះផងដែរ។ អ្នកឧកញ៉ា បានថ្លែងទៅកាន់សមាជិក សមាជិកាបក្សក្នុងស្រុកកណ្តាលស្ទឹងថា ផ្តើមចេញពីរដ្ឋប្រហារនោះហើយធ្វើឱ្យសង្គមកម្ពុជាធ្លាក់ចូលភ្នក់ភ្លើងសង្គ្រាម និងកើតមានរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សែនព្រៃផ្សៃ។
រំលឹកដល់ភាពវឹកវរក្នុងប្រវត្តិសាស្ត្រខ្មែរកើតចេញពីការធ្វើរដ្ឋប្រហារនោះ អ្នកឧកញ៉ា ទ្រី ភាព ក៏បានគូសរំលេចពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា និងវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានតស៊ូ និងធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និង ប្រឹងប្រែងពន្លត់ភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
ទន្ទឹមនឹងការរកបានសុខសន្តិភាព និងការឯកភាពជាតិនោះ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងបញ្ញាញាណ ក្នុងកិច្ចកសាង និងអភិវឌ្ឍន៍សង្គមជាតិឱ្យរុងរឿងរីកចម្រើនដូចពេលបច្ចុប្បន្ន ជាស្ថានភាពមួយដែលខ្មែរងើបចេញពីគំនរផេះនៃភ្លើងសង្គ្រាមមិនដែលនឹកស្មានដល់នោះឡើយ។ មិនត្រឹមតែធ្វើឱ្យសេដ្ឋកិច្ចជាតិចម្រើនលូតលាស់ ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ រស់នៅក្នុងសេចក្តីថ្លៃថ្នូរ និងសុខសុភមង្គលប៉ុណ្ណោះទេ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ក៏បានសាងនូវកិត្តិនាមខ្ទរខ្ទារលើឆាកអន្តរជាតិ តាមរយៈការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងការប្រយុទ្ធប្រឆាំងដោយជោគជ័យលើការរាតត្បាតជំងឺកូវីដ១៩ជាដើម។
ជាមួយការរំលឹកដល់ផលលំបាកកើតចេញពីភ្លើងសង្គ្រាម និងគូសរំលេចពីផលកើតចេញពីសុខសន្តិភាពហើយនោះ អ្នកឧកញ៉ា ទ្រី ភាព បានអំពាវនាវដល់សមាជិក សមាជិកា ក៏ដូចជាយុវជនរួមគ្នាជ្រោងទង់គណបក្សប្រជាជនកម្ពុជា រក្សាឱ្យបាននូវសុខសន្តិភាព ដែលកំពុងគ្របដណ្តប់ពាសពេញផ្ទៃប្រទេស។ ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ និងកម្ចាត់ឱ្យបានជាដាច់ខាតនូវចលនាទាំងឡាយ ដែលប៉ុនប៉ងធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត៕