(កំពង់ធំ)៖ គណបក្សប្រជាជនកម្ពុជា ទទួលសមាជិកថ្មីចំនួន៥៤០រូប ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងនោះលោក ស៊ុំ សន្និសិទ្ធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុក បានថ្លែងថា គណបក្សប្រជាជនកម្ពុជាស្វាគមន៍ជានិច្ច ចំពោះបងប្អូនដែលស្មគ្រ័ចិត្តចូលមករួមរស់ ជាសមាជិកគណបក្សប្រជាជនកម្ពុជាដោយ

មិនប្រកាន់ពីនិន្នាការអ្វីទាំងអស់។

ការលើកឡើងរបស់លោក ស៊ុំ សន្និសិទ្ធ ធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ទទួលសមាជិកថ្មីចំនួន៥៤០រូប ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកបានលើកឡើងថា នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះបច្ចុប្បន្នមិនមានគណបក្សនយោបាយណាមួយដែលមាន គោលនយោបាយច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ។ កន្លងមកថ្នាក់ដឹកនាំគណបក្ស
ប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សតែងតែរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា
មិនតែប៉ុណ្ណោះនៅគ្រប់កាលៈទេសៈណាក៏ដោយ គណបក្សប្រជាជនកម្ពុជា បានពុះពាររួមសុខរួមទុក្ខ និងហែលឆ្លងការលំបាកជាច្រើន ជាមួយប្រជាជនកម្ពុជាជារៀងរាងរហូតមក ហើយក៏នៅតែបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាព និងភាពសុខសាន្តប្រជាពលរដ្ឋ។

ក្នុងឱកាសនោះលោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន បានចាត់ទុកការចូលរួមរបស់សមាជិក សមាជិកានាពេលនេះថា បានផ្តល់នូវយុត្តិធម៌ ជំនឿ និងការគាំទ្រចំពោះការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជាផងដែរ។ តាមរយៈសមាជិកថ្មីបន្ថែមនេះនឹងធ្វើឲ្យកម្លាំង និងទឹកចិត្តគណបក្សប្រជាជនកម្ពុជា កាន់តែមានកម្លាំងដ៏ធំធេងនឹងធ្វើឲ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ ប្រជាជន និងការអភិវឌ្ឍប្រទេសថែមទៀតផង។

ជាក់ស្ដែងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ប្រទេសជាតិក្រោមការដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ​ប្រជាជនកម្ពុជាបានរស់នៅក្នុងសុខសន្តិភាព និងប្រទេសជាតិថែមទាំងមានស្ថិរភាពនយោបាយល្អក្នុងនោះ បានថែរក្សាយ៉ាងគត់មត់ លទ្ធិប្រជាធិបតេយ្យបានយ៉ាងរឹងមាំល្អ និងកំពុងបន្តចាក់ឫសកាន់តែជ្រៅក្នុងសង្គមជាតិ។ ជាមួយនេះក្នុងអំឡុង នៃការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ កម្ពុជាបានគ្រប់គ្រងដោយជោគជ័យ រីឯជីវភាពប្រជាជនរក្សាបានលំនឹង និងត្រូវបានលើកកម្ពស់ជាលំដាប់មិនតែប៉ុណ្ណោះ កិត្យានុភាពរបស់កម្ពុជា ក៏កាន់តែបានលើកកម្ពស់ នឹងលេចមុខលេចមាត់កាន់តែច្បាស់ថែមទៀតលើឆាកអន្តរជាតិ ខណៈកម្ពុជាបានបំពេញតួនាទី ជាប្រធានប្តូរវេនរបស់អាស៊ាន ប្រកបដោយជោគជ័យនោះ៕