(តាកែវ)៖ លោកបណ្ឌិត ពេជ សោភ័ន សហប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញការដ្ឋានជួសជុលផ្លូវ២ខ្សែ ក្នុងភូមិស្វាយចាល់ និងភូមិចន្ទមង្គល ស្ថិតក្នុងឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ក្នុងឱកាសនោះ លោកបណ្ឌិត ពេជ សោភ័ន បានរម្លឹកក្នុងអំឡុងសង្គ្រាម និងនៅក្នុងរបបខ្មែរក្រហមប្រល័យពូជសាសន៍ រាស្ត្រខ្មែររងទុក្ខរកអ្វីប្រៀបពុំបាន សូម្បីសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមានពីកំណើតមិនមានផង នេះមិនហ៊ាននឹកដល់សិទ្ធិសេរីភាពបញ្ចេញមតិលទ្ធិប្រជាធិបតេយ្យ។

លោកបណ្ឌិត ពេជ សោភ័ន បានលើកឡើងថា ទាំងអស់គ្នាគិតតែម្យ៉ាង គឺធ្វើឲ្យជីវិតរស់ជាមុនសិន ទើបគិតអ្វីៗផ្សេងទៀតជាក្រោយ។ នៅពេលដែលនិយាយពីសង្គ្រាម និងការរងទុក្ខវេទនា ដែលយើងហែលឆ្លងកាត់ ពលរដ្ឋទាំងអស់ ពិតជាមិនចង់ឲ្យមាន ឬឃើញសង្គ្រាម មិនថា សង្គ្រាមប្រើប្រាស់សព្វាវុធ ឬសង្គ្រាមវណ្ណៈនោះទេ។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានបង្ហាញទឹកមុខសប្បាយរីករាយ និងនិយាយថា ចង់ឃើញប្រទេសជាតិ មានការរីកចម្រើនទៅមុខបន្តទៀត បន្ទាប់ពីបានឆ្លងកាត់ភ្លើង សង្រ្គាមជាច្រើនឆ្នាំ និងគ្មានសិទ្ធិសូម្បីតែហាស្តី និងរស់រានមានជីវិត។

ប្រជាពលរដ្ឋដដែល បានឲ្យដឹងទៀតថា រហូតមកទល់នឹងពេលនេះ ការរស់នៅមានភាពសម្បូរសប្បាយ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ជាងពេលមុនៗ ព្រមទាំងមានការយកចិត្តទុកដាក់ យ៉ាងល្អប្រសើរពីថ្នាក់មូលដ្ឋានភូមិ ឃុំ និងស្រុក ដែលធ្វើឲ្យការរស់នៅប្រកបដោយសុខដុមរមនា។

ប្រជាពលរដ្ឋបន្ដថា សម្រាប់ថ្ងៃអនាគត ចង់ឃើញប្រទេសកម្ពុជា កាន់តែរីកចម្រើនថែមទៀត ពិសេសមានថ្នាក់ដឹកនាំដ៏ឆ្នើម និងឈ្លាសវៃ ដូចសម្តេចនាយករដ្ឋមន្រ្តីនាពេលបច្ចុប្បន្ន ដែលនាំឲ្យប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍគ្រប់វិស័យ មានការងារធ្វើពេញលេញ និងការទទួលបាននូវសុខមាលភាពសង្គម និងអត្ថប្រយោជន៍ផ្សេងៗ។

យោងតាមរបាយការណ៍របស់ក្រុមការងារមូលដ្ឋានឃុំចារ បានបង្ហាញថា ឃុំចារមានភូមិសរុបចំនួន៩ ទំហំផ្ទៃដីសរុបជាង ៣ពាន់ហិកតា។ ឃុំចារនេះ មានប្រជាជនរស់នៅចំនួនជាង ១ម៉ឺននាក់ ស្មើនឹងជាង ២ ២០០គ្រួសារ។ ដោយឡែក សមិទ្ធិផល និងការរីកចម្រើនក្នុងភូមិទាំង៩នេះ រួមមាន ផ្លូវថ្នល់, មានភ្លើងបំភ្លឺផ្លូវ, មានមណ្ឌលសុខភាពថ្មី, មានតូបផ្សារចារ, ប្រព័ន្ធធារាសាស្រ្ត សាលារៀន និងសាលាឃុំ -ល-៕