(ភ្នំពេញ)៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ ជាខួបលើកទី៥៣ឆ្នាំ នៃការធ្វើរដ្ឋប្រហារ (១៨ មីនា ឆ្នាំ១៩៧០) ទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋ និងជាដើមចមនាំឲ្យប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលពេញផ្ទៃប្រទេស រហូតឈានដល់កើតមានរបបវាលពិឃាតថែមទៀតផង។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនាមជាយុវជនខ្មែរជំនាន់ក្រោយ បានបញ្ចេញនូវទស្សនៈថា ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៃការធ្វើរដ្ឋប្រហារនេះហើយ ជាចំណុចចាប់ផ្តើម នៃការនាំកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្រ្គាមស៊ីវិល ដោយបន្តនាំទុក្ខវេទនារហូតរុញច្រានប្រជាជនកម្ពុជា ឲ្យធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា អ្វីដែលកូនខ្មែរគ្រប់ជំនាន់ត្រូវចងចាំ ចេញពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ គឺមេរៀនចំនួនពីរ ក្នុងនោះ៖

*ទី១៖ ការជ្រៀតជ្រែកពីបរទេសអាចនាំឲ្យកម្ពុជា ឆ្លងកាត់នូវភាពមិនច្បាស់លាស់ ហើយក៏អាចបង្កើតនូវសោដនាកម្មដូចអតីតកាល ដែលផ្តល់ជាមេរៀនដ៏ជូរចត់ដល់ប្រជាជនខ្មែរគ្រប់រូប

*ទី២៖ ការជ្រៀតជ្រែករបស់បរទេស ក៏នឹងអាចនាំមកនូវការបែកបាក់សាមគ្គីភាពរបស់ប្រទេសជាតិ និងប្រជាជនខ្មែរទាំងមូល ដែលសង្គមជាតិយើងបានឆ្លងកាត់ដ៏លំបាកអស់ជាច្រើនទសវត្សរ៍ ទម្រាំយើងសម្រេចបានពេញលេញនូវសាមគ្គី និងឯកភាពជាតិ ក្រោយការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨។

ផ្អែកលើមេរៀន នៃថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ កូនខ្មែរគ្រប់រូប ទី១៖ ត្រូវចងចាំដាច់ខាតនូវព្រឹត្តិការណ៍នេះ កុំឲ្យប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតនេះ កើតឡើងវិញ, ទី២៖ យើងត្រូវថែរក្សាសាមគ្គី ឯកភាព ផ្ទៃក្នុងរបស់ព្រះរាជាណាចក្រកម្ពុជាឲ្យបានដាច់ខាត ដោយដោះស្រាយបញ្ហាផ្ទៃក្នុងនានាដោយខ្លួនឯង និងជំរុញបន្ថែមទៀត ការអភិវឌ្ឍប្រទេសជាតិ ដោយផ្អែកលើផលប្រយោជន៍របស់ប្រទេសជាតិយើង និងទី៣៖ យើងត្រូវបញ្ជូនសារទៅមិត្តបរទេសដែរថា ទោះក្នុងកាលៈទេសៈណាក៏ដោយ គឺត្រូវគោរព អធិបតេយ្យ ឯករាជ្យ និងសិទ្ធិស្វ័យសម្រេចរបស់ព្រះរាជាណាចក្រកម្ពុជាដែលយើងត្រូវរក្សាឲ្យបានដើម្បីអនាគតរបស់ប្រជាជនយើង៕