(ភ្នំពេញ)៖ ថ្ងៃទី១៨ ខែមីនា កាលពី៥៣ឆ្នាំមុន គឺជាថ្ងៃដែលក្រុមព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ លោក លន់  នល់ អ៉ិន តាំ និង ចេង ហេង រួមគ្នាធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីព្រះមុខរដ្ឋសង្គមរាស្ត្រនិយមដ៏រុងរឿង។

ព្រឹត្តិការណ៍នេះត្រូវបានគេចាត់ទុកថា ជាការធ្វើរដ្ឋប្រហារមួយ តែក្រុមអ្នកធ្វើរដ្ឋប្រហារ​ប្រឹង​​ប្រែង​​ការពារខ្លួន ដោយលើកឡើងថាមិនមែនជាការធ្វើរដ្ឋប្រហារនោះឡើយ គឺជាការបោះឆ្នោត​រប​ស់អ្នកសមាជិកសភាដកសេចក្តីទុកចិត្តការដឹកនាំពីសម្តេច នរោត្តម សីហនុ។ ទស្សនៈ​ពីរ​នេះ នៅតែប្រទាញប្រទង់គ្នាមិនដាច់ស្រេចនៅក្នុងទស្សនៈរបស់ខ្មែរ។

ក្នុងថ្ងៃខួប៥៣ឆ្នាំ នៃការធ្វើរដ្ឋប្រហារនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបាន​រំលឹកថា នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ ពេលកំពុងអង្គុយនិយាយ​គ្នាលេង​នៅជ្រុងផ្ទះលោក គូ រុន (ទល់មុខបញ្ឆិតភោជនីយដ្ឋានស្ថានសួគ៌ ទួលគោកបច្ចុប្បន្ន) មានគេ​ទៅ​ប្រាប់​ថា គេបានទម្លាក់សម្តេចព្រះប្រមុខរដ្ឋហើយ ព្រោះបញ្ហាលក់ដីឱ្យយៀកកុង និងពុករលួយ។

លោករដ្ឋមន្ត្រីបន្តរំលឹកថា រហូតដល់ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៧០ ទើបនៅវិទ្យាល័យ​ឥន្ទ្រ​​ទេវី គេចាក់មេក្រូផ្សាយពីវិទ្យុជាតិ​និយាយពីការពិភាក្សា​ទម្លាក់​សម្តេច​ព្រះប្រមុខ​រដ្ឋនៅ​ក្នុងសភា​ជាតិ។

លោករដ្ឋមន្ត្រី បានគូសរំលេចថា រហូតដល់ឆ្នាំ១៩៧១ ពេលធ្វើជាលេខាធិការផ្ទាល់លោក អ៊ុង ស៊ីម ប្រធានក្រុមប្រឹក្សាព្រះរាជបល្ល័ង្ក (បន្ទាប់មកក្លាយជាព្រឹទ្ធសភាសាធារណរដ្ឋ ) ទើបលោកដឹងថា នៅថ្ងៃពិភាក្សាដកសម្តេច នរោត្តម សីហនុ គឺទាហានបានព័ទ្ធរដ្ឋ​សភា​ជុំជិត​រួចហើយ ហើយហាមនិយាយការពារព្រះប្រមុខរដ្ឋ។

ព័ត៌មានបានបញ្ជាក់ថា ការបោះឆ្នោតដកសម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋ​ដោយ​សមាជិកសភាប្រមាណ ៨៦ ទល់នឹង៣។ បើយោងទៅលើអ្វីដែលលោករដ្ឋមន្ត្រី បាន​រំលេចឡើងនេះស្តែងថា ការបោះឆ្នោតរបស់សភានាពេលនេះ គឺក្រោមការគំរាម​កំហែង​ពីកង​ទ័ពដឹកនាំដោយលោក លន់​ នល់។ ដូច្នេះនេះជាការស្តែងឱ្យឃើញយ៉ាងច្បាស់ពីការរៀបចំ​នូវផែនការធ្វើរដ្ឋប្រហារពីក្រុមក្បត់ជាតិ។

លោក ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ដែរថា ថ្ងៃនោះជាថ្ងៃដែលឈាមខ្មែររៀបចំក្លាយជា​ស្ទឹង ជាទន្លេ ព្រោះតែអ្នកនយោបាយខ្មែរមើលត្រឹមតែចុងច្រមុះខ្លួន មិនបានមើលវិវត្តន៍​នយោបាយ​​នៅខាងក្រៅបន្តិចណាសោះឡើយ។

សូមរំលឹកថា ថ្ងៃទី១៨ ខែមីនា កាលពី៥៣ឆ្នាំមុន ជាការវិវឌ្ឍន៍ព្រឹត្តិការណ៍នយោបាយ​ដ៏ធំ​នៅ​កម្ពុជា ហើយនាំដល់ភ្លើងសង្គ្រាម ការបែកបាក់យ៉ាងខ្លោចផ្សារ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាអាចបញ្ចប់ភ្លើងសង្គ្រាម និងការបែកបាក់នេះទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ ពីថ្ងៃឆាបឆេះនៃភ្លើងសង្គ្រាម រហូតដល់ថ្ងៃពន្លត់ទៅវិញ មានរយៈពេលជិត ៣០ឆ្នាំ៕