(ភ្នំពេញ)៖ អ្នកនាំចេញអាហារកែច្នៃពីកម្ពុជាទៅទីផ្សារជប៉ុន សម្លឹងឃើញថាទីផ្សារនេះ នៅតែមានសក្តានុពលសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា ជាពិសេសប្រភេទអាហារកែច្នៃ ឬដំណាប់ផ្លែឈើ ដែលជាឱកាសសម្រាប់ផលិតករខ្មែរ ដែលចង់ពង្រីកទីផ្សាររបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិ។

ការបង្កើតការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ មិនត្រឹមតែបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចប្រទេសកម្ពុជានោះទេ ថែមទាំងបានជួយដល់កសិករ ដែលកំពុងដាំដុះកសិផលនានា ស្របពេលរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តដល់អ្នកនាំចេញ តាមរយៈការលើកលែងពន្ធ VAT ១០%ទៀតផង។

លោក ផល រតនា ប្រធាននាយកដ្ឋានពាណិជ្ជកម្មនៃក្រុមហ៊ុន MISOTA FOOD ដែលជាក្រុមហ៊ុនខ្មែរ ផលិត និងកែច្នៃផ្លែឈើស្ងួត ដូចជា ស្វាយ ចេក ម្នាស់ ជាដើមបានឱ្យដឹងថា តាមរយៈបទពិសោធដែលលោកបាននាំចេញផ្លែឈើស្ងួតទៅកាន់ទីផ្សារជប៉ុន កត់សម្គាល់ឃើញថា ទីផ្សារជប៉ុននៅមានសក្តានុពលច្រើន សម្រាប់កម្ពុជាធ្វើការនាំចូលនូវទំនិញជាពិសេសទំនិញកែច្នៃម្ហូបអាហារ ដោយនៅជប៉ុន មានតម្រូវការលើប្រភេទផ្លែឈើកែច្នៃ ឬផ្លែឈើស្ងួតមានតម្រូវការគួរឱ្យកត់សម្គាល់ ខណៈបច្ចុប្បន្ននេះ ក៏មានធុរកិច្ចជនជប៉ុនមួយចំនួន បានមកទាក់ទងដើម្បីនាំចេញបន្ថែម។

លោកបានឱ្យដឹងថា ការនាំចេញទំនិញទៅប្រទេសជប៉ុន អាចនឹងមិនងាយស្រួលប៉ុន្មាននោះទេ ជាពិសេសប្រភេទម្ហូបអាហារ ដែលតម្រូវឱ្យការផលិតត្រូវមានគុណភាព មានស្តង់ដារអនាម័យ និងសុវត្ថិភាពអាហារ។ ចំពោះក្រុមហ៊ុនលោក មុននឹងអាចនាំចេញទៅប្រទេសជប៉ុនបាន ត្រូវចំណាយពេល១ឆ្នាំទើបអាចនាំចេញបាន។

ក្នុងនាមជាក្រុមហ៊ុននាំចេញផ្លែឈើកែច្នៃ ឬផ្លែឈើសម្ងួតទៅប្រទេសជប៉ុន អស់រយៈពេល៣ឆ្នាំ លោកបានប្រាប់ពីនិតិវិធីមួយចំនួន អ្នកនាំចេញត្រូវដឹង ដើម្បីអាចនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុនបាន៖

ទី១. ជាដំបូងយើងត្រូវកំណត់គោលដៅជាមុនសិន ថាត្រូវចេញទំនិញប្រភេទណា ព្រោះការនាំចេញរបស់ផលិតផលនីមួយៗ មានលក្ខខណ្ឌផ្សេងៗ តឹង ឬធូរទៅតាមប្រភេទផលិតផល។ ការនាំចេញប្រភេទអាហារកែច្នៃ ឬអាហារក្រៀម មានលក្ខខណ្ឌមិនសូវសាំញ៉ាំ ដូចការនាំចេញប្រភេទទំនិញស្រស់នោះទេ។

ទី២. សិក្សាពីទីផ្សារថា ប្រទេសជប៉ុនមានតម្រូវការលើអ្វីខ្លះ។ បន្ទាប់មកត្រូវទាក់ទងជាមួយដៃគូសហការនៅជប៉ុន ដើម្បីយកសំណាកផលិតផល ទៅតេស្តនៅប្រទេសជប៉ុន ថាត្រូវនឹងស្តង់ដារសុវត្ថិភាព និងតម្រូវតាមច្បាប់ប្រើប្រាស់នៅប្រទេសជប៉ុនដែរឬទេ។ បន្ទាប់ពីភាគីជប៉ុនពិនិត្យឃើញថា ផលិតផលនេះអាចនាំចេញទៅជប៉ុនបាន ភាគីជប៉ុន នឹងតម្រូវឱ្យយើងរៀបចំសារឯកសារមួយចំនួន ដូចជាវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ដែលអាចទៅសុំបាននៅក្រសួងពាណិជ្ជកម្ម និងឯកសារបញ្ជាក់ពីភូតគាមអនាម័យ ដែលអាចស្នើសុំបាននៅក្រសួងកសិកម្ម។

លោកពន្យល់បន្ថែមថា «នៅពេលដែលយើងមានវិញ្ញាបនបត្រ តម្រូវតាមការចង់បានរបស់ប្រទេសជប៉ុនហើយ យើងអាចចចុះកុងត្រាទិញលក់ជាមួយភ្ញៀវបាន។ ចំពោះការដឹកជញ្ជូន គឺមាន២ផ្លូវ គឺតាមផ្លូវទឹក (តាមរយៈកប៉ាល់) និងផ្លូវអាកាស (តាមរយៈយន្តហោះ)។

ទី៣. បន្តទទួលខុសត្រូវបើទោះបីជាទំនិញ បាននាំចេញទៅដល់ជប៉ុនហើយក៏ដោយ។
ត្រង់ចំណុចនេះលោកបានពន្យល់យ៉ាងដូច្នេះថា «មានន័យថាមិនមែនផលិតផលនាំចេញ ទៅដល់ជប៉ុនហើយយើងរួចខ្លួនទេ គឺយើងត្រូវបន្តផ្តល់ការធានាដល់គេទាំងអស់។ ប្រសិនបើផលិតផលយើងមួយឆ្នាំ គេលក់មិនទាន់អស់ ហើយមានបញ្ហាក៏យើងនៅតែទទួលខុសត្រូវដល់គេដែរ។ ជាធម្មតាផលិតផលរបស់យើង (អាហារកែច្នៃ) មានកាលកំណត់១ឆ្នាំកន្លះ ប៉ុន្តែពេលខ្លះការផលិតអាចមានបញ្ហាខុសបច្ចេកទេស ដែលធ្វើឱ្យខូចគុណភាពមុនពេលកំណត់ ដូចជាប្រែពណ៌ ឬប្តូររសជាតិ ហេតុនេះយើងត្រូវមានទំនួលខុសត្រូវប្តូរសងអតិថិជនវិញ ឬរកឬសគល់ថា បញ្ហានេះកើតឡើងមកពីអ្វី អាចមកពីការទុកដាក់ខាងយើង ឬអាចមកពីការទុកដាក់ខាងជប៉ុន មិនត្រូវតាមបច្ចេកទេស។ ប្រសិនបើកំហុសខាងយើងអ្នកផលិត គឺត្រូវតែសងគេវិញ»

លោកបានឱ្យដឹងដែរថា ការនាំចេញរបស់ក្រុមហ៊ុន MISOTA FOOD បានធ្វើឡើងពីរម៉ូដែល គឺទី១.លក់ទៅឱ្យអ្នកនាំចូលនៅប្រទេសជប៉ុនជាកញ្ចប់ធំៗ ហើយគេយកទៅវេចខ្ចប់ដាក់ម៉ាកសញ្ញារបស់ប្រទេសគេ ដើម្បីដាក់លក់នៅតាមទីផ្សារ។ និងប្រភេទទី២. វេចខ្ចប់ដាក់ម៉ាកសញ្ញាខ្លួនឯង ហើយនាំយកទៅលក់នៅលើទីផ្សារជប៉ុន។ ប៉ុន្តែយ៉ាងលោកកត់សម្គាល់ថា ការលក់តាមម៉ូដែលនេះ ហាក់មិនសូវបានច្រើននោះទេ ដោយសារគេមិនសូវស្គាល់ម៉ាករបស់ខ្មែរ និងមិនសូវចាប់អារម្មណ៍ទិញនោះទេ។

បើតាមលោក ផល រតនា ក្រុមហ៊ុន MISOTA FOOD បានចាប់ផ្តើមបើកដំណើរកាលពីឆ្នាំ២០១៧ និងចាប់ផ្តើមនាំចេញជាលើកដំបូងនៅឆ្នាំ២០២០ ដែលនាំចេញក្នុងបរិមាណ១០តោនក្នុងមួយឆ្នាំ ប៉ុន្តែកាលពីឆ្នាំ២០២២នេះ ក្រុមហ៊ុននេះ អាចនាំចេញបានរហូតដល់ជាង ១០០តោនក្នុងមួយឆ្នាំ។ ក្រៅពីជប៉ុន ក្រុមហ៊ុននេះក៏បាននាំចេញទៅអឺរ៉ុប និងអាមេរិកផងដែរ។

ថ្លែងក្នុងកម្មវិធីសន្និបាតបណ្តាញធុរជននៃសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) នៅថ្ងៃទី១៧ ខែមីនា លោក អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន មានប្រសាសន៍ថា ទីផ្សារជប៉ុន គឺជាទីផ្សារដែលមានស្ថិរភាព ប្រសិនបើផលិតកររបស់កម្ពុជា អាចចាប់ទីផ្សារនេះបាន។

លោកលើកឡើងថា «ប្រៀបធៀបទំនិញប្រភេទម្ហូបអាហារ ដែលយើងនាំចេញទៅប្រទេសផ្សេង និងជប៉ុន គឺជប៉ុន គាត់លម្អិតជាង ប៉ុន្តែបើបានទីផ្សារជប៉ុនហើយ គឺមានភាពមាំទាំបានយូរ និងមានស្ថិរភាព។ ប៉ុន្តែដំណាក់កាលដំបូងយើងត្រូវតស៊ូ និងពង្រឹងផលិតកម្ម ដើម្បីឆ្លើយតបទៅនឹងស្តង់ដារគេដែរ»

លោកបន្តថា តាមរយៈសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន បាននិងកំពុងបង្កើតបណ្តាញទំនាក់ទំនងរវាងផលិតករកម្ពុជា និងជប៉ុន ដើម្បីជំរុញការនាំចេញកសិផលពីកម្ពុជាឱ្យបានច្រើនថែមទៀត៕