(ភ្នំពេញ)៖ លោក កៅ អ៉ីមរ៉ន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលទទួលបន្ទុកិច្ខការយុវជន បានផ្ដាំផ្ញើដល់យុវជនទាំងអស់ត្រូវខិតខំកសាងខ្លួន ក្នុងនាមជាអ្នកបន្តវេនដែលពោពេញដោយឆន្ទៈ មនសិកាជាតិខ្ពស់ ប្រកបដោយចំណេះដឹង និងបទពិសោធន៍។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយយុវជនគណបក្សប្រជាជនកម្ពុជាឃុំពពេល ជាង៥០នាក់ នៅវិមាន៧មករា នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ លោក កៅ អ៉ីមរ៉ន បានគូសបញ្ជាក់ទៀតថា យុវជនបក្សត្រូវក្តាប់ឲ្យបានគ្រប់ស្ថានការណ៍ ដែលកើតមាននៅដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាជួយបំពេញសេចក្តីត្រូវការដល់ប្រជាពលរដ្ឋ ដើម្បីទាញយកប្រជាប្រិយភាពជូនគណបក្ស និងខិតខំកៀងគរសមាជិកបន្ថែមឆ្ពោះទៅរកជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ខាងមុខនេះ។

លោកបន្ថែមថា សកម្មជនយុវជគណបក្ស មានភារកិច្ចជាសេនាធិការដល់ថ្នាក់ដឹកនាំបក្សគ្រប់ឋានានុក្រម ដែលចាំបាច់ត្រូវតែចូលរួម និងសហការឲ្យបានស្អិតមួតជាមួយថ្នាក់ដឹកនាំគ្រប់ថ្នាក់ដែលខ្លួនកំពុងធ្វើសកម្មភាព ហើយគ្រប់សកម្មភាពទាំងអស់ ត្រូវមានរបាយការណ៍ឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវផ្សព្វផ្សាយនៅលើបណ្តាញសង្គមគ្រប់ប្រព័ន្ធឲ្យបានទូលំទូលាយ។

ជាចុងក្រោយ លោក កៅ អ៉ីមរ៉ន បានផ្តាំផ្ញើដល់យុវជទាំងអស់ ត្រូវតែរិតចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីជាកម្លាំងដ៏រឹងមាំ និងជាមូលដ្ឋានគ្រឹះនូវគ្រប់សកម្មភាពការងារ សម្រាប់ពេលបច្ចុប្បន្ន និងតទៅអនាគត៕