(បាត់ដំបង)៖ លោក ឡេង ប៉េងឡុង សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ និងជាប្រធានក្រុមការងារចុះជួយសង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​ រួមជាមួយក្រុមការងារគ្រប់ថ្នាក់ចុះជួយសង្កាត់អូរម៉ាល់​ បានរៀបចំធ្វើពិធីប្រកាសសមាជិក សមាជិកាគណបក្សសរុប ៣៥៧នាក់ នាព្រឹកថ្ងៃទី១៩​ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់អូរម៉ាល់។

លោក យ៉ាត​ ប៊ុត សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់អូរម៉ាល់ បានធ្វើមតិស្វាគមន៍ និងរបាយការណ៍ ពីវឌ្ឍនភាពរីកចម្រើនរបស់មូលដ្ឋានសង្កាត់អូរម៉ាល់​។

ក្នុងឱកាសនោះដែរ​ កញ្ញា ស៊ន់ និមល តំណាងឱ្យសមាជិក សមាជិកា ទើបបញ្ចូលថ្មី បានប្តេជ្ញាចិត្តថា មិនចូលរួមក្រុមទណ្ឌិតក្បត់ជាតិជាដាច់ខាត ប្រឆាំងដាច់ខាតរាល់ផែនការផ្តួលរំលំរាជរដ្ឋាភិបាលរបស់ក្រុមអគតិជ្រុលនិយមក្បត់ជាតិ និងបានប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គាំទ្របេក្ខភាពសម្តេចតេជោ ជានាយករដ្ឋមន្រ្តីបន្តទៀត។

លោក ឡេង ប៉េងឡុង បានលើកឡើងថា ការស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយរបស់បងប្អូនទាំងអស់គ្នាជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលនេះ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ហើយជាពិសេស គឺការបង្ហាញពីភាពជឿជាក់របស់បងប្អូនមកលើគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសបន្តទៅមុខទៀត។

លោកបានគូសបញ្ជាក់ថា ឆ្លងកាត់ដំណើរនយោបាយរបស់ប្រទេសកម្ពុជា មិនមានចលនានយោបាយណា មានធនធានក្នុងការដឹកនាំ និងកសាងមាតុភូមិដ៏កំសត់របស់យើងក្រៅពីគណបក្សប្រជាជនកម្ពុជាឡើយ។

លោក ឡេង ប៉េងឡុង បានសង្កត់ធ្ងន់ថា ការបញ្ចូលសមាជិកថ្មីនាឱកាសនេះ ជាចំនុចពិសេសមិនត្រឹមតែដើម្បីដណ្តើមប្រៀបឈ្នះសម្រាប់ការបោះឆ្នោតប៉ុណ្ណោះទេ តែជាការឆ្លុះបញ្ជាក់ឱ្យឃើញ «ការកសាងអនាគតរួមគ្នា»។

លោកបានបន្ថែមទៀតថា​ គណបក្សប្រជាជនកម្ពុជា​ គឺតែងតែគិតគូរផលប្រយោជន៍ និងលេីកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច​ ជាក់ស្ដែង​ដូចពេលនេះកម្ពុជាបានផ្តល់វ៉ាក់សាំងចាក់ជូនពលរដ្ឋដោយមិនគិតថ្លៃឡេីយ​ ដេីម្បីប្រយុទ្ធប្រឆាំងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាងនេះទៅទៀតរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គម ដើម្បីផ្តល់នូវការគាំពារដល់ប្រជាពលរដ្ឋកម្ពុជា ដែលសបញ្ជាក់ពីការយកចិត្តទុក្ខដាក់ដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ។

ក្នុងពិធីនោះ លោក ឡេង ប៉េងឡុង បានប្រគល់នូវសេចក្តីសម្រេចស្តីពីការបញ្ចូលសមាជិកថ្មី និងប័ណ្ណសមាជិកជូនសមាជិក សមាជិកាទាំងអស់ផងដែរ។

សូមជម្រាបថា ពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន៣៥៧នាក់ នៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ក៏មានការអញ្ជើញចូលរួមពី​លោក ញ៉ែម សាវើយ អនុប្រធានក្រុមការងារចុះជួយសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ព្រមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង សង្កាត់ ភូមិ នៃខេត្តបាត់ដំង ផងដែរ៕