(រតនគិរី)៖ ប្រជាកសិករអ្នកដាំស្វាយចន្ទីនៅខេត្តរតនគិរីកំពុងមមាញឹកនឹងការប្រមូលផលពាក់កណ្តាលរដូវ និងរីករាយជាមួយតម្លៃសមរម្យជាងមុន ព្រោះគ្មានក្រុមឈ្មួញដើរក្រឡុកតម្លៃដូចឆ្នាំមុន។

លោក ប៊ុន រ័ត្ន អ្នកមកពីខេត្តបាត់ដំបង រៀបរាប់ឲ្យដឹងនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះថា គ្រួសារគាត់មកដាក់កន្លែងទិញគ្រាប់ចន្ទីនៅភូមិអភិវឌ្ឍន៍ សង្កាត់ជ័យជំនះ ក្រុងបានលុង រយៈពេលប្រមាណ១ខែមកហើយ គឺអាចទិញបានក្នុង១ថ្ងៃ ជាង១០តោន ដោយតម្លៃគ្រាប់ស្វាយចន្ទីធម្មតា ក្នុង១គីឡូក្រាម តម្លៃ៤,១០០ដល់៤,២០០រៀល និងតម្លៃគ្រាប់ស្វាយចន្ទីពូជ ក្នុង១គីឡូក្រាម តម្លៃ៤,៨០០ដល់៥,០០០រៀល (តាមប្រភេទគ្រាប់ចន្ទីដាំលើដីសថ្លៃជាងលើដីក្រហម)។

ឈ្មួញរូបនេះបានបន្តថា ឆ្នាំនេះការប្រមូលផលពាក់កណ្តាលរដូវ តម្លៃគ្រាប់ស្វាយចន្ទីគឺថេរ ព្រោះគ្មានក្រុមឈ្មួញដើរក្រឡុកតម្លៃ ដែលនាំឲ្យពួកគាត់រកទទួលទានបានចំណេញក្បាលកាក់គ្រាន់ដោះស្រាយជីវភាពប្រសើរជាងធ្វើសំណាកស្រុក។

ប្រភពព័ត៌មានផ្សេងទៀតប្រាប់ឲ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទីមានតម្លៃថេរ (គ្រាប់ចន្ទីធម្មតា ៤,១០០ដល់៤,២០០រៀល និងគ្រាប់ស្វាយចន្ទីពូជ ៤,៨០០ដល់៥,០០០រៀល) គឺមានក្រុមឈ្មួញជនជាតិឥណ្ឌាមួយក្រុមចុះទិញដល់ចម្ការនៅស្រុកវ៉ើនសៃ និងស្រុកតាវែងផងដែរ។

ទាក់ទិនទៅនឹងគ្រាប់ស្វាយចន្ទីមានតម្លៃថេរក្នុងទីផ្សារ គ្មានក្រុមឈ្មួញដើរក្រឡុកនេះដែរ លោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News ដែរថា ថ្នាក់ដឹកនាំក្រសួងកសិកម្មយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាកសិករអ្នកដាំចន្ទី ព្រមទាំងជំរុញឲ្យមន្ត្រីមន្ទីរកសិកម្មខេត្តចុះដល់ចម្ការចន្ទីផ្ទាល់ និងស្រង់តម្លៃលើទីផ្សារ ខ្លាចក្រែងមានក្រុមឈ្មួញរកស៊ីទុច្ចរិតប្រកួតប្រជែងគ្មានភាពស្មោះត្រង់ បន្លំគុណភាព ទិញតម្លៃថោ ដែលបណ្តាលឲ្យប៉ះពាល់ដល់អ្នកដាំចន្ទី និងខូចកិត្តិយសខេត្តដែលមានសក្តានុពលខាងវិស័យកសិកម្ម។

លោក សយ សូណា បានបន្តថា ជាក់ស្តែង កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំមន្ត្រីនៃមន្ទីរកសិកម្មខេត្តចុះពិនិត្យសិក្សាអំពីឱកាស និងបញ្ហាប្រឈម ដើម្បីពិចារណារកដំណោះស្រាយក្នុងរំហូរគ្រាប់ស្វាយចន្ទីពីចម្ការទៅកាន់ទីផ្សារ ក្នុងគោលបំណងបង្កើនចំណូលជូនប្រជាកសិករអ្នកដាំចន្ទី និងសហគមន៍កសិកម្មភូមិចាអ៊ុង ឃុំធួយទុំ ស្រុកអូរជុំ ខេត្តរតនគិរី។

គួរបញ្ជាក់ថា នៅទូទាំងខេត្តរតនគិរី ផ្ទៃដីសរុបដាំចន្ទីមានចំនួន៦១,៥៤៨ហិកតា និងផ្ទៃដីប្រមូលផល៥១,៦៤២ហិកតា៕