(ក្រចេះ)៖ ព្រះចៅអធិការវត្តពន្លឺពេជ្រគិរីរាម ហៅវត្តភ្នំក្រឡាញ់ ភូមិសោបលើ ឃុំសោបលើ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានបិណ្ឌបាត្រចំពោះពុទ្ធបរិស័ទព្រមទាំងសប្បុរសជននានា រួមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចូលរួមនៅក្នុងកម្មវិធីបុណ្យពុទ្ធាភិសេកព្រះបដិមាព្រះសម្មាសម្ពុទ្ធ១០៩អង្គ កាន់អង្គឆ្លងដើមពោធិ៍ទាំង៩ និងសមិទ្ធផលផ្សេងៗក្នុងវត្ត ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៣ខាង។

ទន្ទឹមនឹងការជូនដំណឹងខាងលើ ព្រះអង្គក៏បានអំពាវនាវដល់ពុទ្ធបរិស័ទ និងសប្បុរសជន ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជួយកសាងសមិទ្ធផលក្នុងវត្តដាច់ស្រយាលមួយនេះតាមសទ្ធាជ្រះថ្លាផងចុះ។

ព្រះគ្រូសច្ចកល្យាណា សេន នរ៉ា ចៅអធិការវត្តពន្លឺពេជ្រគិរីរាម ភ្នំក្រឡាញ់ បានមានសង្ឃដីកាថា ព្រះអង្គរួមជាមួយគណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នាធ្វើបុណ្យដើម្បីតម្កល់ទុកជាវត្ថុស័ក្ដិសិទ្ធិនៅក្នុងទីវត្តអារាម សម្រាប់ជាទីសក្ការរបស់ពុទ្ធបរិស័ទទូទៅគោរពបូជាគ្រប់ៗជំនាន់តរៀងទៅ។ ចំណែកបុណ្យនេះឈ្មោះថាណ្យពុទ្ធាភិសេកព្រះបដិមាព្រះសម្មាសម្ពុទ្ធ១០៩អង្គ ដែលមាននៅក្នុងព្រះត្រ័យបិដក ហើយមានទាំងបុណ្យឆ្លងផ្លូវបេតុង និងបុណ្យកាន់អង្គឆ្លងដើមពោធិ៍ថ្វាយព្រះសម្មាសម្ពុទ្ធទាំង៥ និងព្រះអនន្តទាំង២ និងព្រះអគ្គសាវកព្រះសារីបុត្រ និងព្រះមោគ្គល្លានផងដែរ។

ព្រះគ្រូ សេន នរ៉ា មានសង្ឃដីកាបន្តថា នៅក្នុងកម្មវិធីបុណ្យមានការនិមន្តព្រះសង្ឃចំនួន១០៩អង្គបិណ្ឌបាត្រ ចំណែកនៅពេលរាត្រីនៃកម្មវិធីបុណ្យនេះ ក៏មានក្រុមសិល្បល្ខោនបាសាក់នាយក្រិន សម្ដែងជូនទស្សនា។ ដោយឡែក តារាកម្លែង នាយកុយ និងតារាចម្រៀង លោកឧកញ៉ា ព្រាប សុវត្ថិ ក៏អញ្ជើញចូលរួមផងដែរ។ ព្រះអង្គក៏បានជូនដំណឹង និងអញ្ជើញពុទ្ធបរិស័ទ និងសប្បុរសជននានាទូទាំងប្រទេស រួមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចូលរួមនៅក្នុងកម្មវិធីបុណ្យនេះកុំបីខាន។

ចៅអធិការបានបន្ថែមទៀតថា វត្តពន្លឺពេជ្រគិរីរាម ភ្នំក្រឡាញ់ កសាងឡើងជាង២០ឆ្នាំមកហើយ ស្ថិតនៅលើភ្នំ ក្នុងតំបន់ដាច់ត្រយាលមួយឆ្ងាយពីទីប្រជុំជន និងភូមិឋានអ្នកស្រុក ជាអារាមដ៏ខ្សត់បំផុតនៅខេត្តក្រចេះនេះ។ រហូតមកទល់នឹងពេលបច្ចប្បន្ននេះពុំទាន់មានព្រះវិហារ សាលាឆាន់ សាលាធម្មសភាឡើយ គឺមានតែកុដិឈើតូចៗដែលកសាងអំពីឈើ សម្រាប់ព្រះសង្ឃគង់នៅតែប៉ុណ្ណោះ ហើយសព្វថ្ងៃព្រះអង្គមានបំណងកសាងសមិទ្ធផលជាច្រើនខាងលើដែរ ប៉ុន្តែមានការខ្វះខាតថវិកាជាខ្លាំង។

សូមរម្លឹកថា កាលពីអំឡុងឆ្នាំ២០២០ លោកយាយឈ្មោះ ស្រៀន ដែលជាអ្នកស្នងរូបលោកតាភ្នែកទិព្វ បានឱ្យដឹងថា វត្តពន្លឺពេជ្រគិរីរាម ហៅវត្តភ្នំក្រឡាញ់ នេះត្រូវបានលោកយាយកសាងឡើងដោយផ្ទាល់នៅអំឡុងឆ្នាំ២០០៣មកម្ល៉េះ ដោយសារតែនៅលើភ្នំក្រឡាញ់នេះមានឫទ្ធីបារមីខ្លាំងពូកែ ហើយកន្លងមកតែងបានយារយី អ្នកស្រុករហូតមានអ្នកស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់នោះ ទើបលោកយាយផ្ដើមការកសាងទីអារ៉ាម ព្រះពុទ្ធសាសនានៅទីនោះដើម្បីចម្លងគ្រោះដល់អ្នកស្រុកតំបន់នោះ។

លោកយាយបានកសាងដងទង់ និងកុដិឈើជាដើម ប៉ុន្តែខណៈនោះពុំមានព្រះសង្ឃគង់នៅឡើយ លុះត្រាតែមានពិធីបុណ្យទានផ្សេងៗ ទើបនិមន្តព្រះសង្ឃពីបណ្ដាវត្តនានាទៅធ្វើកិច្ចនៅទីនោះយូរម្ដងប៉ុណ្ណោះ ហើយបន្ទាប់ពីការកសាងវត្តនៅលើភ្នំនេះ រួចកាលណាមកឃើញថាអ្នកស្រុកក៏លែងមានអ្នកស្លាប់ទៀតដែរ។

បើតាមលោកយាយ ស្រៀន បានរៀបរាបថា លុះមកដល់ឆ្នាំ២០១៧ ទើបមានព្រះសង្ឃទៅគង់នៅ ប៉ុន្តែនៅមិនបានជាប់លាប់នោះឡើយ ដោយគង់បានត្រឹមតែមួយរយៈពេលប៉ុណ្ណោះ ក៏និមន្តចាកចេញទៅវិញព្រោះតែទីនោះក្រក្សត់ខ្លាំងពេក។ បន្ទាប់មកទៀតនៅចុងឆ្នាំ២០២០កន្លងមក ទើបមានព្រះសង្ឃមកគង់នៅចំនួន ៣អង្គ ក្នុងនោះមានព្រះភិក្ខុ ១អង្គ ព្រះនាមសច្ចៈកល្យាណា សេន នរ៉ា ដែលជាអតីតជាព្រះគ្រូសូត្រ នៅវត្តភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺ បានទៅគង់នៅធ្វើជាគ្រូចៅអធិការវត្តភ្នំក្រឡាញ់នេះ និងមានគណៈកម្មការអាចារ្យចំនួន ៣នាក់។

លោកយាយបានបន្ថែមថា ព្រះគ្រូចៅអធិការអង្គនេះ ជាព្រះសង្ឃកំពុងមានភាពល្បីល្បាញនៅត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ព្រោះតែព្រះអង្គចេះមន្តអាគមន៍ខ្លាំងពូកែ អាចបង្រ្កាបខ្មោចព្រាយបិសាច ចេះដោះអំពើ និងស្រោចទឹករំដោះគ្រោះលើករាសីផងដែរ។ ប្រការនេះបានធ្វើឱ្យអ្នកស្រុកមានជំនឿ និងគោរពព្រះអង្គយ៉ាងខ្លាំង ហើយបន្ទាប់ពីទៅគង់នៅក្នុងវត្តខាងលើព្រះអង្គបានខិតខំស្វះស្វែងរកសប្បុរសជននានា ដើម្បីជួយកសាងសមិទ្ធផលក្នុងវត្តមួយនេះ ហើយក៏សង្ឃឹមថានឹងមានអ្នកចិត្តសប្បុរសជួយកសាងទីអារ៉ាមមួយនេះ ឱ្យមានការរីកចម្រើនមិនខានឡើយ៕