(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សូមជម្រាបថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានដាក់ឱ្យអនុវត្តលើក​ដំបូងពី២០០៤-២០០៨, ដំណាក់កាលទី២ ពីឆ្នាំ២០០៩-២០១៥, ដំណាក់កាលទី៣ ពីឆ្នាំ២០១៦-២០២២។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាកម្មវិធីកែទម្រង់ស្នូលមួយ នៃកម្មវិធី​កែទម្រង់​សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅពង្រឹងអភិបាលកិច្ច។ ការគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព គឺជាមូលដ្ឋាន​គ្រឹះដ៏ចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ និងកែលម្អជីវភាពប្រចាំ ថ្ងៃរបស់ប្រជា​ជន​កម្ពុជា។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យប្រកបដោយមហិច្ឆិតា និង​ប្រាកដនិយម ពោលគឺកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យស្របតាមស្តង់ដា និង​ឧត្តមានុវត្តន៍​អន្តរជាតិ ដែលមានគោលដៅផ្លាស់ប្តូរប្រព័ន្ធ ដែលផ្ដោតលើធាតុចូល និងមាន​លក្ខណៈមជ្ឈការ ឆ្ពោះទៅប្រព័ន្ធដែលផ្ដោតលើធាតុចេញ ឬលទ្ធផល និងវិមជ្ឈការ។

សមិទ្ធផលដ៏ត្រចះត្រចង់នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពី​ដំណាក់​កាលទី១ (ឆ្នាំ២០០៥) រហូតមកដល់បច្ចុប្បន្ន បានអនុញ្ញាតឱ្យ​រាជរដ្ឋាភិបាល​អាច​សន្សំ និងបង្ហូរថវិកាកាន់តែច្រើន ទៅកាន់វិស័យអាទិភាព ក៏ដូចជាអាចបង្កើនយ៉ាងច្រើន នូវ​ធនធានវិនិយោគសាធារណៈក្នុងស្រុក, ពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដោះ​ស្រាយ​វិបត្តិកូវីដ១៩, ជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ រងផលប៉ះពាល់ដោយអតិផរណា គ្រោះទឹកជំនន់ ជូនដល់កម្មករក្នុងវិស័យរងផលប៉ះពាល់ ជាមួយគ្នានេះថវិកាថ្នាក់ក្រោមជាតិក៏ត្រូវបានបង្កើនផងដែរ ដែលជាប្រការជួយ​លើកស្ទួយ​មួយ​កម្រិត ដល់ឯករាជ្យភាពផ្នែកថវិការបស់កម្ពុជា៕