(ព្រះសីហនុ)៖ នាវាជើងទឹករបស់កងទ័ពរំដោះប្រជាជនចិន ១គ្រឿង លេខ៩៩៩ ជាប្រភេទនាវាពហុមុខងារ Type-071 ដែលផ្ទុកយោទ្ធោបករណ៍យោធាជាច្រើន បានចូលចតនៅកំពង់ផែសមុទ្រអន្តរជាតិក្រុងព្រះសីហនុ នាវេលាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៣ ម្សិលមិញ។

ការមកដល់នៃវានាកងទ័ពជើងទឹកនេះ គឺដើម្បីរៀបចំធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៣ រួមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលនឹងចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

បើតាមមន្ត្រីកងទព័ជើងទឹកមូលដ្ឋានសមុទ្ររាមកម្ពុជា បានឱ្យដឹងថា យោងតាមឯកសារជាលក្ខណៈបច្ចេកទេសរបស់នាវា លេខ៩៩៩ ខាងលើ មានបណ្តោយ ២១០ម៉ែត្រ, ទទឹង២៨ម៉ែត្រ,ជម្រៅទឹក ៧ម៉ែត្រ, ល្បឿន ២៥ណត, ផ្ទុកទម្ងន់ ២៥,០០០តោន, នាវិក ៤០០នាក់, ឧទ្ធម្ភាចក្រ Z8 Super Frenlon ចំនួន ៤គ្រឿង។

នាវានេះដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ជិន មិញធាន នាយសេនាធិការង កងទ័ពជើងគោក ភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។

បើតាមគម្រោងសម្ភារៈទាំងអស់គ្រោងនឹងដឹកចេញពីក្រុងព្រះសីហនុ ហើយឆ្ពោះទៅកាន់ទីលានសមយុទ្ធ នៅភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង ជាទីតាំងរៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២៣ រួមគ្នារវាងកងទ័ពទាំងពីរ។

សូមបញ្ជាក់ថា កងទ័ពកម្ពុជា និងចិននឹងធ្វើសមយុទ្ធរួមគ្នាដោយមានលក្ខណៈទ្រង់ទ្រាយធំ ក្នុងគោលបំណងការពារនូវសន្តិសុខចំពោះព្រឹត្តិការណ៍ធំៗ និងរបៀបជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយនានាដែលកើតចេញពីយថាហេតុណាមួយនោះ។កងទ័ពនៃប្រទេសទាំងពីរបានឯកភាពគ្នាធ្វើសមយុទ្ធរួមគ្នា នៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

គិតត្រឹមឆ្នាំ២០២៣នេះ កម្ពុជានិងចិន បានសមយុទ្ធ «នាគមាស» រួមគ្នាបានចំនួន៤លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦ ,២០១៨, ២០១៩ និងឆ្នាំ២០២០ ខណៈឆ្នាំ២០១៧ កងទ័ពទាំងពីរបានផ្អាកដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និង ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ហើយឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩៕