(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានដាក់ឱ្យអនុវត្តលើក​ដំបូងពី២០០៤-២០០៨, ដំណាក់កាលទី២ ពីឆ្នាំ២០០៩-២០១៥, ដំណាក់កាលទី៣ ពីឆ្នាំ២០១៦-២០២២។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថារយៈពេលប្រមាណជាង៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនមែនរង់ចាំទាល់តែមានសន្តិភាពពេញលេញ ទើបធ្វើកំណែទម្រង់នោះទេ។ សម្តេចតេជោ បានថ្លែងថា ការរស់រានរបស់កម្ពុជានាពេលនេះ គឺបានមកដោយការធ្វើកំណែទម្រង់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជីវិតរបស់សម្តេចជួបនូវការផុយស្រួយយ៉ាងខ្លាំងលើការធ្វើកំណែទម្រង់នេះ។ ការធ្វើកំណែទម្រង់របស់សម្តេចមានចំនួនពីររួមមាន ទី១ កំណែទម្រង់ខាងនយោបាយ គឺត្រូវដោះស្រាយជម្លោះកម្ពុជា តាមរយៈការចរចា និងទី២ កំណែទម្រង់ខាងសេដ្ឋកិច្ច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានកម្លាំងសង្កត់៣ ធ្វើឱ្យប៉ះពាល់ដល់ជីវិតនយោបាយ និងការធ្វើកំណែទម្រង់ រួមមាន ទី១៖ ការមិនចុះសម្រុងគ្នានៅក្នុងផ្ទៃក្នុងបក្សក្រោយពេលផ្តួលរំលំខ្មែរក្រហម ទី២៖ របបទីផ្សារខុសគ្នារវាងវៀតណាម និងកម្ពុជា និងទី៣ ការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកសេរី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើកំណែទម្រង់របស់កម្ពុជា បានធ្វើជាបន្តបន្ទាប់ដោយមិនចាំជំនួយរបស់បរទេសនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលប្រមាណ២០ឆ្នាំកន្លងទៅនេះ បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា ទាំងសមិទ្ធផលក្នុងការកែលម្អអភិបាលកិច្ច នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភាពនៃការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាការពិត ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម មានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយនឹងសមិទ្ធកម្ម នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬ ថវិកាជាតិ ។ នៅឆ្នាំ២០០៣ មុនការចាប់ផ្ដើមអនុវត្តកម្មវិធីកែទម្រង់នេះ ចំណូល ថវិកាជាតិសរុប មានប្រមាណតែ ១ ៨២១ ប៊ីលាន រៀលប៉ុណ្ណោះ រីឯចំណាយថវិកាជាតិមានប្រមាណ ២ ៩៩៤ ប៊ីលានរៀល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល២០ឆ្នាំក្រោយ ចំណូលថវិកាជាតិ ក្នុងឆ្នាំ២០២៣ ត្រូវបានប៉ាន់ស្មានថា នឹងមានរហូតដល់ ៣២ ៩៣៦ ប៊ីលានរៀល ឯណោះ រីឯចំណាយថវិកាជាតិសរុបមានប្រមាណ ៤១ ៥៣៧ ប៊ីលានរៀល ។ សូចនាករសមិទ្ធកម្មដ៏ល្អប្រសើរនេះ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឱ្យកម្ពុជាទទួលបានកំណើន និងបន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ រហូតដល់សម្រេចបាននូវចំណាត់ថ្នាក់ជាប្រទេសមានចំណូល មធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ និងកំពុងបោះជំហានប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូល កម្រិតខ្ពស់នៅឆ្នាំ ២០៥០។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាលើកកម្ពស់ជីវភាព និង គុណភាពរបស់មន្ត្រីរាជការ ពង្រឹងប្រសិទ្ធភាពស្ថាប័នសាធារណៈ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អឡើង តាមរយៈអាទិភាពចំនួន៤ នៅក្នុងយុទ្ធសាស្ត្រចតុកោណគឺ មនុស្ស ផ្លូវ ទឹក និងភ្លើង ដែលសំដៅដល់ការកសាង និងការអភិវឌ្ឍឥតឈប់ឈរនូវហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និងមិនមែនរូបវន្តលើគ្រប់វិស័យ។
រឹតតែសំខាន់ជាងនេះសមិទ្ធផលទាំងអស់នេះ គឺជាកត្តារួមចំណែកដ៏ធំធេង ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាដែលមានការធ្លាក់ចុះជាលំដាប់។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានមកដល់ដំណាក់កាលទី៤ ដែលជាដំណាក់កាល ចុងក្រោយរបស់ខ្លួន បន្ទាប់ពីត្រូវបានអនុវត្តអស់រយៈពេលជិត២០ឆ្នាំ ដែលសម្តេចធ្លាប់បានធ្វើជាអធិបតីក្នុងពិធីប្រកាសដាក់ចេញនូវដំណាក់កាលទី១ នៃកម្មវិធីកែទម្រង់នេះ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០០៤។

* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជាមួយនឹងឆន្ទៈមុតស្រួចឥតរាថយ និងឥតងាករេ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញអនុវត្តកម្មវិធីកែទម្រង់ ដ៏មានសារៈសំខាន់បំផុតមួយនេះ ឆ្លងកាត់ដំណាក់កាលធំៗចំនួន៣រួមមាន៖ ដំណាក់កាលទី១ ត្រូវបានអនុវត្ត ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៨ ដែលមានគោលដៅគន្លឹះ សំដៅលើការបង្កើនភាពជឿទុកចិត្តនៃថវិកា។ ដំណាក់កាលទី២ ត្រូវបានអនុវត្តពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៥ ដែលមានគោលដៅគន្លឹះ សំដៅលើ ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ និង ដំណាក់កាលទី ៣ ត្រូវបានអនុវត្តពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២ ដែលមានគោលដៅគន្លឹះ សំដៅលើ ការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោល-នយោបាយ។ ដំណាក់កាលទី ៤ ដែលយើងកំពុងប្រកាសដាក់ឱ្យ ចាប់ផ្តើមអនុវត្តនាពេលនេះ ត្រូវបានគ្រោងចាប់អនុវត្តពីឆ្នាំ ២០២៣ នេះរហូតដល់ឆ្នាំ ២០២៧ ដែលមានគោលដៅគន្លឹះ សំដៅលើការបង្កើនគណនេយ្យភាពសមិទ្ធកម្ម។

* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បុព្វហេតុឯករាជ្យ និងអធិបតេយ្យជាតិ សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើង នូវភាពជាម្ចាស់ និងតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិដោយបាន កាត់បន្ថយការពឹងពាក់លើការខ្ចីពីក្រៅប្រទេស ដែលបច្ចុប្បន្ន ការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំមានទំហំមិនស្មើនឹង២០ភាគរយនៃថវិកាជាតិសរុបនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងអតីតកាល៣០ឆ្នាំមុន ចំណូលក្នុងស្រុកដែលយើងរកបានដោយខ្លួនឯង មានត្រឹមប្រមាណមួយភាគបីនៃថវិកាជាតិសរុបតែប៉ុណ្ណោះ បានន័យថា តមូ្រវការប្រមាណពីរភាគបីនៃថវិកាជាតិត្រូវបាន ដោះស្រាយដោយប្រភពធនធានជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស ។ នេះគឺជាលទ្ធផលជាក់ស្ដែងដែលយើងសម្រេចបាន ស្របតាមគោលជំហរដឹកនាំ ដែលសម្តេចធ្លាប់បានប្រកាសជាសាធារណៈ នាពេលកន្លងទៅ គឺ ៖ «កែទម្រង់-រស់ មិនកែទម្រង់- ស្លាប់»។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចការកែទម្រង់បានធ្វើឱ្យក្ដីរំពឹងទុកលើការកសាង ប្រជាជាតិរបស់យើង ដែលត្រូវបានចារឹកទុកក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ក្លាយទៅជាការពិតនោះគឺ៖ «ទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិឱ្យបានឈានឡើង រីកចម្រើនលូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍» និងប្រែក្លាយ កម្ពុជាឱ្យទៅជា «កោះសន្ដិភាព» យ៉ាងពិតប្រាកដ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីបន្តជំរុញអនុវត្តដំណាក់កាលចុងក្រោយនៃកម្មវិធីកែទម្រង់នេះឱ្យសម្រេចបានជោគជ័យតាមការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន សូមផ្តល់អនុសាសន៍គន្លឹះចំនួន៨ចំណុច សម្រាប់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃគ្រប់ក្រសួង-ស្ថាប័ន ដែលជាតួអង្គនិម្មាបនករ និងប្រតិបត្តិករនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពខ្ពស់ ចំពោះការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ ដែលតាមរយៈនេះ យើងអាចកសាងមូលដ្ឋានគ្រឹះ តាមដំណាក់កាលនីមួយៗ និងអាចឈានមកដល់ដំណាក់កាល ចុងក្រោយនេះបានដោយជោគជ័យយ៉ាងប្រចក្ស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមផ្ដាំផ្ញើ និងជំរុញ ជាថ្មីម្តងទៀត ឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តសកម្មចូលរួមអនុវត្ត តាមបេសកកម្ម មុខងារ កម្មវិធីការងារ និងគណនេយ្យភាពរបស់ខ្លួនប្រកបដោយភាពជាម្ចាស់ និង ឆន្ទៈកែទម្រង់មោះមុត នៅក្នុងកម្មវិធីកែទម្រង់នេះ ដូចត្រូវបាន កំណត់នៅក្នុងឯកសារ «ចក្ខុវិស័យ និងយុទ្ធសាស្ត្រស្ដីពីកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤»។

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ដំណាក់កាលទី ៤ នឹងត្រូវបានអនុវត្ត ប្រកបដោយជោគជ័យ ជាមួយនឹងការដកស្រង់នូវមេរៀន និងពិសោធន៍ល្អៗ ព្រមទាំងការតាមដាន ការត្រួតពិនិត្យ និង ការវាយតម្លៃជាបន្តបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជម្នះនូវឧបសគ្គផងទាំងពួង ប្រកបដោយស្មារតីសាមគ្គី កិច្ចសហការ និងការសម្របសម្រួលខ្ពស់ក្នុងគោលបំណងសម្រេចឱ្យបាននូវចក្ខុវិស័យ កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតបទៅតាម ស្ដង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៩៖០៧នាទីនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់តាមរយៈបណ្តាញព័ត៌មាន Fresh News៕