(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមអនុវត្តន៍កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលរហូតមកដល់ពេលនេះ មានរយៈពេលប្រមាណ ២០ឆ្នាំហើយ។ ការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល គឺបានបង្កើននូវសមិទ្ធផលប្រវត្តិសាស្ត្រជាច្រើន ជូនជាតិមាតុភូមិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលប្រមាណ ២០ឆ្នាំកន្លងទៅនេះ បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រ ជាច្រើននៅកម្ពុជា ទាំងសមិទ្ធផលក្នុងការកែលម្អអភិបាលកិច្ចនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភាពនៃការរីកចម្រើនផ្នែកសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រកាស ដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ជាការពិត ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម មានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយនឹងសមិទ្ធកម្ម នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬថវិកាជាតិ។ នៅឆ្នាំ២០០៣ មុនការចាប់ផ្ដើមអនុវត្តកម្មវិធីកែទម្រង់នេះ ចំណូល ថវិកាជាតិសរុប មានប្រមាណតែ ១ ៨២១ ប៊ីលាន រៀលប៉ុណ្ណោះ រីឯចំណាយថវិកាជាតិមានប្រមាណ ២ ៩៩៤ ប៊ីលានរៀល។ រយៈពេល២០ឆ្នាំក្រោយ ចំណូលថវិកាជាតិ ក្នុងឆ្នាំ២០២៣ ត្រូវបានប៉ាន់ស្មានថានឹងមានរហូតដល់ ៣២ ៩៣៦ ប៊ីលានរៀល ឯណោះ រីឯចំណាយថវិកាជាតិ សរុបមានប្រមាណ ៤១ ៥៣៧ ប៊ីលានរៀល។

សម្តេចបន្ថែមថា «សូចនាករសមិទ្ធកម្មដ៏ល្អប្រសើរនេះ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឱ្យកម្ពុជាទទួលបានកំណើន និងបន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ រហូតដល់សម្រេចបាននូវចំណាត់ថ្នាក់ជាប្រទេសមានចំណូល មធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ និងកំពុងបោះជំហានប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូល កម្រិតខ្ពស់នៅឆ្នាំ ២០៥០»

សម្តេចបន្តថា សមិទ្ធផលនៃកំណែទម្រង់ហរិញ្ញវត្ថុសាធារណៈនេះ បានផ្តល់លទ្ធភាពកាន់តែខ្ពស់ជូនដល់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាលើកកម្ពុជាជីវភាព និងគុណភាពរបស់មន្ត្រីរាជការ ពង្រឹងប្រសិទ្ធភាពស្ថាប័នសាធារណៈ និងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានកាន់តែល្អ តាមរយៈអាទិភាពចំនួន៤ នៅក្នុងយុទ្ធសាស្ត្រចតុកោណ គឺមនុស្ស ផ្លូវ ទឹក និងភ្លើង ដែលសំដៅដល់ការកសាង និងការអភិវឌ្ឍឥតឈប់ឈរ ហេដ្ឋារចនាសម្ព័ន្ធទាំងរូបវ័ន្ត និងមិនមែនរូបវ័ន្តលើគ្រប់វិស័យ។

សម្តេចតេជោបន្ថែមទៀតថា​ សមិទ្ធផលទាំងអស់នេះ បានរួមចំណែកយ៉ាងធំធេង ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលមានការធ្លាក់ចុះជាលំដាប់។ ជាមួយគ្នានេះ សុខភាពដ៏ល្អប្រសើរ នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា បានធ្វើឲ្យរាជរដ្ឋាភិបាល មានថវិកាសន្សំគ្រប់គ្រាន់ សំរាប់ដោះស្រាយបញ្ហាជាយថាហេតុទាំងឡាយនាគ្រាកន្លងទៅ ដូចជាការឆ្លើយបតទៅនឹងស្ថានភាពមិនអំណោយផល បង្កឡើងដោយវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ក៏ដូចជាឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងគ្រោះធម្មជាតិផ្សេងៗ ដែលមិនអាចស្មានទុកជាមុនបាន។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានថ្លែងថា សមិទ្ធផលក្នុងរយៈពេលជិត២០ឆ្នាំនេះ បានបង្ហាញជាក់ច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាសេនាធិការ បាននិងកំពុង ធ្វើដំណើរនៅលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅកាន់ការសម្រេចបាន នូវចក្ខុវិស័យដែលបានកំណត់។

លោកបន្តថា ជោគជ័យនៃការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ បានផ្ដល់ផលជាបណ្ដើរៗ លើការពង្រឹងគុណភាព «អភិបាលកិច្ចល្អ» និង ការកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរឹងមាំមួយ ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចលើកកម្ពស់ជីវភាព និងបម្រើសេវាសាធារណៈ ជូនប្រជាជនបានកាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍធនធានមនុស្ស ឱ្យកាន់តែមានគុណភាព ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ដូចជា ប្រព័ន្ធគមនាគមន៍, ប្រព័ន្ធធារាសាស្ត្រ និង ប្រព័ន្ធអគ្គិសនី ការកសាងសាលារៀន និង មន្ទីរពេទ្យ បានកាន់តែច្រើន និង មានគុណភាពកាន់តែប្រសើរឡើងឥតឈប់ឈរ។

លោកបន្ថែមថា «សមិទ្ធផលជាប្រវត្តិសាស្ត្រនៃការកែទម្រង់ និងការអភិវឌ្ឍ ដែលយើងទាំងអស់គ្នាកំពុងតែក្រេបជញ្ជក់ជាមនុញ្ញផលនេះ អាចសម្រេចបានមក ដោយសារកិច្ចប្រឹងប្រែងរួមជាធ្លុងមួយ ជាមួយនឹងឆន្ទៈមុត្រស្រួចឥតរាថយនៃថ្នាក់ដឹកនាំ និង មន្រ្តីរាជការពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៃគ្រប់ក្រសួង-ស្ថាប័នជាតិ នៅក្រោមម្លប់ដ៏ត្រជាក់នៃ "សន្ដិភាព" ដែលអគ្គមហារដ្ឋបុរសដ៏ឆ្នើមគ្មានពីរ នៃយើង គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈការតស៊ូលះបង់ដ៏ធំធេងបំផុត ពោលគឺ ដោយប្រថុយជីវិតផ្ទាល់ខ្លួន ដើម្បីបុព្វហេតុដ៏ឧត្តុងឧត្តមមិនអាចកាត់ថ្លៃបាននេះ»

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមទៀតថា សមិទ្ធផល និងបទពិសោធន៍ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ បានផ្ដល់មេរៀនដ៏មានតម្លៃជាច្រើនអនេក និង បានធ្វើឱ្យយើងរឹតតែជឿជាក់លើភាពត្រឹមត្រូវនៃទស្សនៈវិស័យរបស់យើង នោះគឺ យើងត្រូវកែទម្រង់តាមសេចក្ដីត្រូវការរបស់កម្ពុជា, ក្នុងបរិបទសង្គម-សេដ្ឋកិច្ច ស្ថាប័ន និងរដ្ឋបាលរបស់កម្ពុជា ក្នុងភាពជាម្ចាស់របស់កម្ពុជា និងជាពិសេស ក្នុងការទទួលខុសត្រូវរបស់កម្ពុជា ចំពោះជោគវាសនាអនាគតជាតិ ដោយខ្លួនឯង ស្របតាមបាវចនា ២ ៖ «កែទម្រង់ខាងក្នុង, បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និង អភិក្រមទាំង៥ ៖ «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និង វះកាត់» របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ «កែទម្រង់-រស់, មិនកែទម្រង់-ស្លាប់» គឺជាឱវាទានុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលគណៈកម្មាធិការដឹកនាំកាងារកែទម្រង់ការ គ្រប់គ្រងហិរញ្ញត្ថុសាធារណៈ តែងប្រកាន់ខ្ជាប់ ជាប្រទីបនាំផ្លូវ នៅក្នុងគ្រប់សកម្មភាពរបស់ខ្លួន៕