(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងលោកស្រី យូ ច័ន្ទដាវី តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធសមិទ្ធផល និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការ វត្តត្រពាំងឈូក ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានថ្លែងអំណរព្រះគុណ និងអរគុណ ព្រមទាំងកោតសរសើរចំពោះព្រះចៅអធិការវត្ត រួមជាមួយសប្បុរសជន ពុទ្ធបរិស័ទជាម្ចាស់ទាន ដែលបានរួមសហការគ្នាដើម្បីកសាងសមិទ្ធផល នៃវិស័យព្រះពុទ្ធសាសនា ឲ្យចេញជារូបរាងឡើងនៅក្នុងមូលដ្ឋាននេះ ដើម្បីទុកជាកេរ្ដិ៍ដំណែល និងទុកដើម្បីគោរពបូជាតាមបែបប្រពៃណីសាសនា។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ប្រទេសជាតិ មានសុខសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធរីកដុះដាលគ្រប់តំបន់ជនបទ ជីវភាពប្រជាពលរដ្ឋមានភាពធូរធារ មានលទ្ធភាព និងសទ្ធាជ្រះថ្លា ក្នុងការចូលរួមកសាងនូវសមិទ្ធផលនានាជាច្រើនគួរឲ្យគត់សម្គាល់ជាមួយរាជរដ្ឋាភិបាល ជាការឆ្លើយតបនូវគុណូបការៈ នៃការជួយសង្គ្រោះអាយុជីវិតប្រជាជនឲ្យរួចផុតពីរបប
ប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់ពេលនេះ។ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើនយ៉ាងសន្ធឹកសន្ធាប់ ក្រោមនយោបាយដឹកនាំរបស់សម្ដេចតេជោ។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបន្ថែមទៀតថា កត្តាដែលប្រទេសជាតិមានសុខសន្តិភាព គឺពិតជាមិនអាចខ្វះបាននូវធនធានមនុស្ស ដែលមានចិត្តធម៌សប្បុរសយោគយល់អធ្យាស្រ័យគ្នា ក្នុងនោះវិស័យព្រះពុទ្ធសាសនា បានចូលរួលចំណែកយ៉ាងធំធេង ជាថ្នាលបណ្តុះធម៌អហិង្សា សីលធម៌ ចំណោះដឹងទូទៅ ធ្វើឲ្យចិត្តជ្រះថ្លា ជាដើមទុន នៃគ្រឹះសុខសន្តិភាព ក្នុងផ្លូវចិត្ត ដែលមានឥទ្ធិពលលើសង្គមជាតិទាំងមូល។

ឆ្លៀតក្នុងឱកាសនេះ លោកសូមរំលឹកថាកូនខ្មែរគ្រប់រូប ទាំងជំនាន់មុន ជំនាន់នេះ ជំនាន់ក្រោយតទៅអនាគត ត្រូវនាំគ្នាលើកតម្កើងកិត្តិយសជាតិតាមរយៈការរួមគ្នាថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយឲ្យរឹងមាំ។ ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវមានជំនឿលើខ្លួនឯង ជឿលើរាជរដ្ឋាភិបាលខ្លួនឯង ជឿលើគោលនយោបាយ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាបន្តដំណើរលើនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាបន្តទៀត ជាពិសេសនៅតគោរពបូជា សាសនា តែមួយគត់ គឺព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕