(កំពង់ស្ពឺ)៖ ដោយបានការអនុញ្ញាតពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យមានការយកចិត្តទុកដាក់លើបងប្អូន យោធិនសោធននិវត្តន៍ និងពិការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំក្នុងពិធី ជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិចំនួន២៩នាក់។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា បងប្អូនជាអតីតយុទ្ធជនទងអស់ដែលមានវត្តមាននៅទីនេះពិតជាបានសាងស្នាដៃក្នុងបុព្វហេតុជាតិ និងបានចូលរួមលើការងារកសាង ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនជាតិមាតុភូមិ ជាពិសេសការពារបានសន្តិសុខជូនពលរដ្ឋនាពេលកន្លងមក។ ស្នាដៃទាំងនេះបានបន្សល់ទុកដល់យើងខ្ញុំជាកងកម្លាំងជំនាន់ក្រោយ ដែលមិនអាចបំភ្លេច និងកាត់ថ្លៃបានឡើយ។

លោកមេបញ្ជាការ បានបន្តថា ក្នុងរយៈពេលជាច្រើនឆ្នាំ នាយឧត្តមសេនីយ៍ តែងតែក្រើនរំលឹកតាមបណ្តាអង្គភាពរាជធានី-ខេត្ត ឲ្យគិតគូរយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជន និងយុទ្ធជនពិការ និងយកចិត្តទុកដាក់ ជាពិសសគ្រប់បែបយ៉ាងដល់អតីតយុទ្ធជនរបស់យើង ដោយមិនបំភ្លេចចោលឡើយ។

លោកមេបញ្ជាការ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងអតីតយុទ្ធជនកម្ពុជា និងបានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន សូមបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្លា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំង ប្រទេសគ្រប់ជំនាន់ ពិតជាចងចាំជានិច្ចនូវកាលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិជាទីស្នេហានៃយើង៕