(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ មូលនិធិ «អ៉ឹង ហ្វោនដេហ្ស៊ិន» បានឧបត្ថម្ភថវិកា ៥៦លានរៀល ជូនប្រជាពលរដ្ឋ៥៦គ្រួសារ រងគ្រោះដោយសារភ្លើងឆេះផ្ទះនៅខេត្តកំពង់ឆ្នាំង។

ពិធីនោះ មានការចូលរួមពី ករុណាសីលវិសុទ្ធិ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ចាយ គង់, ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងលោកស្រី ហេង សុខា និងក្រុមគ្រួសារ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។

មូលនិធិ «អ៉ឹង ហ្វោនដេហ្ស៊ិន» បានឧបត្ថម្ភប្រជាពលរដ្ឋរងគ្រោះសរុប ៥៦គ្រួសារ ដែលត្រូវបានភ្លើងឆេះផ្ទះចំនួន០២ករណី ទី១ នៅភូមិចុងកោះ សង្កាត់ផ្សាឆ្នាំង ក្រុងកំពង់ឆ្នាំង នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ចំនួន ០៩គ្រួសារ និងករណី។ទី២ នាពេលថ្មីៗនេះកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅភូមិផ្សាឆ្នាំង សង្កាត់ផ្សាឆ្នាំង ក្រុងកំពង់ឆ្នាំង បណ្ដាលឱ្យរងគ្រោះចំនួន ៤៧គ្រួសារ។ អំណោយដែលចែកជូន ក្នុង០១គ្រួសារទទួលបានថវិកា០១លានរៀល និងទឹកស្ព្រីងធម្មជាតិប្រូវីដា ១០កេស។

ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ «អ៉ឹង ហ្វោនដេហ្ស៊ិន» ពិតជាមានការសោកស្ដាយ និងរន្ធត់ នៅពេលទទួលបានដំណឹងនេះ ដោយខ្លួនលោកផ្ទាល់ធ្លាប់ត្រូវភ្លើងឆេះផ្ទះរហូតដល់ទៅ០២ដង នៅអំឡុងពេលលោករស់នៅខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ១៩៨៦ និងនៅភ្នំពេញកាលពី២០០៤ម្ដងទៀត។ ដូច្នេះលោកពិតជាយល់ច្បាស់ពីទំហំនៃការបាត់បង់នេះ។

ក្នុងពិធីនោះ លោកបានលើកឡើងថា នេះជាអំណោយមួយចំនួនសម្រាប់ប្រើប្រាស់តាមតម្រូវការចំពោះមុខតែប៉ុណ្ណោះ តែសូមប្រជាពលរដ្ឋទាំងអស់កុំបាក់ទឹកចិត្តត្រូវខិតខំប្រឹងប្រែងក្នុងការងារនិងអាជីវកម្មបន្តទៀត។

ឧកញ៉ា ក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការធ្វេសប្រហែសដែលនាំអោយមានការរងគ្រោះដល់ខ្លួនឯងនិងអ្នកដទៃ។

ប្រជាពលរដ្ឋរងគ្រោះ បានសម្ដែងការត្រេកអរយ៉ាងខ្លាំង ដែលឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងក្រុមគ្រួសារបានឧបត្ថម្ភជាថវិកា និងទឹកដែលជាតម្រូវការចាំបាច់សម្រាប់ពួកគាត់នាពេលនេះ។

សូមបញ្ជាក់ មូលនិធិគ្រួសារត្រកូល «អ៉ឹង» តែងចុះធ្វើសកម្មភាពមនុស្សធម៌ ជាពិសេសពេលពលរដ្ឋជួបគ្រោះអាសន្ននានា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ៕