(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងជំនួបជាមួយទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល (អនុសញ្ញាអូតាវ៉ា-ISU-APMBC) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលអនុញ្ញាតឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ «សន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិជនពិការ» ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅក្នុងខែតុលា ឆ្នាំ២០២៣ និងមានប្រទេសប្រមាណជា ៤០ចូលរួម។

ការថ្លែងបែបនេះ ក្នុងដំណើរទស្សនកិច្ចស្វែងយល់អំពីវឌ្ឍនភាព នៃការងារបោសសម្អាតមីននៅកម្ពុជា ក្នុងក្របខណ្ឌអនុសញ្ញាអូតាវ៉ា។ ជាមួយគ្នានេះ លោក Juan Carlos Ruan បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកក្នុងការដោះស្រាយបញ្ហាមីន ហើយលោកនាយកសង្ឃឹមថា កម្ពុជានឹងទទួលបានជោគជ័យតាមផែនការគ្រោងទុក ដើម្បីបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ក្នុងឆ្នាំ២០២៥។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ISU-APMBC ដែលតែងតែផ្តល់ការគាំទ្រដល់កម្ពុជាក្នុងការរៀបចំផែនការបោសសម្អាតមីន ឱ្យសម្រេចទៅតាមមាត្រា៥ នៃអនុសញ្ញាអូតាវ៉ា ក្នុងនាមកម្ពុជាជារដ្ឋភាគី។

លោកបានបញ្ជាក់បន្ថែមថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្រ្តី សកម្មភាពមីននៅកម្ពុជា បានឈានដល់របត់ថ្មីមួយទៀត ដែលមានការចូលរួមយ៉ាងផុសផុលពីវិស័យឯកជន សប្បុរសជន និងប្រជាពលរដ្ឋខ្មែរគ្រប់លំដាប់ថ្នាក់ ព្រមទាំងមានការតាំងចិត្តខ្ពស់រួមគ្នាក្នុងការបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។

លោកបានបន្តទៀតថា បន្ទាប់ពីកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះដោយសារមីន ក្នុងខែតុលា ឆ្នាំ២០២៣ កម្ពុជាបានដាក់ជាបេក្ខភាពក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួត ពិនិត្យឡើងវិញ លើកទី៥ អនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៤ ផងដែរ ដែលក្នុងនោះស្នើសុំឲ្យមានការជួយគាំទ្រពី ISU-APMBC៕