(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ទីរពាក់ព័ន្ធ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងត្រៀមពិធីទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោក នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ដោយត្រូវជួសជុលកែលំអររមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ជាមួយនិងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន ការតុបតែង កែលម្អសោភណភាពទីតាំងនេះ ឲ្យបានល្អប្រសើរ។

ការជំរុញបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងខណ្ឌប្រជុំជាមួយអភិបាលខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ចទាំងប៉ូលីស និងកងរាជអាវុធហត្ថ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា សម្រាប់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាអ្នកទទួលការជួសជុល តុបតែង កែលម្អសោភណភាព ជាមួយនិងការគិតគូរពីការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថានផងដែរ ដើម្បីត្រៀមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ថ្ងៃសុក្រ ៩ រោចរនោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២៣ វេលាម៉ោង ១៦ និង០០នាទីរសៀល និងត្រៀមពិធីទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោក នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ខាងមុខ ខណៈអ្នកដែលត្រូវទទួលបានគោរមងារអ្នកសង្គ្រោះសាសនាពិភពលោក មានចំនួន៣ព្រះអង្គ/នាក់ ក្នុងនោះមាន សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយឧត្ដមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត។

បន្ថែមពីនេះ លោក ឃួង ស្រេង បានជំរុញឲ្យមានការពង្រឹងសន្តិសុខ សុវត្ថិភាព ឲ្យបានខ្លាំងក្លាផងដែរ មិនថា នៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ និងនៅតាមមូលដ្ឋានខណ្ឌទាំង១៤នោះទេ ព្រោះថា នៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ពួកគាត់ភាគច្រើន ត្រូវចាក់សោរផ្ទះចោល ដើម្បីទៅដើរលេងកំសាន្ត ឬទៅលេងស្រុកកំណើត ។ ដូច្នេះក្នុងនាមអាជ្ញាធរ និងកងកម្លាំងជាអ្នកមើលខុសត្រូវ ផ្ទះសំបែងរបស់ពួកគាត់ នៅពេលពួកគាត់ត្រឡប់ពីស្រុកកំណើតវិញ ដោយសប្បាយរីករាយ ពេលផ្ទះសម្បែងពួកគាត់ មានសុខសុវត្ថិភាព ល្អប្រសើរ៕