(បន្ទាយមានជ័យ)៖ លោក និត វុទ្ធី ជាស្មៀនឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ បានចេញមកបកស្រាយ និងច្រានចោលនូវព័ត៌មានចោទប្រកាន់ពីសំណាក់ជំទប់ទី២ មកគណបក្សភ្លើងទៀត ដែលបានចោទប្រកាន់ថា លោកបានដុតបំផ្លាញឯកសារសំខាន់ៗចោល ដោយគ្មានការសុំយោបល់ពីលោកមេឃុំនោះឡើយ ក្រោយដឹងថាខ្លួនលេងបានធ្វើជាស្មៀនទៀតហើយ។

លោក និត វុទ្ធី បានចាត់ទុកការផ្សព្វផ្សាយព័ត៌មានខាងលើនេះ ជាការចោទប្រកាន់ដោយគ្មានការពិតមកលើរូបលោក។

សូមបញ្ជាក់ថា លោក និត វុទ្ធី កាលពីពេលថ្មីៗនេះ ត្រូវបានបណ្តាញព័ត៌មានមួយចំនួនចុះផ្សាយដោយដកប្រភពពីលោក យ៉ន សុខា ជំទប់ទី២របស់គណបក្សភ្លើងទៀនថា លោកត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់ក្រុមអធិការកិច្ច ចុះមកធ្វើការស៊ើបអង្កេត​ និងស្រាវជ្រាវ ក៏រកឃើញនៅចំណុចមួយចំនួន ទើបសម្រេចដកចេញពីតួនាទឱ្យមកធ្វើការនៅសាលាស្រុកអូរជ្រៅវិញ។

ក្រោយមានការផ្លាស់ប្តូរតំណែងភ្លាម លោក និត វុទ្ធី ក៏បានរងការចោទប្រកាន់ពីជំទប់ឃុំមកពីបក្សភ្លើងទៀនថា លោកបានដុតឯកសារសំខាន់ៗចោលទៀតផង។ ជុំវិញករណីនេះ លោក និត វុទ្ធី បានបង្ហាញការហួសចិត្តយ៉ាងខ្លាំង នៅពេលដែលបានឃើញមានការចុះផ្សាយព័ត៌មានបំភ្លើសខុសពីការពិតដោយគ្មាន មូលដ្ឋានច្បាស់លាស់ឡើយ ហើយប្រភពបញ្ចេញព័ត៌មាននេះ គឺជាការញុះញង់របស់ឈ្មោះលោក យ៉ន សុខា (ជាជំទប់ទី២) ដែលមកពីគណបក្សភ្លើងទៀន យកទៅឱ្យសារព័ត៌មានបង្ហោះបងខូចកេរ្តិ៍ឈ្មោះរបស់លោក។

លោក និត វុទ្ធី បានបញ្ជាក់ថា ឯកសារដែលរូបលោកបានដុតចោលនោះរួមមាន៖ ឯកសារសរសេរខុសៗ, ឯកសារហួសការប្រើប្រាស់ ដូចជាបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០០៤, ឯកសារផ្សព្វផ្សាយការចាក់វ៉ាកសាំង និងជំងឺផ្តាសសាយបក្សីឆ្នាំ២០០៦ និងលិខិតប័ណ្ណផ្សព្វវផ្សាយចុះឈ្មោះឆ្នោតឆ្នាំ២០០៩ជាដើម។ ចំណែកឯកសារជាដែលមានសារៈសំខាន់នោះ លោកបានរក្សាទុកយ៉ាងល្អមិនមានបាត់បង់ឡើយ។

ស្មៀនឃុំរូបនេះ ក៏បានទទូចសុំឱ្យសាធារណជនមេត្តជ្រាប និងកុំជឿលើការផ្សព្វផ្សាយញុះញង់របស់ ជំទប់ទី២ មកពីគណបក្សភ្លើងទៀននេះឱ្យសោះ។

លោកសូមបញ្ជាក់ថា នេះគឺជាការបរិហារកេរ្តិ៍ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកធ្ងន់ធ្ងរណាស់ មិនដឹងថាសារព័ត៌មានខាងលើបានប្រភពមកពីណាថា ប្រជាពលរដ្ឋជាច្រើនរួមទាំងមេភូមិ និងក្រុមប្រឹក្សាឃុំទាំងអស់ មិនពេញចិត្តនឹងការងាររបស់លោកស្នើថ្នាក់លើសុំផ្លាស់ប្ដូរតួនាទីជាស្មៀនឃុំរបស់លោកចេញពីតំណែង។ រឹតតែហួសចិត្តទៀតនោះសារព័ត៌មានខាងលើបានផ្សាយថា អធិការកិច្ចរបស់ក្រសួងមហាផ្ទៃ ឱ្យចុះមកធ្វើការស៊ើបអង្កេត និងស្រាវជ្រាវក៏រកឃើញនៅចំណុចខុសរបស់លោកទើបសម្រេចដកចេញពីស្មៀនឃុំអូរបីជាន់ ឱ្យមកធ្វើការនៅសាលាស្រុកអូរជ្រៅវិញ។

លោកបន្តថា តាមពិតទៅ លោកនឿយណាយក្នុងតួនាទីជាស្មៀនឃុំ ដោយបានធ្វើការជាង២០ឆ្នាំកន្លងមកហើយ គឺលោកចង់អភិវឌ្ឍន៍ខ្លួនដោយផ្លាស់ប្តូមកធ្វើការនៅសាលាស្រុកវិញ លោកក៏បានដាក់សំណើ ដើម្បីផ្លាស់ប្ដូរការងារនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ហើយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានសម្រេចឱ្យរូបលោកដោះដូរការងារមកជាមន្ត្រីសាលាស្រុកអូរជ្រៅតែម្ដង ពោលលោកមិនត្រូវបានគេដកចេញដូចការចោទប្រកាន់នោះឡើយ ហើយលោកជំទប់ទី២ ដែលមកពីគណបក្សភ្លើងទៀនចោទប្រកាន់នោះ លោកក៏សូមស្នើសុំឱ្យថ្នាក់លើមេត្តាជួយរកយុត្តិធម៌ឱ្យរូបលោកផងដែរ៕