(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានចូលរួមពិធីបើកសន្និបាត បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងពិធីបើកសន្និបាតកសិកម្មនេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានរំលឹក និងលើកទឹកចិត្ត ដល់អង្គសន្និបាតប្រើប្រាស់ពេលវេលា ឲ្យមានប្រសិទ្ធភាព ដើម្បីពិភាក្សាប្រមូលធាតុចូល ក្នុងការរៀបចំគោលនយោបាយ និងផែនការសកម្មភាពសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម។

សន្និបាត គឺជាការចូលរួមសមូហភាពពីថ្នាក់ដឹកនាំ វិស័យឯកជន ដៃគូអភិវឌ្ឍ សហគមន៍ កសិករ រួមគ្នាកំណត់ទិសដៅកសិកម្ម ដោយមិនគ្រាន់តែជាការបូកសរុបនោះទេ។ ហើយការបូកសរុបទៀតសោត គឺត្រូវចេញជាលទ្ធផលស្តាប់បាន យល់បាន និងចាំបាន ដោយឲ្យសាធារណជនដឹងពីសមិទ្ធផលក្រសួងសម្រេចបាន និងចូលរួមអបអរសាទរ។

សម្រាប់កិច្ចពិភាក្សាលោករដ្ឋមន្ដ្រី បានណែនាំ និងយកចិត្តទុកដាក់លើចំណុចគន្លឹះមួយចំនួន ដោយក្នុងនោះត្រូវផ្តោតលើការអភិវឌ្ឍធនធានទាំងក្នុង និងក្រៅក្រសួង ដើម្បីទទួលបានធនធាន ប្រកបដោយសក្តានុពលពិតប្រាកដ។

ជាមួយគ្នានេះដែរ ត្រូវជំរុញការស្រាវជ្រាវបច្ចេកទេស ដើម្បីអភិវឌ្ឍវិស័យកសិកម្មដោយត្រូវគិតពីការបន្ថយចំណាយ បង្កើនផលចំណេញ មានប្រសិទ្ធភាពសេដ្ឋកិច្ច ដោយមិនប្រកួតប្រជែងបរិមាណ តែគិតពីគុណភាពជាសំខាន់។

លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់លើសហគមន៍កសិកម្ម ដោយផ្តល់ការគាំទ្រទាំងបច្ចេកទេសនិងសេដ្ឋកិច្ច ក្នុងការចងក្រងសហគមន៍ និងមានក្បាលម៉ាស៊ីនដឹកនាំឲ្យបានល្អ ក្នុងខ្សែច្រវាក់ ផលិតកម្មតាំងពីអ្នកផលិតរហូតទីផ្សារ ដោយក្នុងនោះ ត្រូវធ្វើការកំណត់ទីផ្សារ និងមានផែនការផលិតច្បាស់លាស់តាមកិច្ចសន្យា។ ការងារនេះ ក៏នឹងជួយដល់កសិករដែលមិនទាន់មានទីផ្សារ គ្មានខ្សែបណ្តាញផងដែរ។

បើតាមលោករដ្ឋមន្ត្រី ឌីត ទីណា គោលនយោបាយកសិកម្ម នឹងជួយឲ្យវិស័យឯកជនដឹងពីអ្វីដែលត្រូវធ្វើត្រូវវិនិយោគ ហើយសម្រាប់មន្ត្រីដឹងពីផែនការ ដែលត្រូវអនុវត្តនិងគោលដៅត្រូវសម្រេច។
បន្ថែមពីលើនេះទៀត ត្រូវពិនិត្យលើការផ្តល់សេវាសាធារណៈដល់ក្រុមអ្នកផលិត ដោយបង្កលក្ខណៈងាយស្រួល និងគាំទ្រក្នុងការជំរុញការនាំចេញ ស្របតាមគោលនយោបាយ និងស្ថានភាពជាក់ស្តែង។

ចំណែកការកសាងផែនការសម្រាប់ឆ្នាំ២០២៤ នាពេលខាងមុខ លោករដ្ឋមន្ដ្រី បានណែនាំពីអាទិភាពសំខាន់របស់ក្រសួងគឺនៅតែបន្តផ្តោតលើសន្តិសុខស្បៀង ដោយរកបានចំណូល មានចំណេញ និងបន្តការផលិតសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក គឺមានលទ្ធភាពគ្រប់គ្រងក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូល។ មួយវិញទៀត គឺនិរន្តរភាព គឺការពិនិត្យថែរក្សាធនធានដែលមានស្រាប់ ដូចជាធនធានដី ការប្រើប្រាស់នូវវិទ្យាសាស្ត្រដើម្បីបន្ថយចំណាយ បង្កើនតម្លៃបន្ថែម និងប្រសិទ្ធភាពសេដ្ឋកិច្ច៕