(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ​ដ៏​ខ្ពង់​​ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យស្តេចយាងប្រោសប្រទានព្រះអគ្គីជ័យកីឡា។

ព្រះរាជពិធីប្រោសប្រទានព្រះអគ្គីជ័យកីឡា ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក នៅមុខ​ប្រាសាទ​អង្គរ ដែលជាប្រាង្គប្រាសាទដ៏ល្បាញល្បីរបស់កម្ពុជា។ ព្រះអគ្គីជ័យកីឡានេះ ត្រូវ​បាន​យកពីព្រះអាទិត្យតាមរយៈកែវឆ្លុះ ដោយមានរៀបចំពិធីតាមបែបសាសនា និងជាព្រះរាជ​បវេណីរបស់ខ្មែរនៅមុខប្រាសាទអង្គរតែម្តង។

ព្រះអគ្គីជ័យ ដែលដុតបញ្ឆេះគប់កីឡាសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡា​ប៉ារ៉ា​ហ្គេម​លើកទី១២ នៅកម្ពុជាជាលើកដំបូងនេះ ត្រូវបានតម្កល់នៅវត្តរាជបូណ៌។ នៅថ្ងៃ​ទី​២២ ខែមីនា ព្រះអគ្គីជ័យកីឡា នឹងដង្ហែទៅកាន់ប្រទេសសមាជិកកីឡាស៊ីហ្គេម​រួមមាន៖ វៀតណាម ហ្វីលីពិន ឥណ្ឌូនេស៊ី ទីម័រឡេស្ត ម៉ាឡេស៊ី សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និងទៅប្រទេសឡាវ។ បន្ទាប់មកដង្ហែចូលកម្ពុជាវិញ តាមខេត្តស្ទឹងត្រែង និងឆ្ពោះទៅបណ្តា​ខេត្តនានា ហើយឆ្ពោះចូលទៅពហុកីឡដ្ឋានមរតកតេជោនាថ្ងៃបើកឆាកប្រកួត គឺថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣៕