(ក្រចេះ)៖ បុរសម្នាក់បើកបររថយន្ត ក្នុងស្ថានភាពស្រវឹង បានជ្រុលទៅបុករបងផ្ទះរបស់មន្រ្តីយោធាម្នាក់ បណ្តាលខូចខាតរបងផ្ទះ និងបង្គោលភ្លើង១ដើម ប៉ុន្តែ មិនបង្កឱ្យគ្រោះមនុស្សម្ចាស់ផ្ទះរងរបួសនោះទេ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវជាតិលេខ៣៧៧ ក្រចេះខ្លាស្ទុះ ភូមិស្តែស្ដៅ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

យោងតាមរបាយការណ៍នគរបាលបញ្ជាក់ថា រថយន្ដបង្កហេតុម៉ាក់ SEMI TRAILER ពណ៌ខៀវស្លាកលេខ ភ្នំពេញ 3E9737 បើកបរដោយឈ្មោះ គង់ ស្នេហ៍ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកំពង់ត្រាច សង្កាត់រមាសហែក ស្រុករមាសហែក ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ខឿន វីណា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិពាមរ ឃុំពាមរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

រថយន្ដនេះ បើកបរពីទិសខាងកើត ទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបរបានបើកបុករបងផ្ទះ ឈ្មោះ ក្រាញ់ ផល្លា ភេទប្រុស អាយុ៥៧ឆ្នាំ ជាមន្រ្តីយោធា រស់នៅភូមិឃុំ កើតហេតុខាងលើ ដោយខូចខាត់របងផ្ទះ និងបង្គោលភ្លើង ១ដើម។

បច្ចុប្បន្ន អ្នកបើកបររថយន្ដ ត្រូវបាននគរបាលនាំខ្លួនទៅសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ។ ចំណែករថយន្ដ មិនទាន់ស្ទួចរួចរាល់នៅឡើយទេ៕