(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នឹងមិនមានការលើកលែង និងអធ្យាស្រ័យឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល នោះឡើយ ចំពោះការចេញសារប្រមាថព្រះចេស្តាព្រះមហាក្សត្រតាមទំព័រហ្វេសប៊ុក និងប្រកាសមិនអត់អោន ព្រមទាំងមិនទទួលយកការសុំទោសណាមួយជាដាច់ខាត ចំពោះបុគ្គលប្រមាថអង្គព្រះមហាក្សត្រ។
ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត វិទ្យាស្ថាន វ៉ាន់ដា សរុបជិត៥ពាន់នាក់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងពេលដែលយើងរៀបចំល្អឥតខ្ចោះបែរជាម្សិលមិញ មានរឿងកើតឡើង អីឡូវនេះខ្ញុំសូមយកឱកាសនេះបញ្ជាក់ ថាយើងពិតជាបានចាប់យុវជន២នាក់ មកសួរ ជាការប្រមាថព្រះចេស្តា ដោយរករូបព្រះករុណា និងរូបឯកឧត្តម ជា សុផារ៉ា (ហ៊ុន កុសល) អ៊ឹចឹងសូមឱ្យឆ្លើយប្រមាថនៅកន្លែងណា? ឯមួយទៀតគេបាននិយាយថា «បើតាមសំលេងពលរដ្ឋតាមហាងកាហ្វេ៖ ថ្ងៃនេះយើងអាច ឃើញច្បាស់ថានរណាជាស្តេច ផែនដីពិតប្រាកដ» យើងអត់មានការអធ្យាស្រ័យទេវើយ និងយាយគ្នាឱ្យច្បាស់ ម្នាក់នេះធ្លាប់អធ្យាស្រ័យម្តងហើយ (យឹម សីណន) អតីតមេបាតុកម្មនៅប្រទេសកូរ៉េ»។
ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ធ្ងន់ៗថា សម្តេចមិនយកឱកាសការបកស្រាយនេះ ធ្វើជាសារបញ្ជូនទៅកាន់តុលាការ ចោទប្រកាន់ ឬមិនចោទប្រកាន់ទេ ប៉ុន្តែ សម្តេចគ្រាន់តែបកស្រាយតែប៉ុណ្ណោះ តែមិនមែនជាការបញ្ជូនសារទៅតុលាការត្រូវធ្វើការចោទប្រកាន់លើបុគ្គល យឹម ស៉ីណន និង ហ៊ុន កុសលនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សាររបស់លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ជាចេតនាដ៏អាក្រក់ និងប្រាប់ឱ្យបុគ្គលទាំងពីរនាក់ ឆ្លើយឱ្យច្បាស់ថា ត្រង់ចំណុចណាមួយដែលចោទថា ជាការប្រមាថព្រះចេស្តារបស់ព្រះមហាក្សត្រ។ សម្តេចថា សាររបស់លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល មិនមែនជាការបញ្ចេញមតិនោះទេ។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្ននេះ គ្មាននរណាអាចលាក់បាំងបានទេ ជាមួយនឹងឃ្លីបវីដេអូ តាមបណ្តាទូរទស្សន៍ និងប្រពន្ធផ្សព្វផ្សាយអនឡាយទាំងអស់។ «តើនៅកន្លែងដែលដើរទៅមានការបាំងក្លស់ (ឆត្រ) ខ្ញុំសូមជម្រាបនៅកន្លែងនេះ ព្រះករុណា លោកយាងតិចៗ ហើយខ្ញុំចង់ដើរពីក្រោយ ក៏ប៉ុន្តែ លោកត្រូវការជជែក លោកយាងទៅចឹង ខ្ញុំក៏នៅពីក្រោយចំហៀងព្រះកុរណា ខ្ញុំមិនហ៊ានដើរទៅទន្ទឹមព្រះអង្គទេ ព្រះអង្គមានបន្ទូល ខ្ញុំក៏ទូលព្រះអង្គទៅ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា នៅត្រង់ចំណុចវីដេអូបានបញ្ជាក់យ៉ាងច្បាស់ថា អ្នកបាំងក្លស់ នៅឆ្ងាយព្រះមហាក្សត្រពេក សម្តេចក៏បានទាញអ្នកបាំងក្លស់នោះឱ្យកៀក ដើម្បីការពារព្រះអង្គ ដូច្នេះ មិនមែនបាំឃ្លក់ឱ្យសម្តេចទេ។ តាមការចូលទៅ Comment លើទំព័រ Facebook របស់ យឹម ស៉ីណន គឺសម្តេចបានបញ្ជាក់ថា៖ «មានតែព្រះមហាក្សត្រទេដែលព្រះអង្គដឹងច្បាស់»។
«តើទីចុងបំផុត តើអ្នកឯងយកចំណុចការបាំងក្លស់ ជាការចោទប្រកាន់ថាប្រមាថ ព្រះចេស្តាព្រះមហាក្សត្រ ឬក៏អ្នកណាជាស្តេចពិតប្រាកដ ឬយ៉ាងម៉េច? អ៊ឹចឹងចំណុចនេះតាមមើលនៅគ្រប់រូបទាំងអស់ បញ្ចាំងឡើងវិញទាំងអស់ទៅ»។ នេះជាការចោទជាសំណួរទៅបុគ្គល យឹម ស៉ីណន និង ហ៊ុន កុសល របស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការរៀបចំពិធីការ គឺជាការរៀបចំយូរចំណាស់មកហើយ អាចនិយាយបានថាតាំងពីកកើតព្រះរាជាណាចក្រទី២ មក គឺរៀបចំបែបហ្នឹងឯង ព្រះមហាក្សត្រ ព្រះអង្គគង់មុខ ឯថ្នាក់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី គឺអង្គុយខាងក្រោយ ដូច្នេះ បញ្ជាក់ថា មិនមែនព្រះមហាក្សត្រ ទ្រង់អង្គុយទឹមគ្នាជាមួយនឹងមន្ត្រីនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមយ៉ាងដូច្នេះថា៖ «បើខ្ញុំដើរទៅឃើញពិធីការរៀបចំកៅស្មើគ្នា ប្រហែលជាខ្ញុំដកចេញភ្លាមហើយ ព្រះកុរណាគង់នៅអ៊ឹចឹង (ខាងមុខ) ឯយើងនៅក្រោយយ៉ាងច្បាស់ អ្នកឯងយល់យ៉ាងម៉េច ចេតនាយ៉ាងម៉េចនៅកន្លែងហ្នឹង នេះជាចេតនាដ៏អាក្រក់ តែខ្ញុំមិនជំរុញឱ្យតុលាការ យកអ្វីដែលខ្ញុំនិយាយទៅធ្វើជាទម្ងន់នៃការចោទប្រកាន់ទេ អត់ទេតែខ្ញុំត្រូវធ្វើការបកស្រាយ ដើម្បីធានាថា ព្រះមហាក្សត្រមិនត្រូវបានគេប្រមាថ ហើយនាយករដ្ឋមន្ត្រី ក៏មិនត្រូវបានគេមើលងាយដែរ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនអត់អន់ឱ្យអ្នកណាដាច់ខាតលើការប្រមាថអស់ទាំងនេះ ត្រូវតែប្រើប្រាស់ផ្លូវច្បាប់ ហើយខ្ញុំនឹងមិនទទួលយកការសុំទោសណាទាំងអស់សូមប្រកាសឱ្យហើយ»។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការចេញសារលើបណ្តាញសង្គមរបស់បុគ្គល យឹម ស៉ីណន និង ហ៊ុន កុសល ពាក់ព័ន្ធនឹងអង្គព្រះមហាក្សត្រ គឺមិនមែនជារឿងលេងសើចបាននោះទេ។ ការចេញនេះ គឺមានចេតនាបំបែកបំបាក់ព្រះមហាក្សត្រ ជាមួយនឹងនាយករដ្ឋមន្ត្រី ហើយការចេញសារនេះ គឺចង់បំភ្លៃប្រជាពលរដ្ឋ នៅក្នុងពេលដែលប្រជាពលរដ្ឋរាប់លាននាក់ទូទាំងប្រទេសមើលការផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ និងតាមអនឡាញនានា។
សូមជម្រាបថា លោក យឹម ស៊ីណន និង លោក ហ៊ុន កុសល ដែលអតីតសកម្មជនក្រុមប្រឆាំង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ បន្ទាប់ពីបង្ហោះសារបែបញុះញង់តាមបណ្តាញសង្គមពាក់ព័ន្ធនឹងរូបភាព ព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។
លោក យឹម ស៊ីណន បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកដូច្នេះថា៖ «បើតាមសំលេងពលរដ្ឋតាមហាង កាហ្វេ៖ ថ្ងៃនេះយើងអាច ឃើញច្បាស់ថានរណាជាស្តេច ផែនដីពិតប្រាកដ»។ ចំណែកលោក ហ៊ុន កុសល ក៏បានបង្ហោះដែរថា៖ «ឃើញពួកគេធ្វើបាបព្រះទ័យ នឹងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរគ្រប់ ច្រកបែបនេះ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយប្តេជ្ញានឹងប្រើសមត្ថភាពដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្កដែលប្រជារាស្ត្រខ្មែរមិនអាចខ្វះបាន»។
សម្តេចក៏បានឆ្លើយឆ្លងបន្ថែមទៀតថា៖ «បើគ្មានទោសទើបចម្លែកព្រោះ នេះមិនមែនជា របៀបបញ្ចេញមតិទេតែជាការបំភ្លៃការពិតមួយដោយចេតនា។ ទោះយ៉ាងណាយើងទុកជូនតុលាការជាអ្នកកាត់ក្តី»៕