(បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំមន្រ្តីរាជការក្រោមឱវាទ ព្រមទាំងមានការចូលរួមពីតំណាង ស.ស.យ.កខេត្ត ចុះអប់រំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍តាមដងផ្លូវ ក្នុងឱកាសមុនបុណ្យចូលឆ្នាំថ្មី ឆ្នាំខ្មែរ ប្រពៃណីជាតិ ជូនដល់អ្នកបើកបរម៉ូតូកង់បី និងម៉ុូតូឌុប ចំនួន១០០នាក់ ក្នុងក្រុងបាត់ដំបង។

លោក ព្រួញ រិទ្ធថា បានបញ្ជាក់ថា យោងតាមប្រសាសន៍ណែនាំរបស់ លោក សុខ លូ អភិបាលខេត្ត ជាប្រធានប្រគណៈកម្មាធិការសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង និង ជិតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី ឆ្នាំខ្មែរ ប្រពៃណីជាតិ ជូនដល់អ្នកបើកបរទាំងអស់ គឺជាអ្នករត់ម៉ូតូកង់បី និងម៉ូតូឌុប ព្រមទាំងបានណែនាំឲ្យពួកគាត់ជួយផ្សព្វផ្សាយបន្ត ជូនដល់ប្រជាពលរដ្ឋពេលធ្វើដំណើរ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃ។

លោកបានបន្តថា ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ ពិសេសសង្រ្កានបាត់ដំបងនាពេលខាងមុខ និងបានបិទស្ទីកឃ័រចំណាំងផ្លាតលើម៉ូតូ ម៉ូតូកង់បី និងបានចែកជូនសម្ភារចរាចរណ៍មួយចំនួនមានដូចជា៖
* សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក
* សៀវភៅ អ្វីដែលអ្នកបើកបទោចក្រយានយន្តត្រូវដឹង
* ឯកសារជំនួយស្មារតី ច្បាប់ចរាចរណ៍ផ្លូវគោក ប្រការសំខាន់ៗ ដែលអ្នកបើកបរត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ
* ឯកសារជំនួយស្មារតី ច្បាប់ចរាចរណ៍ផ្លូវគោក ប្រការសំខាន់ៗ ដែលអ្នកបើកបរត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវថ្នល់។

លោក ព្រួញ រិទ្ធថា បានអំពាវនាវដល់ប្រជាពលរដ្ឋសូមនាំគ្នាគោរពច្បាប់ចរាចរណ៍ ដូចជាគោរពខ្លួនឯង នាំមកនូវសុខសុវត្ថិភាព ពេលធ្វើដំណើរតាមដងផ្លូវ ដើម្បីកាត់បន្ថយអាត្រាស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ «នាំគ្នាគោរពច្បាប់ជាចំបង»