(ស្វាយរៀង)៖ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ឆ្លងកាត់រយៈពេលជាង៣០ឆ្នាំកន្លងទៅ រហូតបច្ចុប្បន្ននេះយើងមានធនធានមនុស្សគ្រប់គ្រាន់ទាំងក្នុងមជ្ឈដ្ឋាននិស្សិត បញ្ញវន្ត និងមន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់ ពិសេសយើងមានគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនជាច្រើន បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍធនធានមនុស្សដើម្បីចូលរួមដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេស។

ការថ្លែងលើកឡើងបែបនេះរបស់លោក ពេជ សោភ័ន ធ្វើឡើងក្នុងពិធីសម្ពោធអគាសិក្សា និងប្រគល់សញ្ញាបត្រដល់សិស្ស-និស្សិត វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត និងលោក លោកស្រី ជាប្រតិភូអមដំណើរ វិស័យឯកជន ម្ចាស់រោងចក្រសហគ្រាសសិស្ស និស្សិត នៃវិទ្យាស្ថាន និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានឲ្យដឹងថា ការរៀបចំកម្មវិធីថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកទឹកចិត្តដល់សិស្ស-និស្សិតជ័យលាភី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នាពេលនេះ និងដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលថ្មី នៃហេដ្ឋារចនាសម្ព័ន្ធវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។

លោក មុត ចិន្ដា បានបន្តថា បច្ចុប្បន្នវិទ្យាស្ថានមានផ្ទៃដីសរុបចំនូន ៧,០៩៥ម៉ែត្រការ៉េ មានអគារសរុបចំនួន៥អគារ ដែលបែងចែកជាអគារសិក្សា ២អគារ អគាររោងជាង១អគារ អគារអន្តេវាសិកដ្ឋាន១អគារ អគាររដ្ឋបាល១អគារ និងមានរោងជាងជួសជុលរថយន្តចំនួន១ ហើយសមិទ្ធិផលថ្មី ដាក់ឱ្យដំណើរការថ្ងៃនេះមានចំនួន ៣អគារ អគាររោងជាង និងជួសជុលអគាររដ្ឋបាល។

ចំពោះស្ថិតិសិក្ខាកាម សិស្ស និស្សិត ចំនួនសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតវិញ្ញាបនបត្រចាប់ពីឆ្នាំ២០១៤-២០២២ សរុបមានចំនួន៦,៥២១នាក់ ស្រីចំនួន៣១,៨២នាក់។ អត្រាមានការងារធ្វើ អត្រាសិស្ស និស្សិត មានការងារធ្វើ៩០ភាគរយ នៅវិស័យឯកជន និង១០ភាគរយ រៀនបន្ត ប្រកបការងារដោយខ្លួនឯង និងបម្រើការងារ ក្នុងវិស័យសាធារណៈ។

ជាមួយគ្នានេះ លោកបណ្ឌិត ពេជ សោភ័ន បានថ្លែងថា សមិទ្ធផលប្រកប ដោយផ្លែផ្កា ដែលយើងទទួលបាននាថ្ងៃនេះ គឺជាសក្ខីភាពថ្មី មួយទៀតដែលបញ្ជាក់ឲ្យឃើញនូវការយកចិត្ត ទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងនិងពង្រីកវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ក្នុងដំណាក់កាលថ្មីដែលយើងកំពុងធ្វើ សមាហរណកម្មទៅក្នុងតំបន់ និងសាកលភាវូបនីយកម្មពិភពលោក។

ទន្ទឹមនឹងនេះ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាចាត់ទុកថា ជាវិស័យអាទិភាពមួយផងដែរ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ និងប្រសិទ្ធភាពដូចចែងក្នុងយុទ្ធសាស្រ្តចតុកោណ។ លើសពីនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្តាល វិជ្ជាជិវៈ បាននិងកំពុងបន្តរៀបចំ និងដាក់ស្នើឱ្យអនុម័តលើផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញ ឆ្នាំ២០២២-២០៣៥ ដើម្បីពង្រឹងធនធានមនុស្សឱ្យមានជំនាញ និងសមត្ថភាពពិតប្រាកដ សម្រាប់បំពេញនូវតម្រូវការរបស់ វិស័យឯកជន ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ និងច្បាប់ស្តីពីការវិនិយោគឆ្នាំ២០២១។

លោកបណ្ឌិត ពេជ សោភ័ន បានអំពាវនាវដល់គណៈគ្រប់គ្រងបុគ្គលិក សាស្ត្រាចារ្យ នៃវិទ្យាស្ថានទាំងអស់ ឲ្យខិតខំប្រឹងប្រែងទ្វេរដងថែមទៀត ក្នុងការធ្វើឲ្យប្រសើរឡើងនូវគុណភាព ប្រសិទ្ធភាពអប់រំ ដើម្បីជាវិភាគទានដ៏ថ្លៃថ្លា ក្នុងការស្តារ និងការអភិវឌ្ឍធនធានមនុស្ស រួមទាំងការអភិវឌ្ឍ បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ដែលស្ថិតក្នុងកន្សោមអាទិភភាព នៃវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងជាស្នូលយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបានវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូទាំងអស់ នៃវិទ្យាស្ថាន ដែលបានខិតខំ និងបណ្តុះបណ្តាលនិស្សិត សរុបចំនួន២,១១៦នាក់ ឲ្យបានបញ្ចប់ការសិក្សាដោយជោគជ័យទាំងនាថ្ងៃនេះផងដែរ៕