(ភ្នំពេញ)៖ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមការងារចំពោះកិច្ចនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការចាប់ផ្តើមអនុវត្ត ការបញ្ចូលខ្លឹមសាររដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សា។

ក្រោមអនុស្សារណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ២០១៩ រវាងក្រុមប្រឹក្សាធម្មនុញ្ញា និងក្រសួងអប់រំ យុវជន និងកីឡា ភាគីទាំងពីរបានសម្រេចប្រកាសជាផ្លូវការ ចាប់ផ្តើមអនុវត្តបញ្ចូលខ្លឹមសាររដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

ខ្លឹមសាររដ្ឋធម្មនុញ្ញមាន ៤០មាត្រាត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាទាំង ៣កម្រិត ពោលចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។ នេះបើតាមលោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា។

អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានបន្តថា មាត្រាដែលបានបញ្ចូលក្នុងសៀវភៅទាំង ៣កម្រិត ទាំង៤០មាត្រា គឺមាត្រា១, មាត្រា៥, មាត្រា៦, មាត្រា៧, មាត្រា៨, មាត្រា៣១, មាត្រា៣៤, មាត្រា៣៥, មាត្រា៣៦, មាត្រា៣៨, មាត្រា៤១, មាត្រា៤២, មាត្រា៤៣, មាត្រា៤៥, មាត្រា៤៧, មាត្រា៤៨, មាត្រា៤៩, មាត្រា៥០, មាត្រា៥១, មាត្រា៦៤, មាត្រា៦៦, មាត្រា៦៨, មាត្រា៦៩, មាត្រា៧០, មាត្រា៧៤, មាត្រា៧៦, មាត្រា៩០, មាត្រា៩៩, មាត្រា១១២, មាត្រា១១៣, មាត្រា១១៨, មាត្រា១១៩, មាត្រា១២៣, មាត្រា១៣៣, មាត្រា១៣៦, មាត្រា១៣៧, មាត្រា១៤៥, មាត្រា១៤៦, មាត្រា១៥០, មាត្រា១៥១។

MoU បានកើតឡើងក្រោយក្រុមប្រឹក្សាធម្មនុញ្ញ ជួបជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីពិភាក្សាលម្អិតលើនីតិវិធីមួយចំនួន ក្នុងការដាក់បញ្ចូលខ្លឹមសារសំខាន់ៗរបស់រដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីអប់រំ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។ ក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំខ្លឹមសារគោល និងខ្លឹមសារមេរៀន ដែលពាក់ព័ន្ធនឹងបទបញ្ញត្តិគ្រឹះរដ្ឋធម្មនុញ្ញ ដែលត្រូវដាក់ក្នុងកម្មវិធីសិក្សាទាំងបីកម្រិត រីឯក្រសួងអប់រំជាអ្នករៀបរៀង និងបោះពុម្ភផ្សាយខ្លឹមសារគោល និងខ្លឹមសារមេរៀនដែលពាក់ព័ន្ធ៕