(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ស្តីពីកិច្ចការងារថ្កោលទោស ដែលអានដោយលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា នៅឆ្នាំ២០២២ ក្រសួងយុត្តិធម៌ បានបញ្ចូលឈ្មោះទណ្ឌិត ទៅក្នុងសលកបត្រផ្តន្ទាទោស នៃបញ្ជីថ្កោលទោស តាមប្រព័ន្ធព័ត៌មានវិទ្យា បានចំនួន ១១៧៩១នាក់។

ក្រសួងយុត្តិធម៌ បានបើកសន្និបាតបូកសរុបការងារយុត្តិធម៌ឆ្នាំ២០២២ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារហ្គាឌិន ស៉ីធី ក្រោមអធិបតីភាព លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

របាយការណ៍របស់លោក គឹម សន្តិភាព បានឲ្យដឹងទៀតថា ក្រសួងយុត្តិធម៌ បានបញ្ចូលទិន្នន័យសាលក្រម-សាលដីកាព្រហ្មទណ្ឌស្ថាពរ ទៅក្នុងប្រព័ន្ធព័ត៌មានវិទ្យា ចំនួន ១១៥៥ច្បាប់។ លោកបន្តថា ក្រសួងយុត្តិធម៌ ក៏បានទទួលពាក្យសុំលិខិតថ្កោលទោស ចំនួន ៥៨១៨៦នាក់។

បើតាមអ្នកនាំពាក្យដដែល ក្រសួងយុត្តិធម៌ ក៏បានចេញព្រឹត្តបត្រថ្កោលទោស តាមសំណើចំនួន ៥៦៦០៩នាក់ និងបានរៀបចំប្រព័ន្ធផ្តល់សេវាថ្កោលទោស តាមបែបឌីជីថលផងដែរ៕