(ភ្នំពេញ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកវិនិយោគ ដែលចង់រកស៊ីក្នុងវិស័យរ៉ែ សូមកុំឲ្យចាញ់បោកអ្នកគួកជេដី ដែលអះអាងថា ដីខ្លួនដែលលក់នោះមានរ៉ែ។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គីម រិទ្ធី អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តព្រះវិហារ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ។

លោក គីម រិទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវជូនប្រជាពលរដ្ឋ ជាពិសេសជូនអ្នកវិនិយោគអាជីវករ ដែលចង់រកស៊ីរ៉ែ កុំឲ្យចាញ់បោកអ្នកគួកជេដី (អ្នករកស៊ីដី) អ្នកខ្លះមានដី១ហិកតា ២ហិកតា មានដី១០ហិកតា ទៅប្រាប់គេថា ដីគាត់សុទ្ធតែរ៉ែ»

បន្ថែមពីនោះទៀត​ អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា អ្នកខ្លះចាញ់បោកគេទៅទិញដី ដែលអ្នករកស៊ីដី ប្រាប់ថា ដីនៅកន្លែងនេះមានរ៉ែ និងដីនៅកន្លែងនោះមានរ៉ែ ហើយសង្ឃឹមថា ជីកទៅមានរ៉ែ ប៉ុន្ដែនៅពេលដែលជីកទៅ អត់មានរ៉ែនោះទេ គឺសុទ្ធតែថ្ម។

ទន្ទឹមគ្នានេះ លោក គីម រិទ្ធី សូមលើកទឹកចិត្តឲ្យអ្នកវិនិយោគ ដែលមានចំណង់ចំណូលចិត្ត ក្នុងវិស័យរ៉ែនេះ សូមសិក្សាផ្នែកបច្ចេកទេសឲ្យបានច្បាស់លាស់ និងសិក្សាអំពីសក្ដានុពលរ៉ែ ឲ្យបានច្បាស់លាស់ មុននឹងដាក់ទុនវិនិយោគ ជៀសវាងកុំឲ្យចាញ់បោកអ្នករកស៊ីដី។

សូមបញ្ជាក់ថា ក្រុមហ៊ុន ដែលកំពុងធ្វើអាជីវកម្មរ៉ែ និងសិក្សាស្រាវជ្រាវធនធានរ៉ែ នៅខេត្តព្រះវិហារ រួមមាន៖

* អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ មានចំនួន៣ក្រុមហ៊ុន
* អាជ្ញាបណ្ណសិក្សាស្រាវជ្រាវធនធានរ៉ែ មានចំនួន៩ក្រុមហ៊ុន
* អាជ្ញាបណ្ណអណ្តូងរ៉ែ បើកនិងការដ្ឋានវាយថ្ម មានចំនួន១០ក្រុមហ៊ុន។

បើតាមលោក គឹម រិទ្ធី, ខេត្តព្រះវិហារ ជាខេត្តមួយដែលសំបូរទៅដោយធនធានរ៉ែ ក្នុងនោះមានទាំងរ៉ែដេក, រ៉ែស្ពាន់, រ៉ែមាស, រ៉ែប្រេងកាត និងរ៉ែលោហៈជាដើម ដែលគ្របដណ្ដប់នៅស្ទើរទូទាំងខេត្តតែម្ដង៕